ទីភ្នាក់ងារសេវាសញ្ជាតិនិងអន្តោប្រវេសន៍អាមេរិកហៅកាត់ថា USCIS មិនបានធ្វើសម្ភាសន៍ដោយផ្ទាល់និងមិនបានចាត់ចែងពិធីស្បថសម្រាប់ពួកជនអន្តោប្រវេសន៍ដែលស្វះស្វែងឱ្យបានក្លាយជាពលរដ្ឋអាមេរិកាំងតាមរយៈការចូលសញ្ជាតិទេចាប់តាំងពីខែមីនាមក ដោយសារការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩។
ពួកអ្នកជំនាញនិយាយថាជាលទ្ធផលមនុស្សរាប់ម៉ឺននាក់មិនអាចចូលសញ្ជាតិអាមេរិកាំងឱ្យទាន់ពេលសម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិកាំងនៅក្នុងខែវិច្ឆិកាខាងមុខនេះទេ។
នៅពេលជាមួយគ្នានេះ មានអតីតជនភៀសខ្លួនម្នាក់មកពីប្រទេសកេនយ៉ាបន្តការខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីជួយពួកមនុស្សដែលដាក់ពាក្យសុំចូលសញ្ជាតិអាមេរិកាំង។
លោក Mohamed Malim ជាពលរដ្ឋអាមេរិកាំងដើមកំណើតសូម៉ាលីដែលគ្រួសារលោកបានរត់គេចខ្លួនចេញពីសង្គ្រាមស៊ីវិលក្នុងប្រទេសនោះ។ លោកបានកើតនៅក្នុងជំរំជនភៀសខ្លួនមួយក្នុងប្រទេសកេនយ៉ា ហើយមករស់នៅក្នុងសហរដ្ឋអាមេរិកកាលពីឆ្នាំ១៩៩៩នៅពេលលោកមានអាយុ៤ឆ្នាំ។
លោក Malim ជាអ្នកបង្កើតក្រុមហ៊ុន Epimonia ដែលជាក្រុមហ៊ុនសម្លៀកបំពាក់យកកម្រៃជួយពួកជនភៀសខ្លួននិងពួកជនអន្តោប្រវេសន៍។ លោកបានផ្តល់ប្រាក់វិភាគទានដល់វិទ្យាស្ថាននិងអង្គការនានាដូចជា វិទ្យាស្ថានអន្តរជាតិនៃរដ្ឋ Minnesota អង្គការ ជនភៀសខ្លួនឈ្មោះ USA for UNHCR អង្គការ Dream Refugee Mentorship Program និងអង្គការ Refugees4Refugees ជាដើម។
ទោះណាក្រុមហ៊ុននេះជាក្រុមហ៊ុនមានការទទួលខុសត្រូវមានគំណត់ (LLC) ហើយមិនមែនជាអង្គការមិនគិតកម្រៃក៏ដោយ ក៏ក្រុមហ៊ុននេះជាសាជីវកម្មប្រភេទ B ដែលរក្សាតុល្យភាពរវាងគោលបំណងនិងកម្រៃ។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Epimonia បានបង្កើតខ្សែដៃពលរដ្ឋដោយយកកម្រៃ១០០%របស់ខ្លួនទៅជួយក្រុមជនភៀសខ្លួនដែលដាក់ពាក្យសុំចូលសញ្ជាតិអាមេរិកាំង។
លោក Malim បាននិយាយប្រាប់វីអូអេថា៖ «ខ្ញុំចង់បង្កើតខ្សែដៃពលរដ្ឋដែលខ្ញុំអាចជួយពួកជនភៀសខ្លួននិងពួកជនអន្តោប្រវេសន៍ឱ្យក្លាយទៅជាពលរដ្ឋអាមេរិកាំង ហើយនេះជាគោលដៅដំបូងរបស់ខ្ញុំ។ ហើយជាការណ៍ពិតពណ៌ក្រហមជាពណ៌មាននៅលើទង់ជាតិអាមេរិកាំង។ ខ្ញុំចង់ជួយបង់សោហ៊ុយនៃការដាក់ពាក្យសុំចូលសញ្ជាតិអាមេរិកាំងឱ្យពួកជនអន្តោប្រវេសន៍និងពួកជនភៀសខ្លួន។ ដូច្នេះ សម្រាប់ខ្សែដៃពលរដ្ឋមួយដែលលោកអ្នកទិញ វាជួយក្នុងការបង់ប្រាក់សម្រាប់ការដាក់ពាក្យសុំចូលសញ្ជាតិ»។
ជនភៀសខ្លួននៅក្នុងរដ្ឋ Minnesota ផលិតខ្សែដៃនេះដោយដៃ ធ្វើពីអាវពោងសុវត្ថិភាពត្រូវកែច្នៃជាថ្មីដែលពួកអ្នកភៀសខ្លួនបានពាក់នៅពេលធ្វើដំណើរកាត់សមុទ្រមេឌីទែរ៉ានេ។
លោក Malim បាននិយាយថា អ្វីដែលពិសេសលើអ្វីៗទាំងអស់នោះគឺខ្សែដៃនេះ «បានត្រូវផលិតដោយសេចក្តីស្រឡាញ់»។
ដើម្បីក្លាយទៅជាពលរដ្ឋអាមេរិកាំងតាមរយៈការចូលសញ្ជាតិ បេក្ខជនម្នាក់ត្រូវមានបណ្ណ green card គឺមានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ក្នុងសហរដ្ឋអាមេរិកពីបីទៅ៥ឆ្នាំឬត្រូវបំពេញតាមសេចក្តីតម្រូវខ្លះខាងយោធា។
ថ្លៃដាក់ពាក្យសុំចូលសញ្ជាតិអាមេរិកាំងគឺចំនួន៧២៥ដុល្លារ ដែលមានរួមបញ្ចូល៨៥ដុល្លារសម្រាប់សេវាពិនិត្យអត្តសញ្ញាណជីវៈ (biometric) និង៦៤០ដុល្លារសម្រាប់ដំណើរការពិនិត្យសំណុំឯកសារសុំចូលសញ្ជាតិ។
ទីភ្នាក់ងារសេវាសញ្ជាតិនិងអន្តោប្រវេសន៍សហរដ្ឋអាមេរិក (USCIS) ឲ្យដឹងថា នៅក្នុងឆ្នាំសារពើពន្ធ២០១៩មានពលរដ្ឋថ្មីៗ៨សែន៣ម៉ឺន៤ពាន់នាក់បានចូលសញ្ជាតិដែលជាចំនួនច្រើនបំផុតក្នុងរយៈពេល១១ឆ្នាំនៃក្រុមពលរដ្ឋថ្មីៗដែលបានស្បថចូលសញ្ជាតិ។ ទីភ្នាក់ងារនេះក៏បានរាយការណ៍ដែរថា ចំនួនអ្នកដាក់ពាក្យដែលរង់ចាំការចូលសញ្ជាតិបានចុះថយ១២%។
ចំនួននេះប្រែប្រួលដោយសារវិបត្តិជំងឺកូវីដ១៩។
ក្រុមហ៊ុន Boundless Immigration ជាក្រុមហ៊ុនមួយមានមូលដ្ឋាននៅក្នុងក្រុង Seattle រដ្ឋវ៉ាស៊ីនតោនដែលបានជួយមនុស្សឱ្យយល់អំពីដំណើរការអន្តោប្រវេសន៍នៅក្នុងប្រទេសអាមេរិក។ ក្រុមហ៊ុននេះបានចេញផ្សាយរបាយការណ៍មួយបង្ហាញថា៖ «នៅទូទាំងប្រទេសមានអ្នកដាក់ពាក្យសុំចូលសញ្ជាតិជាង១សែននាក់ដែលកំពុងជាប់គាំងរួចស្រេចហើយ» ហើយមានពាក្យសុំរាប់ម៉ឺនទៀត «ដែលជាសំណុំឯកសារគរជាគំនរពីមួយខែទៅមួយខែ ហើយពួកអ្នករង់ចាំឱ្យបានចូលសញ្ជាតិអាមេរិកាំងនេះទំនងជាមិនអាចបោះឆ្នោតបាននៅខែវិច្ឆិកាខាងមុខនេះទេ»។
គេហទំព័ររបស់ទីភ្នាក់ងារសេវាសញ្ជាតិនិងអន្តោប្រវេសន៍សហរដ្ឋអាមេរិក (USCIS) បង្ហាញថា ពេលវេលាជាមធ្យមសម្រាប់ដំណើរការចូលសញ្ជាតិនេះមាន៧,៦ខែគិតត្រឹមខែកុម្ភៈឆ្នាំ២០២០មក។
ក្រុមហ៊ុន Boundless Immigration ស្ទង់ប្រមាណថា ពេលវេលានៃដំណើរការសុំចូលសញ្ជាតិនេះ«សឹងតែប្រាកដថានឹងកាន់យូរថែមទៀត ពីព្រោះរដ្ឋាភិបាលមិនអាចធ្វើការទាន់កំណើនចំនួនអ្នកដាក់ពាក្យ»។ ក្រុមហ៊ុននេះបានថ្លែងបន្ថែមថា ដំណើរការសុំចូលសញ្ជាតិនៅមុនមានវិបត្តិជំងឺកូវីដ១៩គឺពី១២ខែទៅ១៧,៥ខែ។
ដំណើរការនេះអាចខ្លីជាងនេះដោយអាស្រ័យលើទីកន្លែងរស់នៅរបស់អ្នកដាក់ពាក្យសុំ។
ក្រុមហ៊ុន Boundless Immigration ស្ទង់ប្រមាណថា ការបិទទ្វារការិយាល័យទីភ្នាក់ងារសេវាសញ្ជាតិនិងអន្តោប្រវេសន៍ស.រ.អា. (USCIS) មួយថ្ងៃៗវានាំ ពួកជនអន្តោប្រវេសន៍ប្រមាណ២ពាន់១រយនាក់ខកខានមិនបានចូលសញ្ជាតិនិងមិនបានចុះឈ្មោះបោះឆ្នោត។
សេចក្តីរាយការណ៍របស់ក្រុមហ៊ុន Boundless Immigration ឲ្យដឹងថា៖ «ការិយាល័យរបស់ទីភ្នាក់ងារសេវាសញ្ជាតិនិងអន្តោប្រវេសន៍ស.រ.អា. (USCIS) នៅទូទាំងសហរដ្ឋអាមេរិកពិនិត្យមើលពាក្យសុំចូលសញ្ជាតិហើយពេលវេលាជាមធ្យមនៃដំណើរការនេះចាប់តាំងពីពេលដាក់ពាក្យរហូតដល់ពិធីស្បថចូលសញ្ជាតិ មានរយៈពេលខុសៗគ្នាគឺ៣,៧ខែនៅក្នុងក្រុង Cleveland ទៅ១៥,៨ខែនៅក្នុងក្រុង Seattle។ ដោយសារដំណើរការសុំចូលសញ្ជាតិបានត្រូវផ្អាកនៅថ្ងៃទី១៨ខែមីនានោះ ដូច្នេះវាមានន័យថា ពួកជនអន្តោប្រវេសន៍ទាំងឡាយណាដែលស្វះស្វែងចូលសញ្ជាតិនៅក្នុងក្រុង Seattle ត្រូវតែដាក់ពាក្យជិតពីរឆ្នាំនៅមុនការបោះឆ្នោតដើម្បីបានបោះឆ្នោត»។
ក្រុមការពារសិទ្ធិពួកជនអន្តោប្រវេសន៍ដូចជា មជ្ឈមណ្ឌល Niskanen ជាដើមបានអំពាវនាវឲ្យទីភ្នាក់ងារសេវាសញ្ជាតិនិងអន្តោប្រវេសន៍ស.រ.អា. (USCIS) ចាត់ចែងពិធីស្បថចូលសញ្ជាតិពីចម្ងាយតាមបណ្តាញអ៊ីនធឺណិត។
ក៏ប៉ុន្តែអ្នកនាំពាក្យទីភ្នាក់ងារសេវាសញ្ជាតិនិងអន្តោប្រវេសន៍ស.រ.អា. (USCIS) បាននិយាយប្រាប់វីអូអេថា៖ «ពាក្យពេចន៍ជាលក្ខន្តិកៈចែងដោយសភាមានតម្រូវការខ្លះដែលនាំឱ្យទីភ្នាក់ងារសេវាសញ្ជាតិនិងអន្តោប្រវេសន៍សហរដ្ឋអាមេរិកមិនអាចចាត់ចែងពិធីស្បថចូលសញ្ជាតិតាមបណ្តាញវីដេអូឬបណ្តាញទូរស័ព្ទពីចម្ងាយ»។
ទីភ្នាក់ងារនេះនៅមានការងារធ្សេងទៀត ដូចជាពិនិត្យមើលសញ្ញាតិនិងការដាក់ពាក្យសុំប្រាក់អត្ថប្រយោជន៍ជាជនអន្តោប្រវេសន៍ដែលមិនតម្រូវឱ្យមានការធ្វើសម្ភាសន៍ផ្ទាល់ខ្លួនហើយទីភ្នាក់ងារនេះនឹងកំណត់ពេលសម្រាប់ពិធីចូលសញ្ជាតិភ្លាមនៅពេលណាសេវាជួបដោយផ្ទាល់ជាមួយអ្នកដាក់ពាក្យចាប់ផ្តើមឡើងវិញ។
មន្ត្រីម្នាក់នៃទីភ្នាក់ងារសេវាសញ្ជាតិនិងអន្តោប្រវេសន៍ស.រ.អា. (USCIS) បានសរសេរអ៊ីមេលមកវីអូអេថា៖ «នៅពេលអាចរៀបចំបាន ទីភ្នាក់ងារនេះនឹងធ្វើពិធីចូលសញ្ជាតិតូចៗទាំងបែបរដ្ឋបាលនិងខាងផ្លូវច្បាប់ដែលនៅទីនោះមានការប្រុងប្រយ័ត្នដោយត្រឹមត្រូវ។ជាឧទាហរណ៍ ការិយាល័យទីភ្នាក់ងារសេវាសញ្ជាតិនិងអន្តោប្រវេសន៍សហរដ្ឋអាមេរិកនៅក្នុងក្រុង San Antonio មានកំណត់នឹងធ្វើពិធីចូលសញ្ជាតិមួយចំនួនពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ខែឧសភា»។
អ្នកនាំពាក្យម្នាក់នៃទីភ្នាក់ងារសេវាសញ្ជាតិនិងអន្តោប្រវេសន៍ស.រ.អា.បាននិយាយថា ពួកមន្ត្រីនឹងផ្តល់ព័ត៌មានថ្មីៗថែមទៀតហើយនឹងបន្តធ្វើតាមសេចក្តីណែនាំរបស់មជ្ឈមណ្ឌលសហរដ្ឋអាមេរិកខាងការគ្រប់គ្រងជំងឺនិងការបញ្ចៀសមិនឱ្យមានជំងឺ។
នៅពេលជាមួយគ្នានេះ លោក Malim នៅតែបន្តកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការជួយពួកជនអន្តោប្រវេសន៍ដាក់ពាក្យសុំចូលសញ្ជាតិអាមេរិកាំង។ នៅក្នុងឆ្នាំទីមួយ អង្គការ Epimonia ធ្វើជំនួញបានប្រាក់ប្រមាណ៤ម៉ឺនដុល្លារ។
នៅក្នុងរយៈពេលខ្លីនេះ ក្រុមហ៊ុននេះបានបង់សោហ៊ុយដាក់ពាក្យសុំចូលសញ្ជាតិអាមេរិកាំងនិងផ្តល់អាហារូបករណ៍ឱ្យពួកនិស្សិតមហាវិទ្យាល័យផងដែរ។
លោក Malim បាននិយាយថា ពាក្យ Epimonia ក្លាយមកពីពាក្យក្រិក epimoni ដែលមានន័យថាស្មារតីលះបង់។
លោក Malim បានថ្លែងថា៖« គោលបំណងការលក់ខ្សែដៃនេះជាគំនិតផ្តួចផ្តើមរបស់ខ្ញុំ។ ខ្ញុំគ្រាន់តែចង់ធ្វើឱ្យមានលទ្ធផលមួយដែលខ្ញុំអាចធ្វើបាននៅក្នុងសហគមន៍ខ្ញុំ»៕
ប្រែសម្រួលដោយលោកឈឹម សុមេធ