អូស្ត្រាលីជាប្រទេសដែលធំជាងគេបំផុតទី៦នៅលើពិភពលោក។ ប្រទេសនេះមានរដ្ឋចំនួន៦ និងមានដែនដីគោកតូចចំនួន២ដែលជាទឹកដីរណបរបស់ខ្លួន។ រដ្ឋនិងដែនដីរណបទាំងអស់នេះបានដាក់ចេញនូវវិធានការផ្សេងៗគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ព្រំដែនផ្ទៃក្នុងជាច្រើនរវាងរដ្ឋនីមួយៗត្រូវបានបិទ ដើម្បីទប់ស្កាត់នឹងការរាតត្បាតដែលមានកម្រិតខ្ពស់នៃជំងឺឆ្លងនេះ។ ឥឡូវនៅពេលដែលអាជ្ញាធរប្រកាសថា ការរាតត្បាតនេះអាចទប់ទល់បានហើយនោះ មានការអំពាវនាវឲ្យបើកទល់ដែនរដ្ឋឡើងវិញ។
រដ្ឋាភិបាលសហព័ន្ធប្រទេសអូស្ត្រាលី និងរដ្ឋដៃគូរបស់ខ្លួនក្នុងតំបន់ New South Wales បានឲ្យដឹងថា ពួកគេនឹងជួយរៀបចំសេដ្ឋកិច្ចឲ្យមានភាពប្រសើរឡើងវិញ។ គេមានការបារម្ភពីផលប៉ះពាល់ពីឧស្សាហកម្មទេសចរណ៏ក្នុងស្រុករបស់អូស្ត្រាលី ដែលមានតម្លៃរាប់ពាន់លានដុល្លារ ប្រសិនបើប្រជាពលរដ្ឋអូស្ត្រាលីមិនអាចធ្វើដំណើរពីរដ្ឋមួយទៅរដ្ឋមួយ ឬទៅកាន់កន្លែងរមណីយដ្ឋានទេសចរណ៏ដែលមានភាពទាក់ទាញនោះ មុខជំនួញខាងវិស័យទេសចរណ៏នេះនឹងត្រូវទទួលរងនូវផលប៉ះពាល់ខ្លាំង។
ទោះជាយ៉ាងនេះក្តី រដ្ឋគ្វីនលែន រដ្ឋខាងលិច រដ្ឋខាងត្បូង និងរដ្ឋដែនកោះ Tasmania នៃប្រទេសអូស្ត្រាលី នៅពុំទាន់មានផែនការនៅឡើយទេ ក្នុងការបើកឡើងវិញនូវច្រកព្រំដែនរបស់ខ្លួន។
រដ្ឋគ្វីនលែនមានមោទនភាពថាជាទឹកដីមួយមានអាកាសធាតក្តៅល្អ ជាទីកន្លែងលំហែកាយដែលមានពន្លឺព្រះអាទិត្យចែងចាំង ប៉ុន្តែរដ្ឋមួយនេះនៅតែមានក្តីបារម្ភអំពីការឆ្លងនៃជំងឺកូវីដ១៩ ។
អភិបាលរដ្ឋគ្វីនលែន លោកស្រី Annastacia Palaszczuk បានថ្លែងក្នុងសម្តីដើមថា «អ្វីដែលយើងដឹងគឺថា នៅមានការឆ្លងនៃជំងឺនេះនៅឡើយ ក្នុងចំណោមសហគមន៏ ក្នុងរដ្ឋ Victoria និងរដ្ឋ New South Wales ដូច្នេះប្រសិនបើប្រធានផ្នែកសុខាភិបាលរបស់ខ្ញុំគាត់និយាយថា ខ្ញុំអាចបន្ធូរបន្ថយនូវការរឹតបន្តឹងទាំងនេះ ខ្ញុំប្រាកដនឹងធ្វើ។ យើងចង់ទទួលស្វាគមន៏ប្រជាជនជាច្រើន ដែលមានបំណងមកលេងរដ្ឋដែលមានពន្លឺថ្ងៃចែងចាំងនិងភាពស្រស់ត្រកាលរបស់យើង។ ប៉ុន្តែយើងពុំទាន់អាចធ្វើដូចោ្នះបានភ្លាមទេនៅពេលនេះ។ យើងនឹងពិនិត្យឡើងវិញនៅរាល់ចុងខែនីមួយៗ»។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហព័ន្ធ លោក Simon Birmingham បានឲ្យដឹងថា វាមានសារៈសំខាន់ដែលប្រជាពលរដ្ឋអូស្រ្តាលីទាំងអស់នឹងត្រូវបានគេអនុញ្ញាតអោយធ្វើដំណើរដោយសេរីនៅទូទាំងប្រទេស «នៅពេលដែលវាមានសុវត្ថិភាពក្នុងការធ្វើដំណើរ» ។
គេមានការរំពឹងទុកថា ការត្រួតពិនិត្យនិងការបិទព្រំដែនក្នុងរដ្ឋនឹងត្រូវបានគេលុបចេញក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ក៏ប៉ុន្តែការបិទព្រំដែនអន្តរជាតិរបស់ប្រទេសអូស្តាលីអាចស្ថិតក្នុងរយៈពេលយូរអង្វែង។
ប្រទេសអូស្រ្តាលីបានដាក់បំរាមដល់ជនបរទេសមិនឲ្យចូលមកក្នុងប្រទសរបស់ខ្លួន កាលពីខែមីនាកន្លងទៅ ដែលជាផ្នែកមួយនៃវីធានការទប់ស្កាត់ជំងឺកូវីដ១៩។ ការប្រឈមដ៏សំខាន់មួយគឺការបើកឡើងវិញនូវព្រលានយន្តហោះនិងកំពង់ផែអន្តរជាតិដោយសុវត្ថិភាពជាមួយនឹងការត្រួតពិនិត្យរាល់ការមកដល់របស់អ្នកដំណើរ។
ទោះជាយ៉ាងនេះក្តី អ្នកទេសចរបរទេស គឺមានចំនួនច្រើនខ្លាំង។ ក្នុងឆ្នាំ២០១៨ ប្រទេសអូស្ត្រាលី បានទទួលអ្នកទេសចរអន្តរជាតិប្រមាណ៨,៥ លាននាក់។ អ្នកវិភាគលើកឡើងថា ការបើកឡើងវិញនូវច្រកព្រំដែនអាស្រ័យទៅលើការព្យាបាលដោយមានប្រសិទ្ធភាព ឬការរកឃើញនូវវ៉ាក់សាំងសំរាប់ការពារការឆ្លងជំងឺកូវីដ១៩។
ប្រទេសអូស្រ្តាលី មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៧ពាន់នាក់ ដែលក្នុងនោះ អ្នកជំងឺចំនួន១០០នាក់បានស្លាប់។
ប្រែសម្រួលដោយលោក ជា្រ វណ្ណារិទ្ធ