អ្នកនយោបាយមួយចំនួនបានប្រើប្រាស់ការបកស្រាយច្បាប់ដោយភាពមិនត្រឹមត្រូវ មកពង្វក់យុវជនដែលមិនមានចំណេះដឹងផ្នែកច្បាប់គ្រប់គ្រាន់ ដើម្បីប្រើប្រាស់ពួកគេធ្វើជាឧបករណ៍នយោបាយ។ នេះបើតាមការលើកឡើងរបស់លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌។
កាលពីព្រឹកថ្ងៃអង្គារក្នុងសប្ដាហ៍នេះ លេខាធិការដ្ឋានអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌នៃក្រសួងយុត្តិធម៌ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកម្មវិធីយុវជនក្នុងបុព្វហេតុកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ជាមួយមហាវិទ្យាល័យច្បាប់ និងកិច្ចការសាធារណៈនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា និងសមាគមស្រាវជ្រាវ និងផ្សព្វផ្សាយច្បាប់ខ្មែរ។
លោក ជិន ម៉ាលីន ប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ការចុះអនុស្សរណៈនោះថា យុវជនជាច្រើនដែលខ្វះខាតចំណេះដឹងផ្នែកច្បាប់ កំពុងត្រូវបានអ្នកនយោបាយប្រើប្រាស់ដើម្បីទទួលបានផលចំណេញផ្នែកនយោបាយ។
លោកបន្តថា យុវជនដែលតែងរិះគន់ការដឹកនាំរបស់រដ្ឋាភិបាលភាគច្រើន ជាយុវជនដែលគាំទ្រគណបក្សប្រឆាំង ហើយថាពួកគេរិះគន់ដោយសារពួកគេមិនយល់ពីទិដ្ឋភាពច្បាប់ពិតប្រាកដ។
លោកបន្ថែមថា ទង្វើទាំងនោះនាំឲ្យមានគ្រោះថ្នាក់ដល់សង្គម និងធ្វើឲ្យពួកគេរងផលប៉ះពាល់ រហូតឈានដល់ការទទួលរងគ្រោះផ្នែកផ្លូវច្បាប់ក៏មាន។
លោកបញ្ជាក់ថា៖ «សង្គមយើងមិនបាច់មើលអីទេ មើលតែការបញ្ចេញមតិរបស់យុវជនយើងនៅតាមបណ្ដាញហ្វេសប៊ុក តើយើងអាចទទួលយកបានប៉ុន្មាន។ អ្នកខ្លះចេញមកមិនដឹងរឿងអីផងជេរយកតែម្ដង។ ឮគេថាអញ្ចេះ ឮគេថាអាហ្នឹងខុសច្បាប់ ឮថាអាហ្នឹងមិនស្របនឹងលទ្ធិប្រជាធិបតេយ្យ បន្ទរតាមគេហើយជេរថែម មិនដឹងថាខ្លឹមសារពិតប្រាកដហ្នឹងគេនិយាយថាម៉េចផង មិនដឹងថាអាហ្នឹងខុសច្បាប់ត្រង់ណា ។ អាហ្នឹងខុសគោលការណ៍ប្រជាធិបតេយ្យត្រង់ណាផង។ ខ្ញុំសោកស្ដាយដែលយុវជនរបស់យើងក្លាយជាឧបករណ៍នយោបាយរបស់អ្នកនយោបាយ ដែលគ្មានការទទួលខុសត្រូវ របស់អ្នកវិភាគដែលគ្មានការទទួលខុសត្រូវ ហើយអះអាងថាជាអ្នកវិភាគឯករាជ្យ។ អាហ្នឹងគឺសម្លាប់យុវជនយើងនៅពេលដែលគាត់មិនមានការពិចារណាច្បាស់លាស់»។
លោក ជិន ម៉ាលីន បន្ថែមថា ការចុះអនុស្សរណៈលើកម្មវិធីផ្នែកច្បាប់នេះ នឹងធ្វើឲ្យយុវជនអាចពិចារណាវែកញែកលើការវិភាគ និងការអត្ថាធិប្បាយណាមួយឲ្យស្របតាមច្បាប់ដើម្បី ជៀសវាងការធ្វើសកម្មភាពនយោបាយដែលមិនត្រឹមត្រូវ។
លោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ប្រាប់ VOA ថា យុវជនមិនមែនជាឧបករណ៍របស់អ្នកនយោបាយណាមួយនោះទេ។
លោកស្រីបន្តថា ការបញ្ចេញមតិ និងការរិះគន់រដ្ឋាភិបាលរបស់យុវជន កើតឡើងដោយសារបញ្ហា និងភាពអសកម្មនានាដែលកំពុងកើតមាននៅកម្ពុជា។
លោកស្រីបញ្ជាក់ថា៖ «យុវជនយល់ថាអ្នកណា គណបក្សណា ក្រុមអ្នកដឹកនាំណា ដែលជាអ្នកប្រជាធិបតេយ្យពិតប្រាកដ ជាអ្នកអាចទៅដោះស្រាយបញ្ហា មានឆន្ទៈគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហា។ ដូច្នេះយុវជនបានឃើញអស់រយៈពេលជាង៣០ឆ្នាំនេះ។ ឥឡូវ យុវជនតាំងពីកើតមករហូតមកដល់ពេលនេះ គ្នាទៅបោះឆ្នោត តើគ្នាបានឃើញអី? បែកបាក់គ្រួសារ បាត់បង់ដីធ្លី អំពើពុករលួយ គម្លាតជាមួយអ្នកមាន និងអ្នកក្រ ការមិនចេះអក្សរ ប្រជែងជាមួយប្រទេសជិតខាងមិនកើត បានធ្វើអី? បានធ្វើការងារដែលអត់មានជំនាញ ហើយយុវជនចង់បានឲ្យមានការផ្លាស់ប្ដូរ»។
លោកស្រី មូរ សុខហួរ បន្ថែមថា យុវជនមានតួនាទីយ៉ាងសំខាន់ដើម្បីចូលរួមក្នុងវិស័យនយោបាយ ដូច្នេះរដ្ឋាភិបាលគួរតែផ្ដល់ឱកាសឲ្យយុវជនចូលរួមបញ្ចេញមតិឲ្យបានកាន់តែច្រើនក្នុងសង្គម ជាជាងការបំបិទសិទ្ធិ និងបំបាក់ស្មារតី តាមរយៈការគំរាមកំហែងពួកគេដោយប្រើប្រព័ន្ធតុលាការ។
កន្លងមក ប្រជាពលរដ្ឋ ជាពិសេសយុវជនតែងមានភាពប្រុងប្រយ័ត្នក្នុងការបញ្ចេញមតិ និងចូលរួមសកម្មភាពនយោបាយនានា ជាពិសេសការបញ្ចេញមតិលើបណ្ដាញសង្គម ក្រោយពីមានការចោទប្រកាន់ និងការឃុំខ្លួនយុវជនមួយចំនួន បន្ទាប់ពីពួកគេបានបង្ហោះសារផ្សេងៗដែលបង្ហាញពីការមិនគាំទ្រ និងរិះគន់ការដឹកនាំរបស់រដ្ឋាភិបាលបច្ចុប្បន្ន។
លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៃសកលវិទ្យាល័យក្នុងស្រុកមួយ មានប្រសាសន៍ថា លោកមិនយល់ស្របចំពោះការលើកឡើងដែលថាយុវជនមិនមានចំណេះដឹងផ្នែកច្បាប់គ្រប់គ្រាន់ដែលអាចងាយនឹងឲ្យអ្នកនយោបាយប្រើប្រាស់ដើម្បីធ្វើជាឧបករណ៍នយោបាយបាននោះទេ។
លោកបន្ថែមថា យុវជនមានមូលដ្ឋានក្នុងការគិតពិចារណា ដោយផ្អែកលើចំណេះដឹងរបស់ពួកគេ ដូច្នេះការបញ្ចេញមតិរបស់ពួកគេធ្វើឡើងដោយសារពួកគេមើលឃើញពីបញ្ហាក្នុងសង្គម និងភាពអវិជ្ជមាននៃការដឹកនាំប្រទេសរបស់រដ្ឋាភិបាល។
លោកបញ្ជាក់ថា៖ «យុវជនភាគច្រើនគាត់អត់បានសិក្សាផ្នែកច្បាប់ទេ។ គាត់រៀនមុខវិជ្ជាផ្នែកច្បាប់ហ្នឹងជាមុខវិជ្ជាគោលតូចមួយទេ មួយឆមាសអីទេ។ ប៉ុន្តែបើសិនដូចទស្សនៈថាងាយស្រួលអូសទាញអញ្ចឹងយុវជនទាំងអស់ រដ្ឋាភិបាល ឬក៏គណបក្សកាន់អំណាចហ្នឹង គេអូសទាញ គេឲ្យដើរតាមគេ ពុំមានយុវជនលើកទស្សនៈប្រឆាំងរដ្ឋាភិបាលទេ។ តែទស្សនៈបច្ចុប្បន្ន យុវជនលើកឡើងទស្សនៈគំនិតមួយចំនួនហ្នឹងវាអត់ស្របនឹងគោលការណ៍ ឬការលើកឡើងរបស់រដ្ឋាភិបាលទេ។ អញ្ចឹងបានន័យថា រដ្ឋាភិបាលពុំទាន់អូសទាញយុវជនបានទាំងអស់ទេ ហើយយុវជនទាំងអស់មិនមែនជាអ្នកសិក្សាផ្នែកច្បាប់ទេ»។
លោក ឯម សុវណ្ណារ៉ា បន្ថែមថា ការបំបិទសេរីភាពប្រជាពលរដ្ឋក្នុងការបញ្ចេញមតិ ឬហាមឃាត់មិនឲ្យរិះគន់លើការអនុវត្តរបស់រដ្ឋាភិបាល នឹងធ្វើឲ្យពួកគេលែងហ៊ានបញ្ចេញមតិដើម្បីចូលរួមក្នុងការអភិវឌ្ឍសង្គម។
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានយុវជនមួយចំនួនត្រូវបានអាជ្ញាធរចាប់ខ្លួន។ យុវជនខ្លះត្រូវបានឃាត់ខ្លួនយកទៅសាកសួរ និងធ្វើកិច្ចសន្យាជាថ្នូរនឹងការដោះលែង។ ខ្លះទៀតត្រូវបានតុលាការចោទប្រកាន់ និងផ្ដន្ទាទោសពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បន្ទាប់ពីពួកគេបានបង្ហោះសារផ្សេងៗលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ពាក់ព័ន្ធនឹងការរិះគន់រដ្ឋាភិបាល។
ក្រុមសង្គមស៊ីវិលយល់ថា ការបង្ហោះសារលើបណ្ដាញសង្គមរបស់យុវជនទាំងនោះ គឺជាទម្រង់មួយនៃការបញ្ចេញមតិ មិនមែនជាបទល្មើសនោះទេ៕