អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជាបានសម្ពោធដាក់ឱ្យប្រើប្រាស់វិទ្យុអនឡាញ-ផតខាស-និងគេហទំព័រសម្រាប់កម្មវិធីព័ត៌មានរបស់ខ្លួន ដើម្បីពង្រីកនូវវិសាលភាពឱ្យកាន់តែទូលំទូលាយក្នុងការផ្សព្វផ្សាយព័ត៌មាន និងធ្វើឱ្យប្រជាពលរដ្ឋកាន់តែងាយស្រួលក្នុងការទទួលបានព័ត៌មានបន្ថែម ខណៈមានការវិវឌ្ឍនូវបច្ចេកវិទ្យាក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។
កម្មវិធីផតខាស និងគេហទំព័រថ្មីរបស់អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា ឬហៅថា វិទ្យុស្ត្រី WMC នឹងផ្តល់ជូនព័ត៌មានដែលគួរឱ្យទុកចិត្តបានក្នុងដំណាក់កាលដំបូងៗ លើប្រធានបទពីរសំខាន់ៗ គឺសុខភាពស្រ្តី និងការបោះឆ្នោត និងបញ្ហាសំខាន់ៗផ្សេងទៀត ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងស្ត្រីក្នុងវិស័យនយោបាយ។
នាយិកាប្រតិបត្តិអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជាអ្នកស្រី អ៊ុង ច័ន្ទថុល ប្រាប់វីអូអេថា បេសកកម្មដ៏ធំបំផុតរបស់មណ្ឌលគឺពង្រឹងតួនាទីរបស់ស្រ្តីនៅក្នុងសង្គមនិងគ្រប់វិស័យទាំងអស់តាមរយៈការផ្សព្វផ្សាយ ដែលមានទាំងភាសាខ្មែរ និងភាសាខ្មែរអង់គ្លេស។
អ្នកស្រីបញ្ជាក់ទៀតថា មូលហេតុនៃការបង្កើតវិទ្យុអនឡាញ-ផតខាស-និងគេហទំព័រនេះឡើង គឺដើម្បីលើកកម្ពស់ការផ្តល់ព័ត៌មានពិតដល់សាធារណៈជនឱ្យបានពេញប្រទេសស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាក្នុងប្រព័ន្ធផ្សព្វផ្សាយ។
អ្នកស្រីថ្លែងថា៖ «ឱ្យអ្នកដែលមានមធ្យោបាយជាទូរស័ព្ទហ្នឹងអាចស្តាប់បានតាម Radio តាមឡាន តាមទូរសព្ទដៃ អ៊ីចឹងហើយបានយើងបង្កើត Radio App ឡើង ហើយបង្កើតផតខាសហ្នឹងឡើង ផតខាសគឺស្រួលស្តាប់ពេលណាក៏បានដែរមិនចាំបាច់មាន Internet ក៏ស្តាប់បានដែរ។ មួយទៀតយើងធ្វើ Website យើងថ្មីដើម្បីយើង Post ខ្លឹមសារទាំងអស់ហ្នឹងដូចជានៅក្នុងបណ្តាញ YouTube Tik Tok Telegram Facebook អីហ្នឹងអាច Post បានឃើញ»។
អ្នកស្រីបានពន្យល់បន្ថែមថា៖ «ផតខាសគឺថ្មីសម្រាប់ស្រុកខ្មែរ ស្រុកខ្មែរយើងអត់មានផតខាសទេ កាលពីពីរឆ្នាំមុនមានតែ១ ២ទេ ដើម្បីផ្សព្វផ្សាយផលិតផល។ ដល់អ៊ីចឹងខាងមីងក៏នឹកឃើញបង្កើតផតខាស ហើយផតខាសយើងដាក់ថា ស្រ្តីក្នុងសតវត្សរ៍ទី២១ ចង់អប់រំក្មេងស្រី ផ្តល់ព័ត៌មានដល់ក្មេងស្រីជាពិសេសយុវតីស្រ្តីវ័យក្មេងហ្នឹង ឱ្យគាត់យល់ដឹងពីរឿងសិទ្ធិបន្តពូជ សុខភាពផ្លូវភេទ និងតួនាទីក្នុងវិស័យនយោបាយ។ អ៊ីចឹងបាន យើងផ្តោតឆ្នាំទី១ ផ្តោតលើសុខភាពស្រ្តី ឆ្នាំទីផ្តោតលើការបោះឆ្នោតជាតិកន្លងមក»។
បើតាមអ្នកស្រី អ៊ុង ច័ន្ទថុល កាលពីកន្លងទៅកម្មវិធីផ្សព្វផ្សាយព័ត៌មានតាមរយៈវិទ្យុនៃអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា ស្តាប់បានតែ១៦ខេត្តតែប៉ុណ្ណោះនៅទូទាំងប្រទេស។ អ្នកស្រីថា គម្រោងនៃការរៀបចំបង្កើតវិទ្យុអនឡាញ-ផតខាស-និងគេហទំព័រ នេះមានរយៈពេលជិត៣ ឆ្នាំមកហើយទើបអាចសម្រេចបានមកដល់ថ្ងៃនេះ។
រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាតំណាងរដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ហួត ឃាងវេង យល់ឃើញថា បច្ចុប្បន្នអ្នកនិយមអានមានតិចជាងអ្នកដែលចូលចិត្តស្ដាប់។ ដូច្នេះលោកគាំទ្រចំពោះការបង្កើតកម្មវិធីរបស់អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា ដែលអាចពង្រីកការផ្សព្វផ្សាយតាមបណ្តាញអ៊ិនធឺណិត។
លោកថ្លែងថា៖ «ខ្ញុំសូមវាយតម្លៃ ហើយខ្ញុំសូមចូលរួមកោតសរសើរយ៉ាងមុតមាំណាស់ដែលមណ្ឌលព័ត៌មានស្រ្តីកម្ពុជា សម្រេចចិត្តបង្កើត App និង ផតខាសបូកនិង Website ថ្មី។ ខ្ញុំសង្ឃឹមថា ការដំណើរការដាក់ឱ្យប្រើប្រាស់នៅពេលខាងមុខបន្តិចទៀតនេះ នឹងនាំប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជា ជាពិសេសគឺស្រ្តីកម្ពុជាដែលមានការ លំបាកមានការពាក់ព័ន្ធជាមួយនឹងបញ្ហាផ្សេងៗដូចជា ជីវភាពប្រចាំថ្ងៃ បញ្ហាសិទ្ធិមនុស្ស បញ្ហានានា និងលើសពីហ្នឹងក៏អាចជួយអ្នកដែលបន្ទាប់បន្សំដោយប្រយោល»។
លោកសង្ឃឹមថា ការបង្កើតវិទ្យុអនឡាញ-ផតខាស-និងគេហទំព័រ របស់វិទ្យុស្រ្តីគឺនឹងអាចចូលរួមចំណែកជាមួយនឹងក្រសួងព័ត៌មាននិងអង្គភាពសារព័ត៌មានដទៃទៀត ដើម្បីជួយផ្សព្វផ្សាយនូវរាល់បាតុភាពសង្គមក្នុងការឆ្លើយតបទៅនឹងភាពអវិជ្ជមាន ដើម្បីក្លាយទៅជាភាពវិជ្ជមានឡើងវិញ។
នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ថា ខេមបូចា លោក ណុប វី លើកឡើងថា គម្រោងផ្សព្វផ្សាយព័ត៌មានដែលទើបតែបង្កើតថ្មីរបស់វិទ្យុស្ត្រីកម្ពុជា នឹងជួយបង្កើតមាតិកាព័ត៌មានបន្ថែម ក៏ដូចជាលើកកម្ពស់សិទ្ធិទទួលបានព័ត៌មានសម្រាប់ប្រជាពលរដ្ឋ ជាពិសេសព័ត៌មានដែលទាក់ទងនឹងបញ្ហាសង្គម និងស្រី្តកាន់តែច្រើន។
លោកថ្លែងថា៖ «ខ្ញុំគិតថាជារឿងល្អដែលខ្ញុំផ្ទាល់មានការអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មណ្ឌលព័ត៌មានស្ត្រីកម្ពុជា រហូតសម្រេចបាននូវការបង្កើតឱ្យមាន អេប នៅលើទូរសព្ទ ក៏ដូចជាការធ្វើបច្ចុប្បន្នភាពនូវគេហទំព័រព័ត៌មានរបស់មជ្ឈមណ្ឌលស្រ្តីនេះឱ្យកាន់តែមានភាពប្រសើរឡើង ហើយនិងមានខ្លឹមសារអត្ថបទព័ត៌មានច្រើនបន្ថែមទៀត ដើម្បីជាប្រយោជន៍ទៅដល់សាធារណជនទូទៅ»។
គួររំឭកថា មណ្ឌលព័ត៌មានស្ត្រីកម្ពុជា គឺជាអង្គការមិនមែនរដ្ឋាភិបាល ធ្វើការងារផ្សព្វផ្សាយមិនរកប្រាក់កម្រៃផ្នែកព័ត៌មានមួយ ដែលត្រូវបានបង្កើតឡើងដោយស្ដ្រីចំនួន ៥ រូប ក្នុងឆ្នាំ ១៩៩៥ ។ រហូតមកដល់ពេលនេះ ស្ថាប័នព័ត៌មានមួយនេះ បាននិងកំពុងផលិត ព្រមទាំងផ្សព្វផ្សាយនូវកម្មវិធីវិទ្យុ ទូរទស្សន៍ ហើយនឹងវីដេអូថ្មីប្លែកៗជាច្រើនប្រកបដោយគុណភាពខ្ពស់ និង គំនិតឆ្នៃប្រឌិត។ នេះបើតាមគេហទំព័ររបស់អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា៕