ការិយាល័យជាតិស្ថិតិរបស់ចក្រភពអង់គ្លេសនិយាយកាលពីថ្ងៃអង្គារថា មានពលរដ្ឋអង់គ្លេសជាង៨៥៦.០០០នាក់បានដាក់ពាក្យសុំជំនួយរដ្ឋពេលអត់ការងារកាលពីខែមេសា ដែលនេះជាចំនួនច្រើនបំផុតក្នុងរយៈពេលជិត២៥ឆ្នាំ។
ចំនួនខែមេសានេះធ្វើឲ្យចំនួនអ្នកអត់ការងារសរុបនៅអង់គ្លេសកើនដល់២,១លាននាក់។ សេដ្ឋវិទូថាស្ថានភាពអត់ការងារនៅអង់គ្លេសអាចធ្ងន់ធ្ងរជាងនេះ ប្រសិនបើរដ្ឋាភិបាលមិនបានបង្កើតកម្មវិធីរក្សាការងារដោយរដ្ឋចេញប្រាក់ខែឲ្យការងារមួយចំនួននោះទេ។
អត្រាអត់ការងារនៅអង់គ្លេសកាលពីខែមេសា មាន៣,៩% ហើយរំពឹងថានឹងអាចកើនដល់១០%ត្រឹមត្រីមាសទី៣នៃឆ្នាំនេះ ប៉ុន្តែចំនួននេះនៅតែទាបជាងអត្រាអត់ការងារនៅសហរដ្ឋអាមរិកដែលត្រឹមខែមេសាបានកើនដល់១៤,៧%ទៅហើយ៕