គេឃើញមានភ័ស្តុតាងប្រទាំងប្រទើសជាច្រើនដែលថា ប្រទេសអាហ្វហ្គានីស្ថានកំពុងក្លាយយ៉ាងលឿនទៅជាកន្លែងសម្រាប់សកម្មភាពភេរវកម្ម ដោយក្រុមអាល់កៃដា (al-Qaida) និងសាខាក្រុមភេរវកម្មជ្រុលនិយមរដ្ឋឥស្លាម (Islamic State) នៅអាហ្វហ្គានីស្ថាន បានរីកឡើងយ៉ាងខ្លាំងទាំងចំនួននិងសមត្ថភាព ដោយគ្មានវត្តមានកងទ័ពអាមេរិកនិងកងទ័ពបស្ចិមប្រទេសនៅទីនោះ។
ការវាយតម្លៃដ៏គួរឱ្យខ្លាចនេះ ដែលត្រូវបានចែកផ្សាយនៅក្នុងរបាយការណ៍អង្គការសហប្រជាជាតិដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះផ្អែកលើព័ត៌មានស៊ើបការណ៍សម្ងាត់របស់ប្រទេសជាសមាជិក បានសន្និដ្ឋានថា ក្រុមភេរវកម្មទាំងនេះ «មានសេរីភាពធំជាងមុនក្នុងការធ្វើប្រតិបត្តិការ» នៅក្រោមការដឹកនាំរបស់ក្រុមតាលីបង់ និងកំពុង «ទាញប្រយោជន៍ពីនេះ»។
របាយការណ៍របស់ក្រុមតាមដានការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិនេះបានព្រមានថា ក្រុមអាល់កៃដានិងក្រុមតាលីបង់នៅរក្សាទំនាក់ទំនងទៅវិញទៅមក «ដោយក្រុមអាល់កៃដាយល់ថាប្រទេសអាហ្វហ្គានីស្ថាន ដែលដឹកនាំដោយក្រុមតាលីបង់គឺជាជម្រកដែលមានសុវត្ថិភាព»។
ផ្ទុយពីនេះ របាយការណ៍នេះបានរកឃើញថា ក្រុមជ្រុលនិយមរដ្ឋឥស្លាមខេត្ត Khorasan ដែលគេស្គាល់ផងដែរថា ក្រុម IS-Khorasan ឬក្រុម ISIS-K បានទាញប្រយោជន៍ពីភាពអសមត្ថភាពរបស់ក្រុមតាលីបង់នៅក្នុងការគ្រប់គ្រងលើតំបន់ដាច់ស្រយាលនិងពីការមិនពេញចិត្តលើការដឹកនាំរបស់ក្រុមតាលីបង់។
ក្រុមអាល់កៃដា ដែលគេបានវាយតម្លៃថាមានសមាជិកតែរាប់សិបនាក់ប៉ុណ្ណោះនៅក្នុងប្រទេសអាហ្វហ្គានីស្ថានកាលពីមួយឆ្នាំមុន ឥឡូវនេះត្រូវគេជឿថាមានមន្ត្រីជាន់ខ្ពស់ពី ៣០ ទៅ ៦០ នាក់នៅខាងក្រៅប្រទេសអាហ្វហ្គានីស្ថាន ក៏ដូចជាយុទ្ធជន ៤០០ នាក់បន្ថែម សមាជិកគ្រួសារចំនួន ១.៦០០ នាក់ និងជំរំហ្វឹកហាត់ថ្មីមួយចំនួនទៀត។
បើយោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ ក្រុម IS-Khorasan បានកើនសមាជិករហូតដល់ចំនួនចន្លោះពី ៤.០០០ ទៅ ៦.០០០ នាក់ ដោយមានបន្ទាយឬក៏ជំរំនៅក្នុងខេត្តយ៉ាងតិច ១៣ និងមានបណ្ដាញក្រុមលាក់ខ្លួនដែលអាចទៅដល់ទីក្រុងកាប៊ុលនិងកន្លែងផ្សេងៗទៀតបាន។
ប៉ុន្តែ ជាការដែលអាចគួរឱ្យភ្ញាក់ផ្អើលដូចការប៉ាន់ប្រមាណនៅក្នុងរបាយការណ៍របស់អង្គការសហប្រជាជាតិនេះដែរ មន្ត្រីសហរដ្ឋអាមេរិកជាច្រើនរូបបានប្រាប់ VOA ថា ពួកគេមិនឃើញមានភ័ស្តុតាងណាមួយគាំទ្រដល់ការរកឃើញទាំងនេះនោះទេ៕