ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​គណៈស្រុក​ខ្មែរក្រហម៖​ ​ការ​បែកបាក់​ផ្ទៃ​ក្នុង​នាំ​ឲ្យ​មាន​ការ​សម្លាប់​រង្គាល


សាក្សី​គឺ​លោក​ ប៉ិច ជឹម អតីត​ចៅហ្វាយ​ស្រុក​ត្រាំកក់​ក្នុង​របប​ខ្មែរក្រហម​​ផ្តល់​សក្ខីកម្ម​នៅ​មុខ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ (សាលាក្តី​ខ្មែរក្រហម) ក្នុង​សំណុំ​រឿង​០០២​វគ្គទី​២​ប្រឆាំង​នឹង​ នួន ជា និង​ ខៀវ សំផន កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៥។ (ECCC/Nhet Sok Heng)
សាក្សី​គឺ​លោក​ ប៉ិច ជឹម អតីត​ចៅហ្វាយ​ស្រុក​ត្រាំកក់​ក្នុង​របប​ខ្មែរក្រហម​​ផ្តល់​សក្ខីកម្ម​នៅ​មុខ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ (សាលាក្តី​ខ្មែរក្រហម) ក្នុង​សំណុំ​រឿង​០០២​វគ្គទី​២​ប្រឆាំង​នឹង​ នួន ជា និង​ ខៀវ សំផន កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៥។ (ECCC/Nhet Sok Heng)

អតីត​កម្មាភិបាល​ជាន់​ខ្ពស់​ខ្មែរក្រហម​មួយ​រូប​បាន​អះអាង​ថា​ ​បរាជ័យ​របស់​ពួក​កុម្មុយនិស្ត​ខ្មែរក្រហម​គឺ​ដោយ​សារទំនាស់​និង​ការ​កាប់​សម្លាប់​ផ្ទៃ​ក្នុង។​

លោក ​ប៉ិច ជឹម ​អតីត​ចៅហ្វាយ​ស្រុក​ត្រាំកក់ ​ខេត្ត​តាកែវ ​ដែល​នៅ​ទី​នោះ​មាន​ការសម្លាប់​រង្គាល​យ៉ាង​ខ្លាំង​ច្រើន​នោះ​ បាន​ផ្តល់​សក្ខី​កម្ម​ក្នុង​ការ​កាត់​ទោស​ក្នុង​សំណុំ​រឿង​០០២ ​វគ្គ​ទី​២​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ក្រុម​ខ្មែរក្រហម​បរាជ័យ​គឺ​ដោយសារ​តែ​ការ​បែក​បាក់​ផ្ទៃ​ក្នុង។​

«និយាយ​មួយ​ម៉ាត់​ជូន​អង្គការ​សហ​ប្រជាជាតិ​ដែល​មាន​ឯកឧត្តម ​អស់​លោក​នៅ​ទីនេះ​ថា ​វាយ​តែ​គ្នា​ឯង​បាន​ជា​ចាញ់​នោះ។​ បក្ស​កុម្មុយនិស្ត​នេះ​វាយ​តែ​គ្នា​ឯង»។​

របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់ខ្មែរក្រហម​ត្រូវ​ផ្តួល​រំលំ​ដោយ​កង​ទ័ព​តស៊ូ​ប្រឆាំង​របស់​កម្ពុជា​ដោយ​មាន​ការ​គាំទ្រ​ពី​កង​ទ័ព​វៀតណាម​នៅ​ថ្ងៃ​ទី​៧​មករា ​ឆ្នាំ​១៩៧៩។​

របបកុម្មុយនិស្ត​ខោ​អាវ​ខ្មៅ​នេះបាន​បង្ក​ឲ្យ​មាន​ការ​ស្លាប់​ ការ​សម្លាប់​ប្រជា​ពលរដ្ឋ​យ៉ាង​តិច១,៧​លាន​នាក់​ក្នុង​ការ​គ្រប់​គ្រង​អំណាច​ជាង​បី​ឆ្នាំ។​

មេដឹក​នាំ​ខ្ពស់​បំផុត​នៃ​របប​ខ្មែរក្រហម​ចំនួន​ពីរ​នាក់​ដែល​កំពុង​ស្ថិត​ក្រោម​ការ​កាត់​ទោស​ក្នុង​សំណុំ​រឿង​០០២​គឺ​នួន ជា ​អតីត​ប្រធាន​សភា​ខ្មែរក្រហម​និង​ខៀវ សំផន ​អតីត​ប្រមុខ​រដ្ឋ។​ ជន​ជាប់​ចោទ​ទាំង​ពីរ​ត្រូវ​ផ្តន្ទា​ទោស​ម្តង​ហើយ​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ក្នុង​ការ​កាត់​ទោស​លើក​ទី១។​

លោក​ ប៉ិច ជឹម​ រៀប​រាប់​បន្ថែម​ថា ការ​ប្រជែង​អំណាច​គ្នា​រវាង​តាម៉ុក​ ប្រធាន​តំបន់​នីរតី​ ដែល​ក្នុង​នោះ​មាន​ខេត្ត​តាកែវ​ និង​ឈ្មោះ​ស៊ី ​ដែល​ជា​អនុ​ប្រធាន​ភូមិភាគ ​និង​ការ​បោស​សម្អាតខ្សែ​បណ្ដាញ​ដទៃ​ទៀត​ បាន​ធ្វើ​ឲ្យ​មាន​ការ​កាប់​សម្លាប់​ជា​ប្រព័ន្ធ ដែល​ជា​លទ្ធផល​នៃ​ការ​បង្កើត​ឲ្យ​មាន​តុលាការ​កាត់​ទោស​បទ​ឧក្រិដ្ឋ​រហូត​ដល់​រាល់​ថ្ងៃ​នេះ។​

«ស៊ី​ជា​អ្នក​ចេះ​ដឹង​ដែរ។​ រីឯ​តាម៉ុក​ជា​អ្នក​ចេះ​បន្ទាប់​ទេ​ ប៉ុន្តែ​មុត​ជាង​តាស៊ី។​តាម៉ុក​ជា​ប្រធាន​ភូមិភាគ។ ​ស៊ីជា​អនុ​ប្រធាន។ ​តាចុង​មក​ពី​កោះកុង​ជា​អនុប្រធាន​ដែរ។​ ក្រោយមក​តាចុង​ក៏​បាត់​ទៅ។​ បន្ទាប់មក​បាត់​ស៊ី​ទៀត​ នៅតែ​តាម៉ុក។ ​ជម្រាប​ប៉ុណ្ណឹង។​ ហើយ​បញ្ហា​ឈ្លោះ​គ្នា​ មិន​អត់ឱន​ឲ្យ​គ្នា​ មិន​អធ្យាស្រ័យ​គ្នា​ផ្ទៃ​ក្នុង​អញ្ចឹង​គឺ​បញ្ហា​ដែល​អស់​លោក​កំពុង​ដោះ​ស្រាយ​នោះ​គឺ​មាន​មក​ពី​នោះ។​ ដោះស្រាយ​យ៉ាង​ណា​ចប់?»

នៅ​ក្នុង​ការ​កាត់​ទោស​នៅ​ថ្ងៃ​នេះ​ អតីត​ចៅហ្វាយ​ស្រុក​ត្រាំកក់​ក៏​បាន​បញ្ជាក់​ថា ​នួន ជា​បាន​បង្ហាត់​បង្រៀន​គោល​នយោបាយ​ដល់​កម្មាភិបាល​ខ្មែរក្រហម ​ជា​ពិសេស​ទាក់​ទង​នឹង​ការ​វាយ​តម្លៃ​លើ​វណ្ណៈ ​ដូចជា​វណ្ណៈ​ខ្មាំង​ វណ្ណៈ​ជិះ​ជាន់ ​វណ្ណៈ​រង​អំពើ​ជិះជាន់​ជា​ដើម។​

ក្រៅពី​នោះ​លោក​ប៉ិច ជឹម​បាន​បដិសេធ​ថា ​មិន​មាន​ការ​បង្ខំ​ឲ្យ​រៀបការ​ទេ ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា​ មាន​ការ​រៀបការ​ទាំងហ្វូង​ និង​មាន​ការ​បោស​សម្អាតខ្សែ​រយៈ​ខ្មាំង​ជាដើម៕

XS
SM
MD
LG