ថ្វីត្បិតតែវ័យចាស់ជរាតែជនជាប់ចោទនួន ជា និងខៀវ សំផន នៅតែមានសម្បទាគ្រប់គ្រាន់សម្រាប់ចូលរួមការកាត់ទោសលើពួកគាត់បន្តទៅទៀតបាន។ នេះបើតាមការវាយតម្លៃរបស់ក្រុមអ្នកជំនាញវេជ្ជសាស្ដ្រនៅថ្ងៃសុក្រនេះ។ ក៏ប៉ុន្តែក្រុមគ្រូពេទ្យឯកទេសផ្តល់អនុសាសន៍ថា គួរតែកាត់បន្ថយពេលម៉ោងសវនាការនិងត្រូវតាមដានសុខភាពជនជាប់ចោទឲ្យបានដិតដល់។
ការវាយតម្លៃវេជ្ជសាស្ដ្រនេះធ្វើឡើងក្រោយពីវេជ្ជបណ្ឌិតចំនួនពីររូបដែលមានជំនាញផ្សេងគ្នាបានពិនិត្យសុខភាពជនជាប់ចោទទាំងពីរទាំងលើជំងឺផ្លូវកាយនិងលើបញ្ហាផ្លូវចិត្តកាលពីថ្ងៃទី១៩និងថ្ងៃទី២០ខែមករាឆ្នាំ២០១៥នេះ។
លោកវេជ្ជបណ្ឌិតកម្ពុជាហួត លីណា អ្នកជំនាញផ្នែកវិកលវិទ្យាបានធ្វើការវិភាគលើបញ្ហាផ្លូវចិត្តនៃជនជាប់ចោទទាំងពីរ។
លោកបានប្រាប់សវនាការនៅថ្ងៃនេះដែរថាជនជាប់ចោទមិនមានបញ្ហាសុខភាពផ្លូវចិត្តណាមួយដែលអាចរារាំងដល់ការចូលរួមដំណើរការកាត់ទោសលើខ្លួននោះទេ។
«លោកនួន ជាអាចមានបញ្ញាស្មារតីខាងផ្លូវចិត្តអាចចូលរួមសវនាការបាន។ដោយឡែកការវិវត្តន៍សុខភាពផ្លូវចិត្តរបស់លោកខៀវ សំផន ឃើញថាការចងចាំរបស់គាត់មិនមានអ្វីប្រែប្រួលទេ។គឺនៅថេរដដែល។ហើយដោយឡែកសមត្ថភាពក្នុងការចូលរួមសវនាការក៏ឃើញថាគាត់គ្មានអ្វីប្រែប្រួលដែរ គាត់នៅតែមានសមត្ថភាពអាចចូលរួមក្នុងសវនាការដដែល»។
វេជ្ជបណ្ឌិតសិង្ហបុរីលោកចាន់ គីន មិញ (Chan Kin Minh)អ្នកជំនាញផ្នែកថែទាំងព្យាបាលជំងឺមនុស្សចាស់បានបញ្ជាក់នៅក្នុងសវនាការនៅព្រឹកថ្ងៃនេះថាជនជាប់ចោទនួន ជា មិនមានសុខភាពប្រែប្រួលគួរអាក្រក់ជាងមុនពេកដែលរំខានដល់ការចូលរួមសវនាការនោះទេបើធៀបទៅនឹងការត្រួតពិនិត្យសុខភាពកាលពីខែមិនាឆ្នាំ២០១៤។
ដោយឡែកចំពោះខៀវ សំផន វិញលោកវេជ្ជបណ្ឌិត ចាន់ គីន មិញ បញ្ជាក់ថាជនជាប់ចោទរូបនេះនៅមានសុខភាពផ្នែករាងកាយគ្រប់គ្រាន់សម្រាប់ចូលក្នុងសវនាការ។
«ជាទូទៅយើងបានរកឃើញថាមិនមានអ្វីក្នុងការពិនិត្យសុខភាពផ្នែករាងកាយរបស់ខៀវ សំផន ដែលអាចប៉ះពាល់ដល់លទ្ធភាពនៃចូលរួមកាត់ទោសរបស់គាត់នោះទេ»។
នួន ជា អតីតប្រធានសភាខ្មែរក្រហមមានអាយុជាង៨៨ឆ្នាំហើយ។ ដោយឡែក ខៀវ សំផន អតីតប្រមុខរដ្ឋរបស់របបកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហមមានអាយុជាង៨៣ឆ្នាំ។ ជនជាប់ចោទទាំងពីរដែលមានជំងឺចូលពេទ្យជាប្រចាំគឺជាមេដឹកនាំខ្ពស់បំផុតរបស់ខ្មែរក្រហមតែពីរនាក់គត់ដែលកំពុងស្ថិតក្រោមការកាត់ទោសចំពោះការទទួលខុសត្រូវនៃការស្លាប់និងការសម្លាប់ប្រជាពលរដ្ឋកម្ពុជាយ៉ាងតិច១,៧លាននាក់ចន្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។
លោកវេជ្ជបណ្ឌិត ចាន់ គីន មិញ បានរៀបរាប់ប្រាប់តុលាការថាជំងឺឈឺសន្លាក់ឆ្អឹងខ្នងរបស់នួន ជា នឹងមិនជានោះទេដោយសារអាយុគាត់កាន់តែចាស់មិនតែប៉ុណ្ណោះជំងឺនេះអាចកាន់តែវិវត្តន៍កាន់តែអាក្រក់។ហើយជនជាប់ចោទគួរតែទទួលបានការព្យាបាលមួយឬពីរដងក្នុងមួយសប្តាហ៍។ប៉ុន្តែលោកវេជ្ជបណ្ឌិតសិង្ហបុរីដដែលរកឃើញថានួន ជា នៅមានចក្ខុល្អ មានភាពរីករាយនិងនិយាយបានឮនិងច្បាស់ៗហើយគាត់អាចឆ្លើយនឹងសំណួរដោយច្បាស់លាស់ ហើយជំងឺលើសឈាមរបស់គាត់មានសភាពធម្មតា។
ចំពោះសុខភាពជនជាប់ចោទខៀវ សំផន វិញ លោកវេជ្ជបណ្ឌិត ចាន់ គីន មិញរកឃើញថាខៀវ សំផន អាចអង្គុយ មានការចងចាំល្អ អាចផ្លាស់ទីក្នុងបន្ទប់ដោយខ្លួនឯង។ ជនជាប់ចោទអាចអានសៀវភៅ កាន់ឯកសារ និយាយឮៗនិងមិនមានបញ្ហាត្រចៀក។បន្ថែមពីនោះទៀតលោកវេជ្ជបណ្ឌិត ចាន់ គីន មិញ ឲ្យដឹងថាជំងឺលើសឈាមរបស់ខៀវ សំផន មានសភាពធម្មតា ប៉ុន្តែដោយសារខៀវ សំផន ធ្លាប់មានប្រវត្តិដាច់សរសៃឈាមខួរក្បាលដូច្នេះគួរតែប្រុងប្រយ័ត្នដល់សុខភាពរបស់គាត់ឲ្យបានខ្លាំងបំផុតពីព្រោះថាគាត់នឹងអាចកើតជំងឺនេះជាថ្មីម្តងទៀតគ្រប់ពេល៕