ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្ម​ជន​សិទ្ធិ​ស្ត្រី​ត្រូវ​បាន​ដោះ​លែង​នៅ​ក្រៅ​ឃុំ


រូបភាព​របស់ សកម្មជន Li Tingting សកម្មជន Wei Tingting សកម្មជន Wang Man សកម្មជន Wu Rongrong និង​សកម្មជន Zheng ChuraN ត្រូវ​បាន​គេ​បង្ហាញ​ក្នុង​ការ​តវ៉ា​ដើម្បី​ឲ្យ​មាន​ការ​ដោះ​លែង​ពួកគេ ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៥។
រូបភាព​របស់ សកម្មជន Li Tingting សកម្មជន Wei Tingting សកម្មជន Wang Man សកម្មជន Wu Rongrong និង​សកម្មជន Zheng ChuraN ត្រូវ​បាន​គេ​បង្ហាញ​ក្នុង​ការ​តវ៉ា​ដើម្បី​ឲ្យ​មាន​ការ​ដោះ​លែង​ពួកគេ ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៥។

នៅ​ប្រទេស​ចិន សកម្មជន​សិទ្ធិ​ស្រ្តី​ចំនួន​៥នាក់​ត្រូវ​បាន​ដោះ​លែង ក្រោយ​ពី​បាន​ជាប់​ឃុំ​ខ្លួន​អស់​រយៈពេល​មួយ​ខែ។

ប៉ូលិស​បាន​ដោះ​លែង​ស្ត្រី​សកម្មជន​ចំនួន​៥នាក់​ពី​មន្ទីរ​ឃុំ​ឃាំង​កាល​ពី​ថ្ងៃ​ច័ន្ទ​នេះ ក្រោយ​ពេល​ដែល​រាជ​អាជ្ញា​សម្រេច​ប្រកាស​មិន​ចោទ​ប្រកាន់​ទោស​លើ​ស្ត្រី​ទាំង​នេះ​ភ្លាមៗ។ កាល​ពី​សប្តាហ៍​មុន ប៉ូលិស​បាន​ស្នើ​ឲ្យ​រាជ​អាជ្ញា​ចោទ​ប្រកាន់​សកម្ម​ជន Li Tingting សកម្មជន Wu Rongrong សកម្មជន Zheng Churan សកម្មជន Wei Tingting និង សកម្មជន Wang Man ពី​បទ​រំខាន​សណ្តាប់​ធ្នាប់​សាធារណៈ។ លោក​ស្រី Sophie Richardson គឺ​ជា​នាយក​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស (Human Rights Watch) ប្រចាំ​នៅ​ចិន។

លោក​ស្រី​ថ្លែង​ថា «អនាគត​របស់​ស្ត្រី​ទាំង​នេះ​មិន​មាន​ភាព​ប្រាកដ​ប្រជា​ទេ។ តាម​ផ្លូវ​ច្បាប់ ពួក​គេ​អាច​នឹង​ទទួល​ការ​ចោទ​ប្រកាន់​ទោស​ដដែល ហើយ​សិទ្ធិ​របស់​គេ​អាច​នឹង​ត្រូវ​បាន​រឹត​ត្បិត។ ហើយ​យើង​មិន​ដឹង​ច្បាស់​ថា រដ្ឋ​អាជ្ញា​នឹង​គ្រោង​ធ្វើ​យ៉ាង​ដូច​ម្តេច​ចំពោះ​រឿង​ក្តី​នេះ​ទេ»។

ស្រ្តី​សកម្មជន​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​អំឡុង​ពេល​ដែល​ក្រុម​ប៉ូលិស​បាន​ចាប់​ផ្តើម​បង្រ្កាប​ភាព​សកម្ម​និយម​ជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​ថ្ងៃ​ទី៦ ខែ​មីនា នៅ​ទីក្រុង Hangzhou និង Guangzhou។ ស្ត្រី​ទាំង​នេះ​បាន​គ្រោង​ធ្វើ​យុទ្ធនាការ​ជាតិ​មួយ​ប្រឆាំង​នឹង​ការ​បៀត​បៀន​ផ្លូវ​ភេទ ហើយ​បាន​ចែក​ចាយ​ខិតបណ្ណ និង​តែម​តាម​យាន្ត​ជំនិះ​សាធារណៈ​នៅ​ថ្ងៃ​សិទ្ធិ​នារី​អន្តរជាតិ។

ដំបូង​ក្រុម​ប៉ូលិស​បាន​ស៊ើប​អង្កេត​ស្ត្រី​ទាំង​នេះ​អំពី «‍ការ​បង្ក​ជម្លោះ និង​បង្ក​ភាព​ចលាចល»។ ក្រោយ​មក​ទៀត ប៉ូលិស​បាន​អះអាង​ថា ស្ត្រី​សកម្មជន​ទាំង​នេះ​គួរ​តែ​ត្រូវ​បាន​ចោទ​ប្រកាស​ទោស​អំពី​បទ​រំខាន​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ ដែល​អាច​ជាប់​ពន្ធនាគារ​រយៈពេល​៥ឆ្នាំ។

លោក​ស្រី Richardson ថា៖ «‍ខ្ញុំ​យល់​ថា ក្រុម​អាជ្ញាធរ​កំពុង​ព្យាយាម​បង្កើត​ភាព​មិន​ប្រាកដ​ប្រជា និង​ភាព​ស្រពិច​ស្រពិល​ជុំវិញ​អាកប្បកិរិយា​សមរម្យ និង​មិន​សមរម្យ។ ការ​ដែល​ស្ត្រី​ទាំង​នេះ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ ដោយ​មិន​មាន​លក្ខខ័ណ្ឌ​ច្បាស់​លាស់ និង​ការ​ដែល​មាន​ភាព​មិន​ច្បាស់​លាស់​អំពី​អាកប្បកិរិយា​សមរម្យ​នេះ​បង្ក​ឲ្យ​មាន​ភាព​មិន​ច្បាស់​លាស់។ ច្បាស់​ណាស់ ស្ត្រី​សកម្មជន​ទាំង​នេះ​អាច​នឹង​ជាប់​ឃុំ​ម្តង​ទៀត»។

គណបក្ស​កុម្មុយនិស្ត​បាន​គាំ​ទ្រ​សមភាព​សម្រាប់​ស្ត្រី។ លោក Mao Zedong បាន​ថ្លែង​ថា ស្ត្រី​អាច​ធ្វើ​ឲ្យ​មេឃ​ផ្អៀង​មួយ​ចំហៀង​បាន ហើយ​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​លោក ប្រទេស​ចិន​បាន​ចាប់​យក​គោល​នយោបាយ ដែល​ជម្រុញ​ឲ្យ​មាន​សមភាព​ដល់​ស្ត្រី​នៅ​ក្នុង​សង្គម​ចិន។ សកម្មជន​ស្ត្រី​ដែល​ត្រូវ​បាន​ដោះ​លែង​កាល​ពី​សប្តាហ៍​នេះ​បាន​ធ្វើ​យុទ្ធនាការ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​គ្មាន​ការ​ជ្រៀត​ជ្រែក​ពី​អាជ្ញាធរ​ចិន​ទេ។

កាល​ពី​ឆ្នាំ២០១២ ស្ត្រី​ចំនួន​៥នាក់​បាន​ឈរ​តាម​បន្ទប់​ទឹក​បុរស​ដើម្បី​ទាម​ទារ​ឲ្យ​មាន​ការ​ផ្តល់​សេវាកម្ម​ឲ្យ​មាន​សមភាព​ដល់​ស្ត្រី​ដែរ។ កាល​ពី​មុន មាន​ស្ត្រី​ខ្លះ​បាន​ធ្វើ​យុទ្ធនាការ​មួយ​ដែល​មាន​ឈ្មោះ​ថា «‍កូន​ក្រមុំ​ប្រឡាក់​ឈាម» ឬ (Bloodstained Bride) ដែល​ពួក​គេ​បាន​ប្រើ​រូប​អាពាហ៍ពិពាហ៍​ប្រឡាក់​ពណ៌​ក្រហម ដើម្បី​បង្ហាញ​ពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ។

លោក​ស្រី Richardson ថា៖ «‍មន្ត្រី​រដ្ឋាភិបាល​បាន​លើក​ឡើង​ជា​សាធារណៈអំពី​បញ្ហា​ការ​បៀត​បៀន​ផ្លូវ​ភេទ​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ ហើយ​ក៏​បាន​ឃើញ​ថា ការ​ប្រព្រឹត្តិ​បែប​នេះ​មក​លើ​ស្ត្រី​សកម្មជន​ដែល​បាន​ធ្វើ​យុទ្ធនាការ​ផ្សេងៗ​មិន​ធ្លាប់​បាន​កើត​ឡើង​ទេ។ ខ្ញុំ​យល់​ថា វា​បង្ហាញ​ឲ្យ​ឃើញ​ថា រដ្ឋាភិបាល​ចិន​រំលោភ​បំពាន​ការ​បញ្ចេញ​មតិ​ដោយ​ឯករាជ្យ​បែប​នេះ»។

ក្រុម​ប៉ូលិស​នឹង​តាម​ដាន​ស្ត្រី​សកម្មជន​ទាំង​៥នាក់​នេះ​រយៈពេល​មួយ​ឆ្នាំ ហើយ​ស្ត្រី​ទាំង​នេះ​ត្រូវ​បាន​តម្រូវ​ឲ្យ​រាយការណ៍​ដល់​អាជ្ញាធរ​រាល់​គម្រោង​ធ្វើ​ដំណើរ​របស់​ពួក​គេ។ មេធាវី​របស់​ស្ត្រី​សកម្មជន​ទាំង​នេះ​ឲ្យ​ដឹង​ថា ស្ត្រី​សកម្មជន​ទាំង​នេះ​មាន​សេរីភាព​តែ​ពេល​បច្ចុប្បន្ន​នេះ​ទេ ហើយ​ពួក​គេ​អាច​នឹង​ជាប់​ឃុំ​ខ្លួន​នៅ​ពេល​ខាង​មុខ​ទៀត៕

ប្រែ​សម្រួល​ដោយ ទែន សុខស្រីនិត

XS
SM
MD
LG