ក្រុមទាហានការពារជាតិអាមេរិក បានពង្រាយកងទ័ពរបស់ខ្លួនឲ្យជួយដល់ក្រុមពន្លត់អគ្គិភ័យនៅក្នុងយុទ្ធនាការពន្លត់ភ្លើងឆេះព្រៃដែលបានបំផ្លាញផ្ទះសម្បែង និងអាគារផ្សេងៗរាប់រយកន្លែងនៅក្នុងទីក្រុង Gatlinburg រដ្ឋ Tennessee ហើយនិងតំបន់នៅជុំវិញឧទ្យានជាតិ Great Smoky Mountains នេះបើយោងតាមទីភ្នាក់ងារគ្រប់គ្រងទៅលើការសង្គ្រោះបន្ទាន់។
កងទ័ពដែលត្រូវបានពង្រាយទាំងនោះកំពុងដឹកជញ្ជូនក្រុមសង្គ្រោះបន្ទាន់ ដើម្បីធ្វើការត្រួតពិនិត្យហើយបោសសម្អាតកំទេចកម្ទី។
មនុស្សជាង ១៤.០០០នាក់នៅក្នុងទីក្រុង Gatlinburg ត្រូវបានបង្ខំឲ្យជម្លៀសខ្លួនដោយសារតែភ្លើងឆេះព្រៃនេះ។ អ្នករស់នៅទីក្រុងក្បែរនោះដូចជាទីក្រុង Pigeon Forge និងកន្លែងផ្សេងទៀតនៅក្នុងសង្កាត់ Sevier ក៏ត្រូវបានជម្លៀសចេញផងដែរ។ អ្នកដែលត្រូវបានជម្លៀសភាគច្រើនកំពុងស្នាក់នៅក្នុងជំរំនៅក្នុងទីក្រុង Pigeon Forge។
សណ្ឋាគារមួយដែលមានកម្ពស់ ១៦ ជាន់ក៏ស្ថិតក្នុងចំណោមអាគារដែលត្រូវបានឆេះផងដែរ។
មនុស្សរាប់សិបនាក់បានរងរបួស បីនាក់រងរបួសធ្ងន់ ហើយមិនទាន់មានសេចក្តីរាយការណ៍ទាក់ទិននឹងចំនួនមនុស្សស្លាប់នៅឡើយទេ៕