ថ្វីបើយុវជនគឺជាតួអង្គសំខាន់ជាងគេមួយក្នុងចំណោមតួអង្គសំខាន់ៗក្នុងការតម្រង់ទិសសង្គម ឲ្យឈានដល់ការផ្លាស់ប្ដូរនយោបាយជាវិជ្ជមានក្ដី ក៏ក្រុមមន្ត្រីសង្គមស៊ីវិល ដែលឃ្លាំមើលមើលការបោះឆ្នោត និងសកម្មភាពយុវជននៅកម្ពុជា លើកឡើងថាសកម្មភាពនយោបាយរបស់យុវជន ទាមទារនូវសុចរិតភាព និងត្រូវធានាថា សកម្មភាពរបស់ពួកគេមិនមែនជាល្បែងនយោបាយ។
លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វែ្រល លើកឡើងថា វាជាតួនាទីរបស់យុវជនក្នុងការធ្វើសកម្មភាពនយោបាយ ដូចជាទាក់ទងជាមួយអ្នកនយោបាយ ឬក៏ប្រើឥទ្ធិពលរបស់ខ្លួនទៅលើអ្នកនយោបាយ ក៏ប៉ុន្តែលោកដាស់តឿនថា សកម្មភាពទាំងនោះ គប្បីធ្វើឡើងដោយឆន្ទៈសុចរិត។
«គ្រាន់តែយុវជនសំខាន់ ធ្វើម៉េចឲ្យការចូលរួមហ្នឹង ព្រោះយើងទើបតែចាប់ផ្ដើម ធ្វើម៉េចត្រូវបង្ហាញពីសុចរិតភាព តម្លាភាពនៅក្នុងសកម្មភាពដែលយើងធ្វើអញ្ចឹងប្រាកដជាមានឥទ្ធិពលខ្លាំងទៅលើអ្នកនយោបាយ។ ដោយប្រើការតស៊ូមតិ និងការបញ្ចេញយោបល់ ធ្វើម៉េចឲ្យកិច្ចការនយោបាយដើរឲ្យចំផ្លូវត្រូវ»។
គេសង្កេតឃើញថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៥កាលពីឆ្នាំ២០១៣ គឺជាចំណុចរបត់មួយនៃការផ្លាស់ប្ដូរផ្នត់គំនិត និងចលនារបស់យុវជនកម្ពុជា។
ការផ្លាស់ប្ដូរនេះ ធ្វើឡើងតាមរយៈការសម្ដែងមតិការចូលរួមសកម្មភាពនយោបាយជាចំហ ការពិភាក្សាអំពីនយោបាយនៅទីសាធារណៈជាដើម ដែលនិន្នាការទាំងនេះ គេកម្រប្រទះឃើញក្នុងអាណត្តិមុនៗ។ ចលនាបែបនេះនឹងកាន់តែមានសារៈសំខាន់ថែមទៀត សម្រាប់ការបោះឆ្នោត ឃុំសង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០១៨ខាងមុខ។
ចាប់តាំងពីដើមខែមីនា ឆ្នាំ២០១៦មក ក្រុមយុវជនកម្ពុជាមួយចំនួនដែលអះអាងថាខ្លួនឯករាជ្យ ដឹកនាំដោយកញ្ញា ធី សុវណ្ណថា និងលោក ស្រី ចំរើន បានធ្វើសកម្មភាពជាបន្តបន្ទាប់ ដើម្បីទាមទារឲ្យលោក កឹម សុខា ចុះចេញពីតំណែងជាអនុប្រធានគណបក្សសង្គ្រោះជាតិ។
ក្រុមយុវជនទាំងនេះជារឿយៗ បានដាក់ញត្តិទៅកាន់ស្ថាប័នកំពូលៗ ធ្វើសិក្ខាសាលា ឬកិច្ចពិភាក្សានានា ព្រមទាំងយុទ្ធនាការប្រមូលស្នាមមេដៃ ទាមទារដកលោក កឹម សុខា ចេញពីតំណែងជាដើម។
ពួកគេអះអាងថា លោក កឹម សុខា ប្រព្រឹត្តអំពើអសីលធម៌ ដែលប៉ះពាល់ដល់វប្បធម៌កម្ពុជា និងជាគំរូអាក្រក់ដល់យុវជន។ ក៏ប៉ុន្តែ សកម្មភាពដោយចំពោះរបស់ក្រុមយុវជនទាំងនេះ ហាក់ត្រូវបានគេវាយតម្លៃថា ជាការបង្កចលាចលដល់បរិយាកាសនយោបាយនៅកម្ពុជា ជាជាងគាំទ្រថា នេះជាការអនុវត្តសិទ្ធិនយោបាយរបស់យុវជន។
ក្រុមមន្ត្រីសង្គមស៊ីវិល យល់ថាយុវជនទាំងនេះកំពុងយកចិត្តទុកដាក់ខ្លាំងជ្រុលចំពោះរឿងផ្ទាល់ខ្លួនរបស់អ្នកនយោបាយ ច្រើនជាងពិចារណាទៅលើគោលនយោបាយគណបក្ស។
លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និកហ្វិក ឲ្យដឹងថា ការចូលរួមនយោបាយរបស់យុវជនគឺជាសិទ្ធិរបស់ពួកគេ។ ប៉ុន្តែ លោកទទូចកុំឲ្យពួកគេយករឿងបុគ្គលមកលាយឡំនឹងរឿងនយោបាយ។
លោក សំ គន្ធាមី យល់ថាយុវជន គប្បីផ្ដោតអារម្មណ៍ទៅលើការឃ្លាំមើលការអនុវត្តគោលនយោបាយរដ្ឋាភិបាលជាអាទិភាពវិញ។ រីឯ ការរិះគន់ឯកជនភាពរបស់អ្នកនយោបាយ គួរធ្វើឡើងនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតវិញ។
«យុវជនគួរតែជួយផ្តល់ព័ត៌មានទៅដល់អ្នកបោះឆ្នោត ឲ្យអ្នកបោះឆ្នោតទាំងអស់ចូលរួមក្នុងក្នុងការចុះបញ្ជីឈ្មោះបោះឆ្នោតនាពេលខាងមុខ។ ជួយអប់រំជួយផ្ដល់ព័ត៌មានដល់អ្នកបោះឆ្នោតវិញ ជាការល្អជាង។ នេះជាតម្រូវការចាំបាច់របស់សង្គមយើង។ យោបល់ខ្ញុំបច្ចុប្បន្ននេះ អ្នកនយោបាយជារឿងបន្ទាប់បន្សំ។ ផ្ដោតអារម្មណ៍ទៅលើការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល លោកត្រូវឃ្លាំមើលស្ថាប័នរដ្ឋកំពូលទាំង៣ឲ្យបានជិតស្និត»។
លោក ជាង សុខា នាយកប្រតិបត្តិអង្គការកម្មវិធីអភិវឌ្ឍធនធានយុវជន ឬ YRDP បានឲ្យដឹងថា យុវជនគួរតែចូលរួមក្នុងនយោបាយដោយឈរលើមូលដ្ឋានច្បាប់ ចៀសវាងក្លាយខ្លួនជាឧបករណ៍នយោបាយក្នុងរូបភាពណាមួយ។
លោកបន្តថា សកម្មភាពនយោបាយរបស់យុវជន គួរតែធ្វើឡើងដើម្បីលើកកម្ពស់សុខុមាលភាពក្នុងសង្គម និងការអភិវឌ្ឍប្រទេសជាតិ។ លោកបន្ថែមថា ការការពារធនធានធម្មជាតិ ទីផ្សារការងារ ការរំលោភសិទ្ធិមនុស្ស និងអំពើពុករលួយទៅវិញទេ ដែលគួរតែមានចលនាចូលរួមផុលផុសពីសំណាក់យុវជននោះ។
«សកម្មភាពយុវជនទាំងអស់ គួរតែឈរលើមូលដ្ឋានដើម្បីឲ្យប្រទេសយើងធ្វើដំណើរទៅមុខឈានទៅរកនីតិរដ្ឋ ជាជាងយើងធ្វើសកម្មភាពទៅតាមអារម្មណ៍ ឬការបញ្ជាររបស់អ្នកដែលមានអំណាច។ មិនមែនជានយោបាយបែបនឹងទេ វាជាល្បែងនយោបាយ មានន័យថា សកម្មភាពដែលធ្វើដើម្បីប៉ែងជើងគ្នាទៅវិញទៅមកនៅក្នុងសង្គមខ្មែរ។ នយោបាយបែបហ្នឹង ក្នុងនាមខ្ញុំជាអ្នកធ្វើការជាមួយយុវជន ខ្ញុំមិនចង់ឃើញយុវជនប្រលូកក្នុងរឿងបែបហ្នឹងទេ ព្រោះវាអត់នាំឲ្យមានសេចក្ដីសុខដល់ប្រជាជនទូទៅ»។
ក្រុមមន្ត្រីសង្គមស៊ីវិល អះអាងថា យុវជនគួរតែអនុវត្តសិទ្ធិនយោបាយក្នុងរូបភាពឃ្លាំមើលដំណើរការវិវត្តន៍នៃសង្គម ពោលគឺយុវជនត្រូវឃ្លាំមើលអ្នកនយោបាយទាំង៣ដំណាក់កាលនៃការបោះឆ្នោត គឺមុនពេលបោះឆ្នោត អំឡុងពេលបោះឆ្នោត និងក្រោយការបោះឆ្នោត។
ពួកគេ លើកឡើងថា មុនពេលបោះឆ្នោត យុវជនត្រូវតាមដានការប្រព្រឹត្តទៅនៃការងាររបស់រដ្ឋាភិបាល។ លើសពីការតាមដាន គាត់ត្រូវចូលរួមធ្វើសកម្មភាពដើម្បីទាមទារឲ្យអ្នកនយោបាយធ្វើអ្វី ដែលបានសន្យា និងបានកំណត់ក្នុងគោលនយោបាយគណបក្ស។
ក្នុងពេលបោះឆ្នោត យុវជនអាចដើរតួជាអ្នកបោះឆ្នោត អ្នកឈរឈ្មោះបោះឆ្នោត ឬដើរតួជាអ្នកសង្កេតការណ៍បោះឆ្នោត។ រីឯ ក្រោយពេលបោះឆ្នោត យុវជនត្រូវឃ្លាំមើលអ្នកនយោបាយឲ្យកាន់តែដិតដល់ថែមទៀត ដើម្បីទាមទារឲ្យអ្នកជាប់ឆ្នោតមានការទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋ។
គិតមកត្រឹមឆ្នាំ២០១៤នេះ ចំនួនយុវជនដែលមានអាយុចន្លោះពី១៥ឆ្នាំដល់២៩ឆ្នាំ នៅកម្ពុជាមានចំនួនប្រមាណ៥លាននាក់។ ចំនួននេះស្មើនឹង៣០%នៃចំនួនប្រជាជនសរុប និងមានការកើនឡើងដល់៤០%នៅឆ្នាំ២០២០។
ចំនួនយុវជននេះ ត្រូវបានគេជឿជាក់ថា នឹងមានឥទ្ធិពលខ្លាំងក្លាចំពោះលទ្ធផលបោះឆ្នោតនៅឆ្នាំ២០១៧ និង២០១៨ខាងមុខ។
ក៏ប៉ុន្តែ ចំណោទបញ្ហាស្ថិតនៅត្រង់ថា តើយុវជនខ្លួនឯងមានលទ្ធភាពទាញយកផលប្រយោជន៍បានកម្រិតណាពីអ្នកនយោបាយ ដើម្បីទទួលបានការឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ពួកគេ និងអភិវឌ្ឍសង្គមជាវិជ្ជមាននោះ៕