នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសចិនបានចាប់ផ្ដើមធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតរយៈពេល ៤ ថ្ងៃ នៅតាមតំបន់ចំនួន ៧ នៅជុំវិញកោះតៃវ៉ាន់ បន្ទាប់ពីប្រធានរដ្ឋសភាសហរដ្ឋអាមេរិកអ្នកស្រី Nancy Pelosi បានបញ្ចប់ដំណើរទស្សនកិច្ចនៅកោះតៃវ៉ាន់រួចមក។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានរាយការណ៍ថា យោធាចិនបានធ្វើ «ការហ្វឹកហាត់បាញ់គ្រាប់ពិតរយៈចម្ងាយឆ្ងាយ» នៅច្រកសមុទ្រតៃវ៉ាន់នៅម៉ោងប្រមាណជា ១ រសៀលនៅថ្ងៃព្រហស្បតិ៍នេះ។
ប្រព័ន្ធផ្សព្វផ្សាយនេះបានបញ្ជាក់ដោយមិនរៀបរាប់បន្ថែមថា៖ «លទ្ធផលដែលរំពឹងទុកត្រូវបានសម្រេចហើយ»។
ក្រសួងការពារជាតិតៃវ៉ាន់បានបញ្ជាក់ថា យោធាចិនបានបាញ់គ្រាប់ផ្លោងមីស៊ីល Dongfeng ចូលក្នុងដែនទឹកនៅជិតមាត់សមុទ្រភាគខាងកើត ភាគខាងត្បូង និងភាគខាងជើងកោះតៃវ៉ាន់កាលពីរសៀលថ្ងៃព្រហស្បតិ៍។
ប្រសិនបើសមយុទ្ធនេះបន្តទៅមុខដូចការប្រកាសរបស់ចិន សមយុទ្ធនេះនឹងក្លាយជាសមយុទ្ធដែលមិនធ្លាប់ធ្វើពីមុនមក ដោយហេតុថា តំបន់ធ្វើសមយុទ្ធបាញ់គ្រាប់ពិតមួយក្នុងចំណោមតំបន់ទាំង ៧ ដែលយោធាចិនបានកំណត់ទុកនេះ គឺមានចម្ងាយតិចជាង ២០ គីឡូម៉ែត្រតែប៉ុណ្ណោះពីមាត់សមុទ្រភាគខាងត្បូងរបស់កោះតៃវ៉ាន់។
យោធាតៃវ៉ាន់បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ខ្លួនកំពុងបន្តតាមដានដោយយកចិត្តទុកដាក់លើសកម្មភាព «មិនសមហេតុផល» របស់យោធាចិននេះ ហើយកំពុងត្រៀមខ្លួនសម្រាប់ទប់ទល់នឹងជម្លោះណាមួយដែលអាចកើតមាន ប៉ុន្តែថាខ្លួនមិនចង់ឱ្យស្ថានការណ៍កាន់តែតានតឹងនោះទេ។
មន្ត្រីរដ្ឋាភិបាលតៃវ៉ាន់បាននិយាយថា ការធ្វើសមយុទ្ធរបស់យោធាចិនលើកនេះគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើបូរណភាពដែនទឹករបស់តៃវ៉ាន់។ មន្ត្រីតៃវ៉ាន់ក៏បានប្រៀបធៀបផងដែរថា សមយុទ្ធនេះគឺប្រៀបដូចជាការបិទខ្ទប់ដូច្នេះដែរ៕