ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

និស្សិត​ គង់ ​រ៉ាយ៉ា​ ការពារ​ភាព​ស្លូតត្រង់​ក្នុង​ការ​បំផុស​ឱ្យ​ធ្វើ​បដិវត្តន៍​ពណ៌


រូបឯកសារ៖ កម្មករ​រោងចក្រកម្ពុជា​ស្រែកហូ និង​ក្រវីទង់ជាតិ​ខ្មែរ នៅ​ពេល​ដែល​ពួក​គេ​ចូលរួម​ក្នុង​បាតុកម្ម​មួយ ដើម្បី​អំពាវនាវឲ្យ​រដ្ឋាភិបាល​តម្លើង​ប្រាក់​បៀរវត្សរ៍​ក្នុង​ក្បួន​ដង្ហែរ​ថ្ងៃទិវាពលកម្ម​អន្តរជាតិ​នៅ​ទីក្រុងភ្នំពេញ ថ្ងៃទី១ ខែ​ឧសភា ឆ្នាំ២០១៥។
រូបឯកសារ៖ កម្មករ​រោងចក្រកម្ពុជា​ស្រែកហូ និង​ក្រវីទង់ជាតិ​ខ្មែរ នៅ​ពេល​ដែល​ពួក​គេ​ចូលរួម​ក្នុង​បាតុកម្ម​មួយ ដើម្បី​អំពាវនាវឲ្យ​រដ្ឋាភិបាល​តម្លើង​ប្រាក់​បៀរវត្សរ៍​ក្នុង​ក្បួន​ដង្ហែរ​ថ្ងៃទិវាពលកម្ម​អន្តរជាតិ​នៅ​ទីក្រុងភ្នំពេញ ថ្ងៃទី១ ខែ​ឧសភា ឆ្នាំ២០១៥។

យុវជន​ឈ្មោះ​ គង់ រ៉ាយ៉ា ​អាយុ​២៥ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន ហើយ​​តុលាការ​បាន​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​កាលពី​ថ្ងៃទី​២២​ ខែ​សីហា​ឆ្នាំ២០១៥​ ក្រោម​ការ​ចោទ​ប្រកាន់ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ។

អតីត​និស្សិត​សាកល​វិទ្យាល័យ​ខេមរៈ​ រាជធានី​ភ្នំពេញ​ ដែល​អំពាវនាវ​នៅលើ​បណ្តាញ​សង្គម Facebook​ ឲ្យ​មានការ​ធ្វើ​បដិវត្តន៍​ពណ៌​ប្រឆាំង​នឹងរដ្ឋា​ភិបាល​នោះ​ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បើក​សវនាការ​ជំនុំជម្រះ​នៅព្រឹក​ថ្ងៃសុក្រ។​ យុវជន​ឈ្មោះ​ គង់ រ៉ាយ៉ា ​អាយុ​២៥ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន ហើយតុលាការ​បាន​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​កាលពី​ថ្ងៃទី​២២​ ខែ​សីហា​ឆ្នាំ២០១៥​ ក្រោម​ការ​ចោទ​ប្រកាន់ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ។​

លោក​ អំ សំអាត ​ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ ដែល​បាន​ចូល​រួម​សវនាការ​ នៅព្រឹក​ថ្ងៃ​សុក្រ​ បាន​ប្រាប់​ VOA​ ថា ​ក្នុង​សវនាការ​នោះ ​យុវជនឈ្មោះ​ គង់ រ៉ាយ៉ា​ បាន​ប្រាប់អង្គ​ជំនុំ​ជម្រះ​ថា​ ខ្លួន​មិន​យល់​ពី​ពាក្យ​បដិវត្តន៍​ពណ៍​នោះ​ទេ។ ​ហើយ​មុន​ពេល​សរសេរ​លើ​ទំព័រ​ Facebook ​ យុវនិស្សិត​នេះ​បាន​សួរ​សាស្រ្តាចារ្យ​ដែល​ពន្យល់​ថា ​បដិវត្តន៍​ពណ៌​មាន​ន័យ​ថា ​ការ​ប្រមូល​ផ្តុំ​តវ៉ា​ដោយ​សន្តិវិធី​ ហើយ​មាន​ន័យ​ដូច​បាតុកម្ម​អហិង្សា​ដែរ។

លោក​ អំ សំអាត ​ឲ្យ​ដឹង​ថា ​ ក្នុង​សវនាការ​នៅ​ព្រឹក​ថ្ងៃសុក្រ​នេះ អ្នក​អំពាវនាវ​ឲ្យ​មាន​បដិវត្តន៍​ពណ៌​តែ​ម្នាក់​ឯង​នេះ​ បាន​សុំ​ឲ្យ​តុលាការ​លើក​លែងទោស​ ឬ​បន្ធូរ​បន្ថយ​ទោស។​

«ប៉ុន្តែ​ យើង​សង្គម​ស៊ីវិល ​យើង​ឃើញ​ថា ​ករណី​នេះ​ បើ​យើង​មើល​ទៅ​ វា​ជា​ការ​បញ្ចេញ​ទស្សនៈ​របស់​ខ្លួន​គាត់​ផ្ទាល់ ​ណា៎។​ វា​ហាក់​ដូចជា​មិន​មាន​បទ​ល្មើស​ក្នុង​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ហ្នឹង​ទេ ​ពីព្រោះ​ក្រោយពី​គាត់​ដាក់​ក្នុង​ Facebook ​ហ្នឹង​មក​ ក៏​វា​គ្មាន​បញ្ហា​អ្វី​កើត​ឡើង»។

ក្នុង​សវនាការ​នេះ ​លោក​ ស្រី ម៉ាកនី ​តំណាង​អយ្យការ ​មិន​បាន​សួរ​ដេញ​ដោល​ច្រើន​ទេ។​ ហើយ​លោក​បានសុំ​ឲ្យ​ចៅក្រម​តម្កល់​ការ​សម្រេច​របស់​តំណាង​ព្រះរាជ​អាជ្ញា ​ដោយ​ផ្អែក​លើ​ភស្តុតាង​ និង​សេចក្តី​សារភាព​របស់​ជនជាប់​ចោទ។

លោក​ចៅក្រម​ ហេង សុខណា​ ឲ្យ​ដឹង​ថា ​តុលាការ​គ្រោង​នឹង​ប្រកាស​សាលក្រម​នៅថ្ងៃ​ទី១៥ ​ខែ​មីនា។

លោក​ សំ សុគង់​ មេធាវី​របស់​យុវជន​ គង់ រ៉ាយ៉ា​ និយាយ​ថា​ កូនក្តី​របស់​លោក​ធ្វើ​ការ​រិះគន់​ដោយ​អហិង្សា​យូរ​ហើយ តែ​គ្មាន​សកម្មភាព​ញុះញង់​ឲ្យ​មាន​បទ​ឧក្រិដ្ឋ​ ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។

«ខ្ញុំ​ មេធាវី​ការពារ​ឲ្យ​គាត់ ​សង្ឃឹម​ថា ​គាត់​នឹង​ត្រូវ​សម្រេច​ឲ្យ​ដោះលែង​ ឲ្យ​នៅ​ក្រៅ​ឃុំ ​រួចផុត​ពី​បទ​ចោទ​នោះ​ណា៎»។ លោក​សង្ឃឹម​ថា​ កូនក្តី​របស់​លោក​គួរ​រួច​ពី​បទ​ចោទ​ប្រកាន់​ បើ​មិន​ដូច្នេះ​ទេ ​លោក​នឹង​ប្តឹង​ឧទ្ធរណ៍​ត​ទៅ​ទៀត។

កាលពី​ថ្ងៃទី​៧ ​ខែ​សីហា ​ឆ្នាំ​២០១៥ ​ យុវជន​ឈ្មោះ គង់ រ៉ាយ៉ា​ បាន​សរសេរ​បង្ហោះ​លើ​ Facebook ​ថា៖​ «តើ​មាន​នរណា​ម្នាក់​ហ៊ាន​ធ្វើ​បដិវត្តន៍​ពណ៌​ជាមួយ​ខ្ញុំ​ទេ?»។

លោក​បាន​បន្ត​ថា ​ ថ្ងៃ​ណាមួយ​នៅ​ពេល​អនាគត ​លោក​នឹង​ធ្វើ​បដិវត្តន៍​ពណ៌ ​ដើម្បី​ផ្លាល់​ប្តូរ​របប​សម្រាប់​សង្គម​ខ្មែរ​ ហើយ​បើទោះ​ជា​ត្រូវ​ជាប់​ពន្ធនាគារ ឬ​ស្លាប់​ក៏​នៅតែ​ធ្វើ​វា​ដដែល។​

លោក​ អំ សំអាត ​និយាយ​ថា ​ការ​ចាប់ខ្លួន​យុវជន​នេះ​គឺ​ជា​ការ​ព្រមាន​អ្នក​បញ្ចេញ​ទស្សនៈ​រិះគន់​រដ្ឋាភិបាល​ ហើយ​ការ​ឃុំខ្លួន​នេះ​ធ្វើ​ឲ្យ​ខូច​អនាគត​អតីត​និស្សិត​រូប​នេះ។

នៅ​ថ្ងៃសុក្រ​នេះ​ដែរ ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន​ បាន​ថ្លែង​ថា យុវជន​មាន​តួនាទី​យ៉ាង​សំខាន់​សម្រាប់​ថែរក្សា​នូវ​សន្តិភាព​ និង​អភិវឌ្ឍ​សង្គម​ជាតិ ​ប៉ុន្តែ​មាន​យុវជន​មួយ​ចំនួន​បណ្តោយ​ខ្លួន​ឲ្យ​ក្លាយ​ជា​ ឧបករណ៍​នយោបាយ​ ប្រកាន់​និន្នាការ​ជ្រុល​និយម​ធ្វើ​ឲ្យ​បាត់បង់​ឱកាស​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​សង្គម​ជាតិ។​

លោក​ ហ៊ុន សែន ថ្លែង​ដូច្នេះ​ក្នុង​ពិធី​វេទិកា​យុវជន​អាស៊ី​២០១៦​ ក្រោម​ប្រធាន​បទ​«សន្តិភាព​ប្រជា​ធិបតេយ្យ ​និង​ភាព​ជា​ដៃគូ​ក្នុង​តំបន់​ឆ្ពោះ​ទៅ​រក​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ ដោយ​ចីរភាព»។ កម្មវិធី​នេះ​ដឹកនាំ​ដោយ​លោក​ ហ៊ុន ម៉ានី​ កូន​ប្រុស​ពៅ​របស់​លោក​ ដែល​គេ​ដឹង​ថា ​មាន​ចេតនា​ចង់​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី។​

ទោះ​ជា​យ៉ាងណា​ក្តី ​អ្នក​វិភាគ​បញ្ហា​សង្គម និង​នយោបាយ ​បាន​បកស្រាយ​ថា ​យុវជន​ដែល​មើល​ឃើញ​អយុត្តិធម៌​សង្គម​ បាន​ធ្វើការ​តស៊ូ​មតិ​តាម​បណ្តាញ​សង្គម​ Facebook ​និង​បាន​ចូលរួម​បាតុកម្ម​ដើម្បី​ឲ្យមាន​ការ​ផ្លាស់ប្តូរ​ជាដើម តែ​ពួកគេ​បាន​រងការ​គំរាម​កំហែង​ជា​បន្ត​បន្ទាប់៕

XS
SM
MD
LG