ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​កាន់​អំណាច​ព្យាយាម​ជំរុញ​បង្កើន​ចំនួន​អ្នក​គាំទ្រ​លោក ហ៊ុន សែន តាម TikTok និង Telegram


រូបឯកសារ៖ កម្មវិធី Facebook TikTok​ Twitter YouTube និង Instagram លើ​អេក្រង់ទូរសព្ទ​មួយ​កាលពីថ្ងៃទី​១៣ កក្កដា ឆ្នាំ២០២១។
រូបឯកសារ៖ កម្មវិធី Facebook TikTok​ Twitter YouTube និង Instagram លើ​អេក្រង់ទូរសព្ទ​មួយ​កាលពីថ្ងៃទី​១៣ កក្កដា ឆ្នាំ២០២១។

ចាប់តាំង​ពី​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​លុប​ចោល​ទំព័រ Facebook របស់​លោក​ដែល​មាន​អ្នក​តាមដាន​ចំនួន ១៤ លាន​នាក់​កាល​ពី​ចុង​ខែ​មិថុនា​មក គណបក្ស​កាន់​អំណាច​បាន​ជំរុញ​និស្សិត​និង​អ្នក​ស្មោះស្ម័គ្រ​ឱ្យ​ជួយ​ជ្រោមជ្រែង​បង្កើន​ចំនួន​អ្នក​តាមដាន​ទំព័រ​របស់​លោក​តាម​បណ្ដាញ​សង្គម​អនឡាញ​ផ្សេង​ទៀត​ដូចជា Telegram និង TikTok ជាដើម។ បុន្តែ​គេ​មិន​ទាន់​ឃើញ​មាន​ការ​ចូល​ចុច​តាមដាន​ក្នុង​ទ្រង់ទ្រាយ​ធំ ឬ​ការ​ងាក​ចេញ​ពី​ការ​ប្រើប្រាស់ Facebook នៅ​កម្ពុជា​បាន​កើតឡើង​នៅ​ឡើយ​ទេ។

លោក ហ៊ុន សែន បាន​លុប​ចោល​ទំព័រ Facebookរបស់​លោក​កាល​ពី​ថ្ងៃ​ទី ២៩ ខែ​មិថុនា គឺ​ក្នុង​ពេល​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​បន្ទាប់​ពី​ក្រុមប្រឹក្សា​ភិបាល​ត្រួត​ពិនិត្យ​របស់​ក្រុមហ៊ុន Meta Platforms Inc. ដែល​ចេញ​សេចក្តី​សម្រេច​លើ​បញ្ហា​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ខ្លឹមសារ​អត្ថបទ​ឬ​សារ​បង្ហោះ​នានា​សម្រាប់​បណ្តាញ​សង្គម​អនឡាញ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​នេះ​ដូចជា Facebook និង Instagram ជាដើម បាន​ប្រកាស​ថា លោក​បាន​ញុះញង់​ឱ្យ​មាន​អំពើ​ហិង្សា​តាម​រយៈ​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​នេះ និង​បាន​ស្នើ​ឱ្យ​មាន​ការ​ព្យួរ​ទំព័រ Facebook របស់​លោក​រយៈពេល ៦ ខែ។

រូបថត​នេះ​បង្ហាញ​ពីគណនីហ្វេសប៊ុក​នាយករដ្ឋមន្ត្រីកម្ពុជា​លោក​ ហ៊ុន សែន
រូបថត​នេះ​បង្ហាញ​ពីគណនីហ្វេសប៊ុក​នាយករដ្ឋមន្ត្រីកម្ពុជា​លោក​ ហ៊ុន សែន

ចាប់តាំង​ពី​ពេល​នោះ​មក លោក ហ៊ុន សែន បាន​ងាក​មក​ប្រើ Telegram ដើម្បី​ធ្វើការ​ទាក់ទង​ជា​ចម្បង​វិញ ដោយ​បាន​បង្ហោះ​សារ​ថ្មីៗ​ជា​ច្រើន​ជា​រៀងរាល់​ថ្ងៃ​សម្រាប់​អ្នក​តាមដាន​ប្រមាណ ៩៧៧.០០០ នាក់ ដែល​កើន​ពី​ចំនួន ៨៥០.០០០ នាក់ កាល​ពី​ចុង​ខែ​មិថុនា។ ស្រប​ពេល​នេះ​ដែរ ទំព័រ TikTok ថ្មី​របស់​លោក​មាន​ចំនួន​អ្នក​តាមដាន​កើន​ដល់​ប្រមាណ ២៦០.០០០ នាក់ ហើយ​នៅ​ខែ​កក្កដា​នេះ លោក​បាន​ដាក់​ដំណើរការ​ឡើង​វិញ​នូវ​ទំព័រ Twitter របស់​លោក​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​នេះ។

កាលពី​ពាក់​កណ្តាល​ខែ​កក្កដា​កន្លង​ទៅ​នេះ មន្រ្តី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ចំនួន ១៥ នាក់​បាន​មក​តាម​ថ្នាក់​រៀន​នានា​នៅ​សាកលវិទ្យាល័យ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​ដោយ​យក​មក​ជាមួយ​នូវ​ក្រដាស​កូដ QR សម្រាប់​ទំព័រ​បណ្តាញ​សង្គម​អនឡាញ​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន។ នេះ​បើ​យោង​តាម​និស្សិត​ម្នាក់​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ។

ស្រប​ពេល​នេះ​ដែរ ថ្នាក់​ដឹកនាំ​សាលារៀន​នានា​បាន​រាយការណ៍​ជា​ប្រចាំ​ពី​ចំនួន​និស្សិត​ចុច​តាមដាន​ទំព័រ​បណ្ដាញ​សង្គម​អនឡាញ​ទាំង​នោះ​នៅ​ក្នុង​សារ​ឆ្លើយឆ្លង​អនឡាញ​ជា​ក្រុម​សម្រាប់​ថ្នាក់​រៀន។ នេះ​បើ​យោង​តាម​សារ​ដែល​ចែក​រំលែក​ជាមួយ VOA។

អ្នក​នាំពាក្យ​ក្រសួង​នេះ​មិន​បាន​ឆ្លើយតប​ចំពោះ​សំណើ​សុំ​ការ​អធិប្បាយ​នោះ​ទេ។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ទាល់ ក៏​ដូចជា​ក្រសួង​នានា​និង​សូម្បី​តែ​សេដ្ឋី​ក្នុង​ស្រុក​មួយ​ចំនួន បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​និង​អាជ្ញាធរ​មូលដ្ឋាន​ចុច​តាមដាន​ទំព័រ​បណ្ដាញ​សង្គម​អនឡាញ​របស់​លោក​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ។

យ៉ាងហោច​ណាស់ ក្រសួង​ចំនួន​ពីរ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​សាធារណៈ​ដោយ​ស្នើ​ឱ្យ​មន្រ្តី​នៅ​ក្នុង​វិស័យ​របស់​ខ្លួន​ចុច​តាមដាន​ទំព័រ​បណ្ដាញ​សង្គម​អនឡាញ​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន រី​ឯ​បណ្តាញ​ផ្សព្វផ្សាយ​ដែល​មាន​ទំនោរ​រក​រដ្ឋាភិបាល​បាន​បន្ត​ជំរុញ​ការ​ផ្សព្វផ្សាយ​ឱ្យ​ចុច​តាមដាន​ដូចគ្នា​នេះ។

អ្នកស្រី ចក់ សុភាព នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ថ្លែង​ប្រាប់ VOA កាល​ពី​ថ្ងៃ​ទី ១២ ខែ​កក្កដា​ថា ការ​ដាក់​សម្ពាធ​ឱ្យ​ពលរដ្ឋ​ចុច​តាមដាន​មន្រ្តី​រដ្ឋាភិបាល​តាម​អនឡាញ​គឺ​ជា​ការ​រារាំង​ដល់​លទ្ធភាព​របស់​ពលរដ្ឋ​នៅ​ក្នុង​ការ​ជ្រើសរើស​មធ្យោបាយ​ទទួល​បាន​ព័ត៌មាន។

អ្នកស្រី​ថ្លែង​ថា៖ «ពលរដ្ឋ​គួរតែ​មាន​សេរីភាព​ក្នុង​ការ​សម្រេច​លើ​ព័ត៌មាន​ណា​ដែល​ពួកគេ​ចង់​ចូល​មើល​និង​ចែក​រំលែក និង​ទំព័រ​បណ្ដាញ​សង្គម​អនឡញ​ណា​ដែល​ពួកគេ​ចង់​ប្រាស្រ័យ​ទាក់ទង​ជាមួយ ជាពិសេស​ទំព័រ​បណ្ដាញ​សង្គម​អនឡាញ​របស់​បុគ្គល​សាធារណៈ»។

អ្នកស្រី​បាន​បន្ថែម​ថា បណ្តាញ​សង្គម​អនឡាញ «មិន​អាច​ត្រូវ​បាន​ប្រើប្រាស់​ជា​ហេតុផល​ដើម្បី​បង្អាក់​ដល់​សេរីភាព​ជា​មូលដ្ឋាន​នេះ ឬ​ដាក់​សម្ពាធ​លើ​ពលរដ្ឋ​ដែល​មាន​សិទ្ធិ​ផ្ទាល់​ខ្លួន​ដើម្បី​បង្ខំ​ពួកគេ​ឱ្យ​ធ្វើ​សកម្មភាព​តាម​បែប​ណា​មួយ​នោះ​ទេ»។

ទោះជា​យ៉ាងណា​ក៏ដោយ ការ​ជំរុញ​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ឱ្យ​មាន​ការ​គាំទ្រ​ទំព័រ​បណ្តាញ​សង្គម​អនឡាញ​ផ្សេង​ទៀត​របស់​លោក​នេះ​មិន​បាន​រារាំង​ស្ថាប័ន​ដទៃ​ទៀត​ក្នុង​ជួរ​រដ្ឋាភិបាល​ពី​ការ​ប្រើប្រាស់ Facebookនោះ​ឡើយ។ ក្រសួង​នានា​នៅ​ក្នុង​វិស័យ​ព័ត៌មាន យុត្តិធម៌ អប់រំ និង​កិច្ចការ​សាធារណៈ ក្នុង​ចំណោម​ក្រសួង​ដទៃ​ទៀត បាន​បង្ហោះ​សារ​ទំនាក់ទំនង​តាម Facebook ដូច​ធម្មតា។

លោក ឡេង ណាវ៉ាត្រា ដែល​ជា​សេដ្ឋី​ផ្នែក​អចលនទ្រព្យ​និង​ជា​ផលិតករ​តន្រ្តី ដំបូង​បាន​សន្យា​ថា​នឹង​ឈប់​ប្រើប្រាស់ Facebook ដូច​លោក ហ៊ុន សែន ដែរ តែ​ក្រោយ​មក​បាន​ផ្លាស់ប្តូរ​ការ​សម្រេច​ចិត្ត​វិញ។ បុគ្គល​ផ្សេង​ទៀត​ដែល​តែងតែ​បង្ហោះ​សារ​លើ Facebookដូចជា​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​លោក ខៀវ កាញ្ញារីទ្ធ ជាដើម ក៏​នៅតែ​បន្ត​ប្រើប្រាស់​បណ្តាញ​សង្គម​អនឡាញ​នេះ​ដូច​សព្វ​ដង​ផង​ដែរ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៣។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៣។


អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​លោក មាស សុភ័ណ្ឌ បាន​ប្រាប់ VOA ថា បើ​ទោះបីជា​លោក​នាយករដ្ឋមន្រ្តី​លែង​ប្រើប្រាស់ Facebook ក៏ដោយ ក៏​បណ្តាញ​សង្គម​អនឡាញ​នេះ​នៅតែ​មាន​តម្លៃ​សម្រាប់​ក្រសួង ពលរដ្ឋ និង​បុគ្គល​ផ្សេង​ទៀត​ក្នុង​ការ​ចែក​រំលែក​ព័ត៌មាន និង​ថា ក្រសួង​ព័ត៌មាន​មិន​មាន​គម្រោង​ក្នុង​ការ​ឈប់​ប្រើប្រាស់​បណ្តាញ​សង្គម​នេះ​ទេ។

លោក​បាន​និយាយ​ថា៖ «ទោះ​ជា​យ៉ាងណា​ក្តី ក្រសួង​នឹង​បន្ត​ពិចារណា​ថា​តើ​បណ្តាញ​សង្គម​អនឡាញ​ណា​មួយ​នៅ​មាន​សារៈសំខាន់​និង​មាន​ប្រជាប្រិយភាព​ដើម្បី​ប្រើប្រាស់ … ហើយ​នឹង​ពិចារណា​ប្រើប្រាស់​បណ្តាញ​សង្គម​ទាំង​នោះ​ដើម្បី​ចែក​រំលែក​ព័ត៌មាន​ទៅ​កាន់​ពលរដ្ឋ​ដើម្បី​ឱ្យ​ពួកគេ​ទទួល​បាន​ព័ត៌មាន​ទូលំទូលាយ​និង​ទាន់​ពេល​វេលា»។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​និង​មន្ទិល​ខ្លះ​ចំពោះ​ករណី​អ្នក​តាមដាន​បណ្តាញ​សង្គម​អនឡាញ​របស់​លោក។ កាល​ពី​ឆ្នាំ ២០១៦ បន្ទាប់​ពី​លោក​បាន​ចូល​ប្រើ​បណ្តាញ​សង្គម Facebook ភ្លាមៗ សារព័ត៌មាន Phnom Penh Post បាន​រាយការណ៍​ថា ជាង​ពាក់​កណ្តាល​នៃ​ចំនួន «Like» នៅ​លើ​ទំព័រ Facebook របស់​លោក​មាន​ប្រភព​មក​ពី​ក្រៅ​ប្រទេស ដែល​ករណី​នេះ​ធ្វើ​ឱ្យ​អ្នក​ជំនាញ​មាន «មន្ទិល​ចំពោះ​ភាព​ប្រាកដ​ប្រជា​នៃ​ចំនួន «Like» ទាំង​នេះ»។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ទំព័រ Facebook របស់​លោក​មាន​អ្នក​តាមដាន​ចំនួន ១៤ លាន​នាក់។

ចំនួន​អ្នក​តាមដាន​ដ៏​ច្រើន​ដូច​នេះ​ជា​ហេតុផល​មួយ​ដែល​បាន​ជំរុញ​ឱ្យ​ក្រុមប្រឹក្សា​ភិបាល​ត្រួត​ពិនិត្យ​របស់​ក្រុមហ៊ុន Meta ស្នើ​ឱ្យ​មាន​ការ​ព្យួរ​ទំព័រ Facebook របស់​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ដោយ​អះអាង​ថា ស្រប​ពេល​មាន​កង្វះ​បណ្តាញ​ផ្សព្វផ្សាយ​ឯករាជ្យ ឥទ្ធិពល​ដ៏​ខ្លាំង​របស់​លោក​តាម​ប្រព័ន្ធ​អនឡាញ​បាន​ផ្តល់​ជា​ទម្ងន់​បន្ថែម​ដល់​ការ​ប្រើប្រាស់​ភាសា​ហិង្សា​របស់​លោក។ សម្រាប់ Telegram គេ​អាច​ទិញ​អ្នក​តាមដាន​ក្លែងក្លាយ​តាម​អនឡាញ បើ​ទោះបីជា​បណ្ដាញ​សង្គម​អនឡាញ​នេះ​ធ្វើ​ការ​លុបចេញ​ជា​ប្រចាំ​ក៏ដោយ។

អ្នកស្រី Wai Phyo Myint ដែល​ជា​អ្នក​វិភាគ​គោល​នយោបាយ​អាស៊ី​ប៉ាស៊ីហ្វិក​និង​ជា​អ្នក​ជំនាញ​ផ្នែក​មីយ៉ាន់ម៉ា​ប្រចាំ​អង្គការ Access Now ដែល​ជា​អង្គការ​ការពារ​សិទ្ធិ​តាម​ប្រព័ន្ធ​អនឡាញ បាន​និយាយ​ថា បើ​ទោះបីជា​លោក ហ៊ុន សែន មាន​ចំនួន​អ្នក​តាមដាន​មិន​សូវ​ច្រើន​មក​ទល់​នឹង​ពេល​នេះ​ក៏ដោយ ក៏ Telegram អាច​ផ្តល់​ជា​ការ​ការពារ​រូប​លោក​បាន​ប្រសើរ​គួរសម​ផង​ដែរ។

បន្ទាប់​ពី​របប​យោធា​មីយ៉ាន់ម៉ា​បាន​រង​បម្រាម​ពី Facebookនៅ​ក្រោយ​រដ្ឋប្រហារ​ឆ្នាំ ២០២១ ភ្លាមៗ របប​នេះ​បាន​ងាក​ទៅ​ធ្វើ​ប្រតិបត្តិការ​ភាគ​ច្រើន​តាម Telegram ដែល​នៅ​ទី​នោះ ការ​បំពាន ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រឌិត និង​ការ​ចាត់​គោលដៅ​លើ​បុគ្គល​ណា​ម្នាក់​តាម​រយៈ​ការ​បញ្ចេញ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​បុគ្គល​នោះ​ដោយ​មិន​មាន​ការ​អនុញ្ញាត បាន​កើត​មាន​ជា​ច្រើន ហើយ​ករណី​នេះ​បាន​ជំរុញ​ឱ្យ​ក្រុម​អ្នក​ជំនាញ​ប្រចាំ​អង្គការ​សហប្រជាជាតិ​អំពាវនាវ​ឱ្យ​ប្រព័ន្ធ Telegram ធ្វើ​ការ​ផ្លាស់ប្តូរ​ជា «មូលដ្ឋាន» ចំពោះ​ចំណាត់ការ​របស់​ខ្លួន។

អ្នកស្រី Wai Phyo Myint បាន​ថ្លែង​ប្រាប់ VOA ថា៖ «យើង​មិន​បាន​ឃើញ​មាន​ការ​ផ្លាស់ប្តូរ​គោល​នយោបាយ​ពី​ភាគី Telegram ឬ​ការ​ប្រឡូក​បែប​វិជ្ជមាន​ណា​មួយ​ជាមួយ​ពួក​យើង​ឬ​អង្គការ​សង្គម​ស៊ីវិល​ណា​មួយ​នៅ​មីយ៉ាន់ម៉ា​នោះ​ទេ។ ករណី​នេះ​នឹង​មាន​ដូច​គ្នា​នៅ​កម្ពុជា​ផង​ដែរ។ … អ្វី​ដែល​យើង​បាន​ឃើញ​គឺ​ថា​គ្មាន​ការ​ត្រួត​ពិនិត្យ​លើ​ខ្លឹមសារ​អត្ថបទ​ឬ​សារ​បង្ហោះ​នោះ​ឡើយ»។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រើ Telegram ភាគ​ច្រើន​ដើម្បី​ចែក​រំលែក​បន្ត​នូវ​រូបថត​ជា​ច្រើន​អំពី​យុទ្ធនាការ​ឃោសនា​បោះឆ្នោត និង​បង្ហោះ​សារ​ជា​សំឡេង​ម្ដង​ម្កាល។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ការ​ព្រមាន​ផ្សេងៗ​ក៏​បាន​លេច​ឡើង​ផង​ដែរ។ កាល​ពី​ថ្ងៃ​ទី ១៣ ខែ​កក្កដា លោក​បាន​សរសេរ​សារ​មួយ​ឆ្លើយតប​ទៅ​នឹង​សារ​ជា​សំឡេង​របស់​សមាជិក​គណបក្ស​ប្រឆាំង​មួយ​រូប។

លោក ហ៊ុន សែន បាន​និយាយ​ថា៖ «បើ​អស់​លោក​ប្រឆាំង​ជាមួយ​ច្បាប់ គុក​ជា​អ្នក​ទទួល​ស្វាគមន៍​អស់​លោក​គ្រប់​ពេល»៕

ប្រែ​សម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG