តំណាងសហព័ន្ធសហជីពវិស័យទេសចរណ៍ និងកសិកម្ម រួមទាំងកម្មករជាសមាជិកប្រមាណ១០០នាក់ បានប្រគល់ញត្តិរួមគ្នានៅថ្ងៃចន្ទនេះទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីស្នើសុំកំណត់ប្រាក់ឈ្នួលអប្បបរមាចំនួន៣០០ដុល្លារអាមេរិក ក្នុងមួយខែ។
តំណាងសហជីពនិងក្រុមកម្មករបានលើកឡើងថា ប្រាក់ខែរបស់ពួកគេសព្វថ្ងៃមិនអាចឆ្លើយតបទៅនឹងតម្រូវការជីវភាពប្រចាំថ្ងៃបានទេ។
លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា លើកឡើងថា ការដាក់ញត្តិរបស់សហជីពនៅថ្ងៃនេះ ធ្វើឡើងដោយសារកម្មករក្នុងវិស័យទេសចរណ៍ប្រឈមនឹងបញ្ហាខ្វះខាតក្នុងជីវភាព ព្រមទាំងការកេងប្រវ័ញ្ចពលកម្ម ដោយសារមិនមានប្រាក់ឈ្នួលគោល។
ចំណែកលោក ហេង ជឿន ប្រធានសហព័ន្ធសហជីពកម្មករវិស័យកសិកម្ម លើកឡើងថា និយោជកជួលកម្មករដោយប្រើកិច្ចសន្យារយៈពេលខ្លី។ ដូច្នេះលោកបញ្ជាក់ថា កម្មករដែលកំពុងធ្វើការក្នុងវិស័យកសិកម្ម តែងរងការរំលោភសិទ្ធិការងារ និងការធ្វើការងារនៅទីកន្លែងគ្រោះថ្នាក់ តែទទួលបានប្រាក់ចំណូលតិច។
«គាត់ទៅធ្វើការមួយថ្ងៃហ្នឹងគាត់បានប្រាក់ឈ្នួល ប៉ុន្តែបើគាត់ឈឺ គឺអត់បានទៅទេ គឺអត់បានប្រាក់ឈ្នួលទេ។ ហើយមួយទៀត បើនិយោជកគាត់ចង់បញ្ឈប់ គឺគាត់បញ្ឈប់តាមអំពើចិត្ត ហើយមិនបានទូទាត់អ្វីទាំងអស់។ ហើយនិងលុយអតីតភាពការងារ លុយអត្ថប្រយោជន៍ផ្សេងៗ លុយសន្តិសុខសង្គមអីគឺអត់ទទួលបានទាំងអស់»។
ក្រុមកម្មករក្នុងវិស័យទេសចរណ៍និងសេវាកម្មបានស្នើសុំឲ្យក្រសួងការងារកំណត់ប្រាក់ឈ្នួលតិចបំផុតចំនួន៣០០ដុល្លារក្នុងមួយខែ និងកំណត់ប្រាក់ធានានុគ្រោះ ឬថ្លៃសេវាឲ្យបាន១០ភាគរយ។
ចំណែកក្រុមកម្មករផ្នែកកសិកម្មស្នើកំណត់ប្រាក់ឈ្នួលគោលឲ្យបាន៣០០ដុល្លារអាមេរិកក្នុងមួយខែដូចគ្នា និងបានស្នើសុំកែប្រែលក្ខខណ្ឌការងារ រៀបចំប្រព័ន្ធសុខភាព និងសុវត្ថិភាពរួមទាំងធ្វើវិសោធនកម្មច្បាប់នានាពាក់ព័ន្ធនឹងកិច្ចសន្យាការងារ និងសេរីភាពសហជីពជូនកម្មករនិយោជិត។
អ្នកស្រី ភួង វិជ្ជនី អ្នកធ្វើការផ្នែកចុងភៅនៅសណ្ឋាគារមួយឯខេត្តសៀមរាប ឲ្យដឹងថា អ្នកស្រីទទួលប្រាក់ខែបានត្រឹមតែជាង១០០ដុល្លារក្នុងមួយខែតែប៉ុណ្ណោះ។ ហើយប្រាក់ខែនេះមិនអាចឆ្លើយតបទៅនឹងតម្លៃទំនិញនៅលើទីផ្សារបានទេ។
«១០០ដុល្លារសម្រាប់យើងគឺចាយអត់គ្រប់ទេ ព្រោះអីយើងមើលទៅខាងម្ហូបអាហារ ចំណីអាហារ ហើយនិងវិស័យអីៗវាឡើងថ្លៃទាំងអស់។ អញ្ចឹងបានយើងទាមទារលុយខែ៣០០ដុល្លារ លុយខែគោល និង Service Charge (គិតថ្លៃសេវា) ១០ភាគរយហ្នឹង»។
នេះជាលើកទីមួយហើយដែលក្រុមកម្មករធ្វើការក្នុងវិស័យទេសចរណ៍ និងកសិកម្ម ដាក់ញត្តិទាមទារឲ្យមានការកំណត់ប្រាក់ឈ្នួលគោល និងអត្ថប្រយោជន៍ក្នុងសកម្មភាពការងាររបស់ពួកគេ។
ខណៈក្រុមសហជីព និងកម្មករថ្លែងសារអំពីមូលហេតុនៃការដាក់ញត្តិស្នើឲ្យមានការកំណត់ប្រាក់ឈ្នួលអប្បបរមានេះ គេឃើញក្រុមមន្រ្តីក្រសួងការងារបានចេញមកទទួលយកញត្តិពីសហជីព និងកម្មករ។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រាប់ VOA ថា ក្រសួងនឹងសម្របសម្រួលតាមបែបត្រីភាគីដើម្បីឆ្លើយតបទៅនឹងសំណើរបស់សហជីព និងកម្មករនេះ។
«ក្រសួងនឹងយកសំណើទាំងអស់នេះទៅជូនភាគីពាក់ព័ន្ធដើម្បីធ្វើការពិចារណា ហើយក៏នឹងស្នើសុំជំនួយបច្ចេកទេសពីដៃគូពាក់ព័ន្ធ ដើម្បីពិនិត្យមើលថា តើយើងនឹងមានយន្តការយ៉ាងដូចម្តេច ហើយវាមានផលប៉ះពាល់យ៉ាងដូចម្តេចនៅក្នុងការកែសម្រួលបទដ្ឋានណាមួយ»។
កាលពីខែតុលា ឆ្នាំ២០១៨ ក្រសួងការងារបានចេញប្រកាសកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតវិស័យវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៩ ចំនួន១៧៧ដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែ។ រដ្ឋាភិបាលក៏បានសម្រេចចំណាយថវិកាជាតិចំនួនប្រាំដុល្លារ ដើម្បីបន្ថែមលើប្រាក់ខែគោលរបស់ក្រុមកម្មករ ដែលធ្វើឲ្យប្រាក់ខែគោលរបស់ពួកគេកើនដល់១៨២ដុល្លារអាមេរិក។
លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជាលើកឡើងថា សំណើរបស់កម្មករផ្នែកសណ្ឋាគារ សេវាកម្ម និងផ្នែកកសិកម្មអាចនឹងត្រូវបានដោះស្រាយ ប្រសិនបើរដ្ឋាភិបាលមានឆន្ទៈ៕