រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានបញ្ជាក់ប្រាប់សមភាគីរបស់លោកនៃសមាគមអាស៊ាន (ASEAN) នៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិកប្រឆាំងនឹងកិច្ចប្រឹងប្រែងឯកតោភាគីណាមួយដែលធ្វើឱ្យប្រែប្រួលដល់ស្ថានភាពបច្ចុប្បន្នរបស់កោះតៃវ៉ាន់ ជាពិសេសតាមរយៈការប្រើកម្លាំង។
លោក Blinken ក៏បានលើកឡើងផងដែរថា គោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះកោះតៃវ៉ាន់គឺនៅដដែលមិនប្រែប្រួលនោះទេ។
លោក Blinken បានថ្លែងនៅក្នុងកិច្ចប្រជុំអាស៊ាននៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជាថា បញ្ហាស្ថិរភាពរវាងចិននិងតៃវ៉ាន់គឺជាចំណាប់អារម្មណ៍របស់តំបន់ទាំងមូល។
នៅក្នុងកិច្ចប្រជុំអាស៊ាននោះដែរ បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ានបានអំពាវនាវឱ្យមាន «ការអត់ធ្មត់ខ្ពស់» ចំពោះស្ថានការណ៍វិវត្តចុងក្រោយទាក់ទិននឹងរឿងតៃវ៉ាន់ និងបានព្រមានអំពីហានិភ័យដែលអាចកើតឡើង ប្រសិនបើភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់អាចប្រែប្រួលលឿនឈានទៅដល់ «ការគិតខុស ការប្រឈមមុខដាក់គ្នាធ្ងន់ធ្ងរ សង្គ្រាមបើកចំហ និងផលវិបាកដែលនឹកស្មានមិនដល់ក្នុងចំណោមប្រទេសមហាអំណាចធំៗ»។
ជាងនេះទៀត លោក Blinken បានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលសហរដ្ឋអាមេរិកមានចំណាប់អារម្មណ៍នៅក្នុងការស្ដាប់នូវទស្សនៈពីសមាគមអាស៊ានអំពីរបៀបដែលអាស៊ានអាចធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងក្រុមប្រទេស Quad (Quadrilateral Security Dialogue) បាន។ ក្រុមប្រទេស Quad នេះគឺជាក្រុមប្រទេសសន្ទនាផ្នែកសន្តិសុខចតុភាគី ដែលមានសហរដ្ឋអាមេរិក ប្រទេសអូស្ត្រាលី ឥណ្ឌា និងជប៉ុនជាសមាជិក៕
រដ្ឋមន្ត្រីការបរទេសអាមេរិកថា អាមេរិកប្រឆាំងនឹងកិច្ចប្រឹងប្រែងណាដែលធ្វើឱ្យប្រែប្រួលដល់ស្ថានភាពបច្ចុប្បន្នរបស់តៃវ៉ា់ន់
- Reuters
ភ្នំពេញ —