ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កំពូល តម្កល់​សាលដីកា​សាលា​ឧទ្ធរណ៍ កាត់ទោស​និស្សិត គង់ រ៉ៃយ៉ា ឲ្យ​ជាប់​ពន្ធនាគារ​១៨​ខែ រឿង​បដិវត្តន៍​ពណ៌


យុវជន គង់ រ៉ៃយ៉ា (កណ្តាល) ត្រូវបាន​នាំ​ខ្លួន​មក​កាន់​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃអង្គារ ទី១៥ ខែ​មីនា ឆ្នាំ​២០១៦។ យុវជន​នេះ​ត្រូវបាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១ឆ្នាំ​កន្លះ ដោយសារ​តែ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គមហ្វេកប៊ុក​ទាមទារ​ឲ្យ​មាន​បដិវត្តន៍​ពណ៌។ (ពិន ស៊ីសុវណ្ណ/ VOA)
យុវជន គង់ រ៉ៃយ៉ា (កណ្តាល) ត្រូវបាន​នាំ​ខ្លួន​មក​កាន់​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃអង្គារ ទី១៥ ខែ​មីនា ឆ្នាំ​២០១៦។ យុវជន​នេះ​ត្រូវបាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១ឆ្នាំ​កន្លះ ដោយសារ​តែ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គមហ្វេកប៊ុក​ទាមទារ​ឲ្យ​មាន​បដិវត្តន៍​ពណ៌។ (ពិន ស៊ីសុវណ្ណ/ VOA)

តុលាការ​ក្រុង​ភ្នំពេញ ​បានសម្រេច​ផ្ដន្ទាទោស​លោក​​ គង់​ រ៉ៃយ៉ា​ ដោយ​ដាក់​ឲ្យ​លោក​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​ចំនួន​១៨​ខែ​ កាល​ពី​ខែ​​មិនា​ ឆ្នាំ​ ២០១៦​​ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍។​

តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បាន​សម្រេច​តម្កល់​សាលដីកា​របស់​សាលា​ឧទ្ធរណ៍ លើ​អតីត​និស្សិត​សាកល​វិទ្យាល័យ​ខេមរៈ​ ​លោក​ គង់​ រ៉ៃយ៉ា ក្នុង​សំណុំ​រឿងបដិវត្តន៍​ពណ៌។​ នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​របស់​មេធាវី​ការ​ពារ​និស្សិត​រូប​នេះ​ និង​ការ​ប្រកាស​របស់​អង្គ​ជំនុំជម្រះ​នៃ​តុលាការ​កំពូល។​

តុលាការ​ក្រុង​ភ្នំពេញ ​បានសម្រេច​ផ្ដន្ទាទោស​លោក គង់​ រ៉ៃយ៉ា​ ដោយ​ដាក់​ឲ្យ​លោក​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​ចំនួន​១៨​ខែ​ កាល​ពី​ខែមិនា​ ឆ្នាំ​ ២០១៦ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍។​

ការ​ចោទប្រកាន់​នេះ​ ត្រូវ​បាន​ធ្វើឡើង កាល​ពី​ខែ​សីហា​ ឆ្នាំ​២០១៥​ ក្រោយ​ពី​និស្សិត​រូប​នេះ​បាន​ធ្វើ​ការ​អធិប្បាយ​លើ​ទំព័រ​បណ្ដាញ​សង្គម​FacebooK​ របស់​ខ្លួន​ ពាក់​ព័ន្ធ​នឹង​បដិវត្តន៍​ពណ៌។​

បន្ទាប់​ពី​ការ​សម្រេច​របស់​តុលាការ​ក្រុងភ្នំពេញ និស្សិត​រូប​នេះ​ បាន​ប្ដឹង​ទាស់​ទៅ​សាលា​ឧទ្ធរណ៍​ តែ​សាលា​ឧទ្ធរណ៍​បាន​បន្ត​រក្សាការ​សម្រេច​ចិត្ត​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ឲ្យ​នៅ​ដដែល។​

លោក​ សំ​ សុគង់​ ​មេធាវី​ការពារ​ក្ដី​ឲ្យ​និស្សិត​ គង់​ រ៉ៃយ៉ា​ ប្រាប់​ VOA ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ អង្គ​ជំនុំជម្រះ​នៅ​តុលាការ​កំពូល​ បាន​ចាត់​ទុក​ការសម្រេចរបស់​សាលា​ឧទ្ធរណ៍​ថា​ មាន​ហេតុ​ផល​ត្រឹម​ត្រូវ​ ហើយ​តុលាការ​កំពូល​នឹង​បិទ​ផ្លូវ​តវ៉ា​របស់​កូន​ក្ដី​លោក។​

យ៉ាង​ណាក៏ដោយ​ លោក​ថា​ ក្រុមមេធាវី​នឹង​ពិនិត្យ​សើរើ​អង្គ​ច្បាប់​ និង​អង្គ​សេចក្ដី​ដើម្បី​តស៊ូ​ខាង​ច្បាប់​បន្ត​ទៀត។

លោក​បន្ថែម​ថា​ ក្រុម​មេធាវី​ ក៏​នឹង​ពិចារណា​ ​ស្នើ​សុំ​ការ​ព្រះរាជ​ទាន​លើក​លែងទោសពី​ព្រះ​មហា​ក្សត្រ​ ទៅ​ដល់​កូន​ក្ដីលោក​ តាម​រយៈ​រដ្ឋាភិបាល។

លោក​ពន្យល់​ថា​ ​យុវជន​ គង់​ រ៉ៃយ៉ា​ នៅ​មាន​វ័យ​ក្មេង​ និង​ត្រូវកសាង​អនាគត។​

«បើកាលណា​កាត់​ទោស​ហើយ​ យើង​សុខ​ចិត្ត​ទទួល​យក​ទោស​ហ្នឹង​ ដោយ​មិន​មាន​ការ​លើក​លែង​ទោស​ពី​ព្រះមហាក្សត្រ​ មានន័យ​ថា​ យុវជន​ហ្នឹង​គាត់​មាន​ឈ្មោះ​នៅ​ក្នុង​លិខិត​ថ្កោល​ទោស​ ហើយ​ក្នុង​ករណី​ បើ​សិន​ជា​គាត់​ចង់​ធ្វើ​ការ​ងារ​អី​ ទៅ​ថ្ងៃ​អនាគត​ ឬមួយ​ក៏​គាត់​មាន​បំណង​ទៅ​រៀន​នៅ​ក្រៅ​ប្រទេស​ ឬមួយ​ក៏​ យុវជន​ហ្នឹង​ គាត់​រៀន​ចប់​ទៅ គាត់​ចង់​ប្រលង​ធ្វើការ​ងារ​អី​នៅ​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ​អី​ផ្សេងៗ​ហ្នឹង​ គឺ​កាលណា​គាត់​មាន​ទោស​អញ្ចឹង​គឺមិន​អាច​ប្រលង​បាន​ទេ​ ​គឺ​បាន​ន័យ​ថា​គេ​អត់​ទទួល​យក​ទេ»។​

នៅ​ក្នុង​សវនាការ លោក​ សាលី​ ធារ៉ា​ ចៅក្រម​នៃក្រុមប្រឹក្សា​អង្គ​ជំនុំជម្រះ​ បាន​ប្រកាសច្រាន​ចោល​ពាក្យ​បណ្ដឹង​ ​របស់​ និស្សិត​ គង់​ រ៉ៃយ៉ា។ ​

លោក​ចៅក្រមក៏បាន​ច្រាន​ចោល​សំណើ​ដែល​និស្សិត​រូប​នេះ​ បាន​ស្នើ​ឲ្យ​តុលាការដោះ​លែង​ជាបន្ទាន់​ ​ក្រោយ​ពី​អនុវត្ត​ទោសបាន​ចំនួន​១៦​ខែមក​ហើយ​នោះ។

លោក​ គង់​ រ៉ៃយ៉ា​ និស្សិត​ឆ្នាំ​ទី​មួយ​ផ្នែក​វិទ្យា​សាស្ត្រ​នយោបាយ​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ នៅ​ពេល​ដែល​លោក​ដើរ​ចាកចេញ​ពី​បន្ទប់​សវនាការ​ថា​ ការ​កាត់​សេចក្ដី​នេះ មាន​ភាព​អយុត្តិធម៌​ខ្លាំង​ណាស់​ចំពោះ​រូបលោក។​

ប៉ុន្តែ ​លោក​មិន​មាន​ការ​សោកស្ដាយ​ចំពោះ​ការ​សម្រេច​នេះទេ​ ពីព្រោះ​រយៈពេល​នៅ​ក្នុង​ពន្ធនាគារ​ របស់​លោក​គឺនៅសល់​មិន​ដល់​២​ខែ​ទៀតនោះ​ឡើយ។

យ៉ាង​ណា​ក៏​ដោយ ​លោក​បាន​និយាយ​ថា៖

«ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​សោកស្ដាយ​ និង​ឈឺចាប់​បំផុត​គឺ​ ឈ្មោះ​ដ៏​អសោច​កំពុង​តែ​ស្អុយ​រលួយ​របស់​ប្រព័ន្ធ​យុត្តិ​ធម៌​នៅ​កម្ពុជា ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មិន​មាន​កិត្តិយស​គ្រប់​គ្រាន់​ សម្រាប់​ងើយ​មុខ​មើល​លើ​ឆាក​អន្តរជាតិ​ មិន​ហ៊ាន​ងើយ​មុខ​មើល​ជន​បរទេស​ នៅ​ពេល​ដែល​គេ​សួរ​ខ្ញុំ​អំពី​ប្រព័ន្ធ​នៅ​កម្ពុជា»។​

នៅ​មុន​ពេល​ចាប់​ឃុំ​ខ្លួន​ លោក​ គង់​ រ៉ៃយ៉ា​ ​បានស​រ​សេរ​បង្ហោះ​លើ​ហ្វេសប៊ុក (Facebook) របស់​លោក​កាល​ពី​ដើម​ខែ​សីហា​ ឆ្នាំ​ ២០១៥ថា «តើ​មាន​នរណា​ម្នាក់​ហ៊ាន​ធ្វើ​បដិវត្តន៍​ពណ៌​ជាមួយ​ខ្ញុំ​ទេ?»

លោក​បាន​សរ​សេរ​បន្ត​ថា៖

«ថ្ងៃ​ណា​មួយ​ ​នៅ​ពេល​អនាគត​ ​លោក​នឹង​ធ្វើ​បដិវត្តន៍​ពណ៌​ ដើម្បី​ផ្លាស់ប្ដូរ​របប​សម្រាប់​សង្គម​ខ្មែរ​ ហើយ​បើ​ទោះ​ជា​ត្រូវ​ជាប់​ពន្ធនាគារ​ ឬ​ស្លាប់​ក៏​នៅ​តែ​ធ្វើ​ដដែល»។​

​បដិវត្តន៍​ពណ៌​ ត្រូវ​គេ​ដឹង​ថា​ ជា​បញ្ហា​រសើប​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ដោយ​សារ​នាយក​រដ្ឋមន្ត្រី​នៃប្រទេស​ដ៏​ក្រីក្រ​នេះ ជារឿយៗ​ព្រមាន​បង្ក្រាប​លើក្រុមណា​មួយ​ដែល​ចង់​បង្ក​ឲ្យ​មាន​ចលនាបដិវត្តន៍។

​លោក​ អំ​ សំអាត​ ប្រធាន​ផ្នែក​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គ​ការ​ការ​ពារ​សិទ្ធិមនុស្ស​លីកាដូបាន​ប្រាប់​ VOA​ ថា​ ​ពាក្យ​ពេចន៍​ ដែល​និស្សិត ​គង់​ រ៉ៃយ៉ា​ បាន​សរ​សេរ​លើ​ទំព័រ​ហ្វេសប៊ុក​នោះ​ គ្រាន់​តែ​ជា​ការ​បញ្ចេញមតិ​ប៉ុណ្ណោះ​ ហើយ​ថា​ និស្សិត​រូប​នេះ​ ក៏​មិន​បាន​យល់​ច្បាស់​ថា​អ្វី​ទៅ​ ជា​បដិវត្តន៍​ពណ៌​នោះ​ទេ។​

«ជា​ទស្សនៈ​របស់​គាត់​ ដូច​ជា​មិន​មែន​ ​ចេតនា​ចង់​ធ្វើ​បដិវត្តន៍​ពណ៌​អី​ទេ​ ប៉ុន្តែ​គ្រាន់​ថា​ ការ​ចាប់​ គង់​ រ៉ៃយ៉ា​នេះ​ គឺ​ជា​ចេតនា​ ដើម្បី​បំបាក់​ និង​គំរាម​កំហែង​ យុវជន​ដទៃ​ទៀត​ ក្នុង​ការ​បញ្ចេញ​ទស្សនៈ​ទាក់​ទង​នឹង​បញ្ហា​បដិវត្តន៍​ពណ៌​នោះ​បាទ»។​

​កាល​ពី​ខែ​មិថុនា​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​ស្ថិត​ក្នុង​អំណាច​ជាង​បី​ទសវត្សរ៍​មក​ហើយ​នោះ​ បាន​ប្រកាស​ខ្លាំងៗ​នៅ​ក្នុង​ថ្ងៃ​ប្រារព្ធ​ខួប​លើក​ទី​៦៥ឆ្នាំ​នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​ ​ថា​ រដ្ឋាភិបាល​នឹង​បង្ក្រាប​ជា​ដាច់ខាត​លើ​ចលនា​បដិវត្តន៍​ពណ៌​ ដែល​គេ​ដឹង​ថា​ បាន​ផ្ដួល​រំលំ​មេ​ដឹកនាំ​ជា​ច្រើន​ដែល​ស្ថិត​ក្នុង​អំណាច​យូរ​ឆ្នាំ​នៅ​ក្នុង​តំបន់​មួយ​ចំនួន​ដូចជា​មជ្ឈិម​បូព៌ា​ប្រទេស​ នៅ​អាហ្វ្រិក​ និង​នៅ​អឺរ៉ុប​ខាង​កើត។​

ការ​ប្រកាស​បង្ក្រាប​ចលនា​បដិវត្តន៍​ពណ៌​នេះ ​ត្រូវ​ក្រុម​អ្នក​វិភាគ​នយោបាយ​ខ្មែរ​មើល​ឃើញ​ថា​ ជា​ការ​ព្រួយ​បារម្ភ​ជ្រុល​ហួសហេតុ​របស់​រដ្ឋាភិបាល​កម្ពុជា។​

​ក្រុម​អ្នក​វិភាគ​និយាយ​ថា​ រដ្ឋាភិបាល​ខ្មែរ​ត្រូវ​ផ្ដោត​លើ​ការ​ដោះស្រាយ​បញ្ហា​ពុករលួយ​ ការ​ចំណាក​ស្រុក​ និង​ គម្លាត​ទ្រព្យ​សម្បត្តិ​រវាង​អ្នកមាន​និង​អ្នកក្រ​ ដែល​អាច​ជា​កត្តា​នាំ​ទៅ​រក​ការ​ផ្ទុះ​ឡើង​នៃ​បដិវត្តន៍​ពណ៌​នោះ៕​

XS
SM
MD
LG