ដើមបណ្តឹងរដ្ឋប្បវេណីមួយរូបបានចាប់ផ្តើមរៀបរាប់អំពីអំពើហិង្សាផ្លូវភេទនៅក្រោមរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហមនៅថ្ងៃច័ន្ទនេះ។
អ្នកស្រីជូ គឹមឡនជាដើមបណ្តឹងរដ្ឋប្បវេណីដែលត្រូវពួកខ្មែរក្រហមជម្លៀសចេញពីភ្នំពេញទៅកាន់ស្រុកត្រាំកក់ខេត្តតាកែវ។
អ្នកស្រីបានផ្តល់សាក្សីកម្មនៅក្នុងការកាត់ទោសសំណុំរឿង០០២ វគ្គទី២នៅថ្ងៃនេះថា ពួកខ្មែរក្រហមបានចាប់ប្រជាពលរដ្ឋរៀបការជាច្រើនគូក្នុងពេលតែមួយ នៅក្នុងនោះមានប្អូនប្រុសបង្កើតរបស់អ្នកស្រីផងដែរ។ បើតាមអ្នកស្រីឲ្យដឹងថា ការរៀបការច្រើនគូនេះគឺគ្រាន់តែជាការថ្លែងប្តេជ្ញាទទួលគ្នាជាប្តីប្រពន្ធតាមអង្គការខ្មែរក្រហមអ្នករៀបចំតែប៉ុណ្ណោះ។
«កន្លែងសហករ ក-១ កងគំរូហ្នឹង ប្អូនខ្ញុំទៅប្តេជ្ញាទីនោះដែរ។ គេចាត់មកតាមភូមិទៅប្តេជ្ញា ដូចជា៣០ឬ៣២គូ ដែលប្អូនខ្ញុំទៅប្តេជ្ញាទីនោះ។ ប្តេជ្ញាហើយមិនបាននាំប្រពន្ធមកផ្ទះទេ គឺប្តេជ្ញាហើយនាំប្រពន្ធទៅកងទៅធ្វើការតាមកង (កងចល័ត)វិញ»។
នៅក្នុងរបបខ្មែរក្រហមការរៀបការមិនបានអនុលោមតាមលក្ខណៈប្រពៃណីយ៍ដោយមានការចូលស្តីដណ្តឹង ឬដោយមានសម្លៀកបំពាក់ប្រពៃណីយ៍នោះទេ។ ផ្ទុយទៅវិញ ការរៀបការគឺអង្គការរបស់ខ្មែរក្រហមជាអ្នកចាប់ផ្សំគូឲ្យ ឬជួនកាលបុរសអាចប្រាប់ទៅអង្គការថា ពេញចិត្តស្ត្រីណាមួយដើម្បីអង្គការរបស់ខ្មែរក្រហមអាចរៀបចំឲ្យ។ អាពាហ៍ពិពាហ៍នេះស្ថិតក្នុងសម្លៀកបំពាក់ខោអាវខ្មៅដូចៗគ្នា។ គ្មានសាច់ញាតិច្រើនកុះករចូលរួមនោះទេ។ ប៉ុន្តែគឺតំណាងអង្គការខ្មែរក្រហមជាអ្នកធ្វើជាសាក្សីនៃការប្តេជ្ញាយកគ្នាជាប្តីប្រពន្ធនៃពលរដ្ឋទាំងនេះ។
ជាទូទៅអាពាហ៍ពិពាហ៍បែបនេះមិនសម្តែងចេញពីការពេញចិត្ត ឬព្រមព្រៀងទាំងសងខាងនោះទេ ប៉ុន្តែគ្មានអ្នកណាហ៊ានប្រកែកនោះឡើយ។
ក្រុមមេធាវីការពារជនរងគ្រោះបានហៅការរៀបការនេះថា ជាការរៀបការដោយបង្ខំ ហើយបានស្នើឲ្យតុលាការចាត់ទុកថា គឺជាការរំលោភផ្លូវភេទយ៉ាងធ្ងន់ធ្ងរ។ ក្រុមអង្គការសង្គមស៊ីវិលធ្លាប់បានលើកឡើងពីការចាប់រំលោភផ្លូវភេទលើស្ត្រីក្នុងរបបខ្មែរក្រហមនៅតាមតំបន់ដែលពួកគេរស់នៅឬស្ត្រីជាច្រើនត្រូវបានចាប់រំលោភមុននឹងត្រូវសម្លាប់ចោល ឬស្ត្រីមួយចំនួនទៀតត្រូវរំលោភក្នុងពន្ធនាគារផងដែរ។
អ្នកស្រីជូ គឹមឡនរៀបរាប់បន្ថែមថា តាម៉ុក អតីតបងធំទី៥របស់ខ្មែរក្រហមនិងជាមេបញ្ជាការកងទ័ពប្រចាំតំបន់នីរតី តែងតែធ្វើជាអធិបតីក្នុងការរៀបការទាំងហ្វូងនេះ។ តាម៉ុកបានស្លាប់មុនការកាត់ទោស ក្រោយពីរដ្ឋាភិបាលចាប់ខ្លួនដាក់គុកជាច្រើនឆ្នាំរួចមក។
អ្នកស្រីជូ គឹមឡនរំឭកថា មិត្តភក្ត្រស្រីរបស់អ្នកស្រីចំនួនពីរនាក់បានត្អូញត្អែរអំពីរបបអាហារមិនគ្រប់គ្រាន់ នៅពេលដែលស្ត្រីទាំងពីរគឺជាមនុស្សពូកែធ្វើការបំផុត។ អ្នកស្រីបញ្ជាក់ថា មិត្តស្រីរបស់អ្នកស្រីរែកដីដោយប្រើបង្គីចំនួនបីក្នុងស្មាមួយចំហៀង។ ប៉ុន្តែក្រោយពីត្អួញត្អែរពីរបបអាហារ ពួកគាត់ត្រូវចាប់ខ្លួននិងត្រូវរំលោភដោយកម្មាភិបាលខ្មែរក្រហមច្រើននាក់។
«គាត់ត្អូញថា ហូបបាយមិនឆ្អែតទេ។ តែឲ្យពង្រឹងគោលជំហរប្តេជ្ញាប្រឹងរែកដី។ ហូបបាយមិនឆ្អែត គេស្លព្រឹកល្ពៅ ល្ងាចស្លត្រឡាចរាល់ថ្ងៃ។ និយាយតែប៉ុណ្ណឹងគត់ គេចាប់គាត់ឲ្យទៅហូបបាយឆ្អែតនៅពាណិជ្ជ។ កម្មាភិបាលនៅទីនោះចាប់រំលោភគ្រប់គ្នាទាំងអស់ បំពានមិត្តភក្ត្រខ្ញុំទាំងពីរនាក់។ ហើយគេនាំយកទៅបាត់។ មិនដឹងគេដាក់នៅគុកណា សម្លាប់នៅទីណាបាត់រហូត»។
ការកាត់ទោសសំណុំរឿង០០២វគ្គទី២ផ្តោតលើបទចោទប្រកាន់អំពីអំពើប្រល័យពូជសាសន៍ ដែលទាក់ទិននឹងការសម្លាប់ជនជាតិវៀតណាម និងពលរដ្ឋខ្មែរកម្ពុជាក្រោម ការបង្ខំឲ្យរៀបការ ឧក្រិដ្ឋកម្មតាមមន្ទីរសន្តិសុខឬគុកនានារបស់ពួកខ្មែរក្រហម តួនាទីរបស់ជនជាប់ចោទក្នុងសម័យខ្មែរក្រហម និងឧក្រិដ្ឋកម្មនៅតាមសហករណ៍ជាដើម។
ដើមបណ្តឹងរដ្ឋប្បវេណីអ្នកស្រីជូ គឹមឡនអះអាងថា អ្នកស្រីបានឃើញជនជាតិវៀតណាមមួយគ្រួសារ និងពលរដ្ឋកម្ពុជាក្រោមមួយគ្រួសារ ត្រូវពួកខ្មែរក្រហមចុចឈ្មោះថា បញ្ជូនទៅកាន់ប្រទេសវៀតណាម។ ប៉ុន្តែតាមពិត ពួកគេត្រូវបញ្ជូនទៅធ្វើទារុណកម្ម និងសម្លាប់ចោលទាំងពីរគ្រួសារ។
សូមបញ្ជាក់ថា សវនាការលើសំណុំរឿង០០២វគ្គទី២នៅថ្ងៃនេះត្រូវផ្អាកមុនម៉ោងកំណត់ ដោយសារជនជាប់ចោទខៀវ សំផន មានសម្ពាធឈាមឡើងខ្ពស់។
ដំណាលគ្នានេះ អង្គជំនុំជម្រះសាលាដំបូងបានសម្រេចបន្ថយពេលវេលាកាត់ទោសរយៈពេលកន្លះម៉ោងនៅពេលព្រឹក គឺការកាត់ទោសចាប់ផ្តើមនៅម៉ោង៩ និងបញ្ចប់នៅម៉ោង១១និង៣០នាទី។ សេចក្តីសម្រេចនេះធ្វើឡើងដោយផ្អែកលើបញ្ហាសុខភាពរបស់ជនជាប់ចោទនួន ជា និងខៀវ សំផននិងវ័យចាស់ជរារបស់ពួកគេ៕