ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពេលវេលា​នៃ​លទ្ធភាព​វាយ​ប្រហារ​អាមេរិក​ដោយ​ក្រុម​រដ្ឋ​អ៊ីស្លាម និង​អាល់កៃដា​កាន់តែ​ជិត​មកដល់


មនុស្សម្នា មើល​ការខូចខាត​ខាង​ក្នុង​វិហារ​អ៊ីស្លាម​មួយ បន្ទាប់ពី​ការបំផ្ទុះ​គ្រាប់បែក​នៅ​ក្នុង​ខេត្ត Kunduz ភាគខាងជើង​ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១។
មនុស្សម្នា មើល​ការខូចខាត​ខាង​ក្នុង​វិហារ​អ៊ីស្លាម​មួយ បន្ទាប់ពី​ការបំផ្ទុះ​គ្រាប់បែក​នៅ​ក្នុង​ខេត្ត Kunduz ភាគខាងជើង​ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១។

ពេល​វេលា​ដែល​សម្ព័ន្ធ​ភេរវករ​រដ្ឋអ៊ីស្លាម​អាហ្វហ្គានីស្ថាន​និង​អាល់កៃដា​ អាច​ត្រៀម​ខ្លួន​រួចជា​ស្រេច​សម្រាប់​ការ​វាយ​ប្រហារ​សហ​រដ្ឋ​អាមេរិក ​និង​លោក​ខាងលិច ​គឺ​កាន់​តែ​ឆាប់ជាង​ការ​រំពឹង​ទុក​ពីមុន​ បន្ទាប់ពី​សហ​រដ្ឋ​អាមេរិក ​ដក​ខ្លួន​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន។​

មន្ត្រី​ជាន់ខ្ពស់​បំផុត​ទីបី​របស់​ក្រសួង​ការពារជាតិ​ស.រ.អ. ​បាន​ប្រាប់​សមាជិក​សភា​កាលពី​ថ្ងៃ​អង្គារ​ថា ​ការ​ស៊ើប​ការណ៍​សម្ងាត់​ចុងក្រោយ​បំផុត​បង្ហាញ​ថា​ ពួក​រដ្ឋ​អ៊ីស្លាម​ខេត្ត​ Khorasan ​ហៅកាត់​ថា​ ISIS-K​ កំពុង​មាន​សន្ទុះ​លឿន​ជាងមុន​ដើម្បី​ធ្វើ​ប្រតិបត្តិការ​វាយ​ប្រហារ​នៅ​បរទេស​ឡើង​វិញ ​ហើយ​លទ្ធភាព​វាយ​ប្រហារ​របស់​ក្រុម​ភេរវកម្ម​អាល់កៃដា​ ក៏​មិន​យូរ​ប៉ុន្មាន​ដែរ។​

ពេល​ផ្តល់​សក្ខីកម្ម​នៅ​គណៈកម្មាធិការ​កិច្ចការ​ការពារ​ជាតិនៃ​ព្រឹទ្ធសភា​ស.រ.អ.​ ​លោក ​Colin Kahl រដ្ឋ​លេខាធិការ​ក្រសួង​ការពារជាតិ​ទទួល​បន្ទុក​គោល​នយោបាយ​ ​បាន​និយាយ​ថា ​«ទាំង​ក្រុម​អាល់កៃដា ​និង​ក្រុម​ ISIS-K ​មាន​ចេតនា​ធ្វើ​ប្រតិបត្តិការ​នៅ​បរទេស។ ​ យើង​អាច​នឹង​ឃើញ​ថា​ ក្រុម​ភេរវករ ​ISIS-K​ មាន​សមត្ថភាព​បែប​នេះ​នៅ​កន្លែង​ណាមួយ​ក្នុងពេល​ពី ​៦ខែ ​ទៅ ១២ ខែ ។ ​ក្រុម​អាល់កៃដា ​នឹង​មាន​លទ្ធភាព​ធ្វើ​បែបនេះ​ឡើងវិញ​ក្នុង​ពេល​មួយ​ឆ្នាំ ​ឬ​ពីរឆ្នាំ»។​

ការបារម្ភ​ខ្លាចក្រុម​ភេរវករ​ទទួល​បាន​កម្លាំង​នៅក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​បន្ទាប់ពី​ការ​ចាក​ចេញ​របស់​សហ​រដ្ឋ​អាមេរិក​ និង​កង​ទ័ពចម្រុះ​នោះ ​មិនមែន​ជារឿង​ថ្មី​ទេ។ ​មន្ត្រី​អាមេរិក​ និង​មន្ត្រី​លោក​ខាង​លិច ​បាន​ព្រមាន​ជាច្រើន​ខែ​មកហើយ​ថា ​ក្រុម​ភេរវករ​ទាំងពីរ​នេះ ​បាន​ត្រៀមខ្លួន​ដើម្បី​កេងយក​ប្រយោជន៍​ពី​អវត្តមាន​នៃ​កងទ័ព​របស់​សហ​រដ្ឋ​អាមេរិក​នៅ​ប្រទេស​អាហ្វហ្គានិស្ថាន។​

ក្រុម​មន្ត្រី ​និង​អ្នក​វិភាគ​នានា​បាន​ព្រមាន​ថា​ ជាពិសេស​ក្រុម​រដ្ឋអ៊ីស្លាម​ខេត្ត​Khorasan​ បាន​ពង្រឹង​បណ្តាញ​សម្ងាត់​របស់ខ្លួន​រួច​ហើយ​នៅក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ និង​ប្រទេស​ជុំវិញ​នោះ​ក្នុង​ពេល​ប៉ុន្មាន​ខែ​ មុន​ការ​ដកកងទ័ព​សហ​រដ្ឋ​អាមេរិក៕

XS
SM
MD
LG