ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​អ្នក​ទោស​កុមារ​រៀបរាប់​ពី​ការធ្វើ​ទារុណកម្ម​និង​សម្លាប់


លោក ជុំ ម៉ី (ឆ្ឆ្វេង) និង​ លោក ប៊ូ ម៉េង (ស្តាំ) អ្នក​រស់​រាន​ពី​របប​ខ្មែរ​ក្រហម​ ឈរ​បួងសួង​នៅ​នៅ​អតីត​វាលពិឃាដ​ជើង​ឯក នៅ​ជាយក្រុង​​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៥​ខែ​​មិថុនា​ឆ្នាំ​២០១១។
លោក ជុំ ម៉ី (ឆ្ឆ្វេង) និង​ លោក ប៊ូ ម៉េង (ស្តាំ) អ្នក​រស់​រាន​ពី​របប​ខ្មែរ​ក្រហម​ ឈរ​បួងសួង​នៅ​នៅ​អតីត​វាលពិឃាដ​ជើង​ឯក នៅ​ជាយក្រុង​​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៥​ខែ​​មិថុនា​ឆ្នាំ​២០១១។

អតីត​អ្នក​ទោស​កុមារនៅ​មន្ទីរ​សន្តិសុខ​ក្រាំង​តាចាន់ ស្រុក​ត្រាំកក់​ ខេត្តតាកែវ ​លោក​មាស សុខា​បាន​បង្ហាញ​ថា​ មន្ទីរ​ឃុំ​ឃាំង​នេះ​ជា​កន្លែង​សម្រាប់​ឃុំ​ឃាំង​អ្នក​ទោស​ផង ​និ​ងជាទី​កន្លែង​ដែល​ត្រូវ​យក​មនុស្សដែលត្រូវ​ចោទ​ប្រកាន់​ជា​ខ្មាំង​របស់​អង្គការ​របស់​ពួក​ខ្មែរ​ក្រហម​យក​មក​សម្លាប់​ផង។

មាន​មនុស្ស​ចំនួន​ជាង​១៥.០០​០នាក់​ត្រូវ​គេ​ដឹង​ថា​បានត្រូវ​សម្លាប់​នៅ​ទី​នេះ។

សាក្សី​លោកមាស សុខា អាយុ៥៤​ឆ្នាំ​បាន​រៀប​រាប់​ថា ​សមាជិក​គ្រួសារ​របស់​លោក​សរុប​ជាង​ដប់​នាក់​ត្រូវ​សម្លាប់​នៅ​ក្នុ​ងគុក​ក្រាំង​តាចាន់​នេះ។ ​ក្នុ​ងនោះ​មាន​ឪពុក បងថ្លៃ​និង​ក្រុម​គ្រួសារ​អ៊ុំ​ស្រី​របស់​លោក​ទាំង​មូល។

«ឪពុក​ខ្ញុំ​ស្លាប់មុន​គេ។​ អ្នក​ធ្វើ​ការ​ពន្ធនាគារ​ប្រាប់​ថា​ឪពុកឯង​គេសម្លាប់នៅ​ទីនេះ។​ ហើយ​ប្អូនៗ​ខ្ញុំ​តូចៗស្លាប់​បី​ខែ​ក្រោយ​ដោយសារអត់ទឹកដោះ។ ​ម្តាយ​ធំ​ខ្ញុំ​ស្លាប់​ទាំង​ពូជ​នៅ​ក្នុង​នេះ​កូន​ប្រហែល​ប្រាំមួយ​នាក់​រួម​ទាំង​ប្តី​គាត់​ផង​»។

លោក​មាស សុខា គឺ​ជា​សាក្សី​មួយ​រូប​ក្នុ​ងការ​កាត់​ទោស​សំណុំរឿង​០០២​វគ្គ​ទី​២​ដែល​មាន​ជន​ជាប់​ចោទ​នួន ជា​និង​ខៀវ សំផន។​ ការ​កាត់​ទោស​វគ្គ​នេះ​ដដែល​នឹង​ផ្តោត​លើអំពើ​ប្រល័យ​ពូជ​សាសន៍​លើ​ជន​ជាតិ​វៀតណាម​និង​ជនជាតិ​ចាម​ ​ឧក្រិដ្ឋកម្ម​នៅ​តាម​ការដ្ឋាន​ធ្វើការ​និង​តាម​មន្ទីរសន្តិសុខ​ឬគុក​ក្រាំង​តាចាន់​និង​គុក​ដទៃ​ទៀត​បូក​រួម​ទាំង​អំពើហិង្សា​ទាក់​ទង​ផ្លូវ​ភេទ​ដូចជា​ការ​បង្ខំ​ឲ្យ​រៀបការជាដើម។

​សាក្សីបាន​រំលឹក​ថា​ក្នុង​ចំណោមសមាជិក​គ្រួសារ​របស់​លោក​មាន​តែ​រូប​លោក ម្តាយ​របស់​លោក​និង​បងស្រី​របស់​លោក​ប៉ុណ្ណោះ​ដែល​មាន​សំណាង​នៅ​រស់​រាន​មាន​ជីវិត។

​លោក​មាស សុខា ​និងសមាជិក​គ្រួសារ​ដែល​នៅ​សេស​សល់ជាប់​ឃុំ​ឃាំងពី​ឆ្នាំ​១៩៧៦​ដល់​ឆ្នាំ​១៩៧៨។ ​រូប​លោក​ក្រោយ​ពី​ជាប់​ឃុំ​មួយ​រយៈ​ត្រូវ​ពួក​ខ្មែរក្រហម​ដោះ​លែង​ឲ្យ​ទៅ​ឃ្វាល​គោ​និង​ក្របី​ចំនួន​ប្រាំមួយ​ក្បាល ប៉ុន្តែ​ត្រូវវិល​ត្រឡប់​មក​កាន់​មន្ទីរ​ឃុំឃាំង​វិញនៅ​ពេល​ល្ងាច។ ​រីឯ​ម្តាយនិង​បង​ស្រី​របស់​លោក​ត្រូវ​ដោះ​លែង​ឲ្យ​ធ្វើ​ការ​នៅ​ពេល​ថ្ងៃ​និង​វិល​ត្រឡប់​ចូល​ក្នុង​បន្ទប់​ឃុំខ្លួន​វិញ​នៅ​ពេល​យប់​ពោល​គឺ​ការ​សម្រាក​ពេល​យប់​ត្រូវ​ដាក់​ខ្នោះ​ជើង។

លោក​មាស​ សុខា បន្ថែម​ថា​ក្នុ​ងចំណោម​អ្នក​ទោសត្រូវ​ពួក​ខ្មែរក្រហម​ជំរិត​សួរ​ចម្លើយ​ដោយ​ប្រើ​ទារុណ​កម្ម ដោយ​ចោទ​ថា​មាន​ប្រវតិ្ត​ធ្វើ​ការ​ក្នុង​រដ្ឋ​កា​រ​សម័យ​សាធារណរដ្ឋ​ខ្មែរ​របស់​លោក​សេនា ប្រមុខ​លន់ ណុល​និងត្រូវ​ចោទ​ថា​ជា​សមាជិក​ក្រុមចារកម្ម​CIA របស់​អាមេរិក​ជាដើម។

«​ខ្ញុំដឹង​ថ្ងៃ​មួយ​គេ​យក​(មនុស្ស)​ពី​ឃុំស្រែននោង​និង​ឃុំញ៉ែងញ៉ង​ប្រមាណ​១៣០​នាក់។ គេ​ដឹក​មក​ដល់​ប្រហែល​ម៉ោង​៣​រសៀល។ គេ​ក៏ជីក​រណ្តៅ​ជម្រៅ​៣​ម៉ែត្រ។ ​ទំហំ​៥ម៉ែត្រ​បួន​ជ្រុង។ ​គេសម្លាប់​ក្នុ​ងមួយ​យប់​ហ្នឹង។ ​តែ​ច្រើន​ជាង​ហ្នឹង​ក៏មាន​ដែរ។ ​គេ​អត់​ចាំ​បាច់​សួរ​ចម្លើយ​ទេ។​ ​ខ្ញុំ​ឃើញ​ផ្ទាល់​ភ្នែក។​ នៅ​វេលា​ម៉ោង​ប្រមាណ​៤​រសៀល។​ ហើយ​មុន​នឹង​សម្លាប់​គេ​ចាក់​មេក្រូ​ឮ​កង​រំពង​ដើម្បី​បន្លប់​កុំឲ្យ​មនុស្ស​ស្តាប់​ឮ»។​

​លោក​មាស សុខា បន្ត​ថាអ្នក​ទោស​ត្រូវ​ធ្វើ​ទារុណ​កម្ម​ជំរិត​ទារយក​ចម្លើយដោយ​ប្រើ​ដំបង ច្រវាក់​ ពូថៅ​គល់ឬស្សី និង​ដង្កាប់​សម្រាប់​ចាប់​ទាញ​ក្រចក។ ​ឬជួន​កាលពួក​ខ្មែរក្រហម​យក​ស្បោង​ផ្លា​ស្ទីក​ខ្ទប់​ច្រមុះ​អ្នក​ទោសដើម្បី​បង្ខំទារ​ចម្លើយ​ដែរ។
«​ពេល​វាយ​សួរ​ចម្លើយ ហើយ​អ្នក​ទោស​ដាច់​អាហារ​ស្លាប់​សឹង​រាល់​យប់​។ ​មួយយប់ម្នាក់ឬ​ពីរនាក់មុន​នឹង​គេ​យក​ទៅ​សម្លាប់​ចោល។ ​អ្នក​ទោស​នៅ​ក្នុ​ងនោះ​មាន​ប៊ីដុង​មួយ​សម្រាប់​យក​ទឹក​នោម​ឬលាមក។ ហើយ​គេ​មាន​ត្រឡោក​មួយ​ឲ្យ​យើង​ងើប​ជុះ​ទាំង​ជើង​ជាប់​ខ្នោះ។ ​គ្រាន់​តែ​ផ្អៀង​ខ្លួន​បន្តិច​និង​ហុច​បន្ត​គ្នា​យក​ទៅ​ចាក់​ក្នុ​ង​ប៊ី​ដុងសម្រាប់​ដាក់​លាមក​និង​ទឹក​នោម»។​

​នៅ​ក្នុង​ការ​ផ្តល់​សក្ខី​កម្ម​នៅ​ថ្ងៃ​នេះ​លោកមាស សុខា បាន​បញ្ជាក់ថា​ក្រុមឃាតករ​សម្លាប់​អ្នកទោស​ឬ​ក្រុម​អ្នក​សួរ​ចម្លើយ​អ្នក​ទោស​នៅ​គុក​ក្រាំង​តាចាន់​សុទ្ធ​តែ​បាន​ផឹក​ប្រមាត់​មនុស្ស​លាយ​ជាមួយ​នឹង​ស្រា​មុន​នឹង​ចាប់​ផ្តើម​សម្លាប់​ឬ​សួរ​ចម្លើយ​អ្នក​ទោស៕

XS
SM
MD
LG