ទីភ្នាក់ងារព័ត៌មាន AFP រាយការណ៍ថា មនុស្សប្រមាណ៦០.០០០នាក់ បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ខ្លួនជិតទីក្រុង Los Angeles កាលពីថ្ងៃចន្ទ ដោយសារតែការរីករាលដាលនៃភ្លើងឆេះព្រៃ ដែលកើតមានឡើងលើផ្ទៃដីព្រៃប្រមាណជាង៣.០០០ហិកតា បានធ្វើឲ្យរាំងស្ទះផ្លូវសំខាន់ៗ និងធ្វើឲ្យអ្នកពន្លត់អគ្គីភ័យ ២នាក់ ទទួលរងរបួសធ្ងន់ផងដែរ។
ភ្លើងឆេះព្រៃដែលមានឈ្មោះថា Silverado បានផ្ទុះឡើងនៅពេលព្រឹកព្រហាម នៅជើងភ្នំជិតក្រុង Irvine ចម្ងាយប្រមាណ៦០គីឡូវម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុង Los Angeles ហើយបានរីករាលដាលយ៉ាងឆាប់រហ័សដោយមិនអាចទប់ទល់បាន ដោយសារអាកាសធាតុស្ងួត មានខ្យល់បក់ ដែលបានរារាំងដល់យន្តហោះពន្លត់អគ្គិភ័យដែលបានព្យាយាមបាញ់ទឹកពន្លត់ពីលើអាកាសផងនោះ។
ក្រុមគ្រួសារនៅផ្ទះប្រមាណ២០.០០០ខ្នងត្រូវជម្លៀស រួមជាមួយសាលារៀនរបស់រដ្ឋជាច្រើនកន្លែងផងដែរនោះ ត្រូវបានគេបញ្ជាឲ្យបិទទ្វារនៅថ្ងៃអង្គារ។
ការិយាល័យឧតុនិយមជាតិព្រមានថា កត្តារួមផ្សំគ្នានៃអាកាសធាតុដែលមានសំណើមតិច ផ្ទៃព្រៃមានលក្ខណៈស្ងួតហួតហែង រួមជាមួយខ្សល់បក់ខ្លាំងផងនោះ បានបង្កើតនូវលក្ខខណ្ឌអាកាសធាតុមួយដែលមានលក្ខណៈគ្រោះថ្នាក់បំផុតក្នុងឆ្នាំនេះ។ ស្ថាប័ននេះលើកឡើងថា តំបន់ដែលមានភ្លើងឆេះនេះ ស្ថិតក្នុងកម្រិតនៃការព្រមានពីគ្រោះថ្នាក់ខ្ពស់ នៃភ្លើងឆេះព្រៃរហូតដល់យប់ថ្ងៃអង្គារ។
ផ្ទៃព្រៃប្រមាណ១,៦លានហិកតា ត្រូវបានបំផ្លាញដោយភ្លើងឆេះព្រៃក្នុងរដូវកាលនេះក្នុងរដ្ឋ California និងបានឆក់យកជីវិតមនុស្សអស់៣១នាក់ហើយរហូតមកដល់ពេលនេះ ដែលនេះជាគ្រោះភ្លើងឆេះព្រៃដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្រ្តរបស់រដ្ឋនេះ៕