ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ជំរុញ​ឲ្យ​មាន​ការ​ការពារ​បន្ថែម​ទៀត​សម្រាប់​សត្វ​ដំរី និង​សត្វ​រមាស​ទាំង​នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស


សកម្មជន​ដើរ​ក្បួន​នៅ​កន្លែង​ប្រារព្ធ​សន្ធិសីទ​នៃ​អនុសញ្ញា CITES នៅ​ក្នុង​ក្រុង Johannesburg ប្រទេស​អាហ្វ្រិក​ខាង​ត្បូង កាលពី​ថ្ងៃទី២៤​ ខែកញ្ញា ឆ្នាំ២០១៦។
សកម្មជន​ដើរ​ក្បួន​នៅ​កន្លែង​ប្រារព្ធ​សន្ធិសីទ​នៃ​អនុសញ្ញា CITES នៅ​ក្នុង​ក្រុង Johannesburg ប្រទេស​អាហ្វ្រិក​ខាង​ត្បូង កាលពី​ថ្ងៃទី២៤​ ខែកញ្ញា ឆ្នាំ២០១៦។

មន្រ្តី​កំពូល​ទទួល​បន្ទុក​ផ្នែក​សត្វ​ព្រៃ​ម្នាក់​បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​កំពុង​បោះ​ជំហាន​ជួយ​សង្រ្គោះ​សត្វ​ដំរីអាហ្រ្វិក​ និង​សត្វ​រមាស​ ដោយ​បិទ​ទីផ្សារ​ភ្លុក​ដំរី​ក្នុង​ស្រុក​របស់​ខ្លួន​ និង​បាន​ចាប់ផ្តើម​យុទ្ធនាការ​ផ្សព្វផ្សាយ​ដើម្បី​បញ្ចុះបញ្ចូល​ពលរដ្ឋ​អាមេរិកាំង​មិន​ឲ្យ​ប្រើប្រាស់​ផលិតផល​សត្វ​ព្រៃ​ដ៏​កម្រ​នានា​ នៅ​ពេល​ពួកគេ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស។

ជំហាន​ថ្មី​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ដើម្បី​ការពារ​សត្វ​ដំរី​ដែល​កំពុង​ស្ថិត​ក្នុង​ភាព​គ្រោះថ្នាក់​របស់​អាហ្វ្រិក​មិន​បាន​ចាប់ផ្តើម​នៅ​ក្នុង​វាល​ស្មៅ​ធំៗ​ក្នុង​ប្រទេស​កេនយ៉ា ឬ​វាល​ស្មៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​នោះ​ទេ​។

លោក Dan Ashe ប្រធាន​ទីភ្នាក់ងារ​ទទួល​បន្ទុក​ផ្នែក​ជលផល និង​សត្វ​ព្រៃ​របស់​អាមេរិក (U.S. Fish and Wildlife Service) និយាយ​ថា ជំហាន​ថ្មី​នេះ​ចាប់​ផ្តើម​ពី​ការ​ចំណាយ​ប្រាក់​កាស​របស់​ពលរដ្ឋ​អាមេរិកាំង។លោក​បាន​ប្រាប់​ VOA ពី​កិច្ចប្រជុំ​នៃ​អនុសញ្ញា​ស្តី​ពី​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ពពួក​សត្វ​ព្រៃ និង​រុក្ខជាតិ​ដែល​ជិត​ផុត​ពូជ (Convention on International Trade in Endangered Species of Wild Fauna and Flora) ឬ​អនុសញ្ញា CITES។​

លោក​និយាយ​ថា៖ «កិច្ចពិភាក្សា​ពី​ពាណិជ្ជកម្ម​ភ្លុក​ដំរី​នៅ​ស្រពេចស្រពិល​ថា​តើ​មាន​មនុស្ស​ជឿ​ថា តម្រូវការ​ជា​ផ្នែក​មួយ​នៃ​ដំណោះស្រាយ​ឬ​ក៏​អត់។ នៅ​អាមេរិក យើង​ជឿជាក់​ថា យើង​មិន​អាច​ទប់ស្កាត់​ការ​ផុត​ពូជ​ដំរី​បាន​ទេ លុះត្រា​ណា​តែ​យើង​ដោះស្រាយ​បញ្ហា​តម្រូវការ​ភ្លុក​ដំរី​សិន»។

សហរដ្ឋ​អាមេរិក​ កំពុង​ផ្សាយ​សារ​នេះ​ទៅ​កាន់​ពលរដ្ឋ​គ្រប់​រូប​ទាំង​នៅ​ក្នុង​ប្រទេស​ និង​នៅ​ក្រៅ​ប្រទេស។ យុទ្ធនាការ​ផ្សព្វផ្សាយ​នៅ​តាម​ទូរទស្សន៍​ថ្មី​មួយ​ដែល​នឹង​ត្រូវ​ផ្សាយ​នៅ​លើបុស្តិ៍​ទូរទស្សន៍ Discovery របស់​អាមេរិក​ដើម្បី​បញ្ចុះបណ្ចូល​ពលរដ្ឋ​អាមេរិកាំង​កុំ​ឲ្យ​ប្រើប្រាស់​ផលិតផល​សត្វ​ព្រៃ​

មក​ពី​បរទេស ដូច​ជា​ស្បែកជើង កាបូប និង​សម្លៀកបំពាក់​ដែល​ធ្វើ​ពី​សត្វ​ព្រៃ​កម្រ​នានា​ នៅ​ពេល​ពួកគេ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស។​

នៅ​ក្នុង​ខែ​មិថុនា សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ពី​បម្រាម​ស្ទើរ​តែ​ទាំង​ស្រុង​មិន​ឲ្យ​លក់​ភ្លុក​ដំរី​ក្នុង​ស្រុក។ ចិន​ក៏​បាន​ចេញ​បម្រាម​នេះ​ដែរ ដោយ​សង្ឃឹម​ថា នឹង​បិទ​ទីផ្សារ​ភ្លុក​ដំរី​ក្នុង​ស្រុកក្នុង​ឆ្នាំ​នេះ។ ពាណិជ្ជកម្ម​ភ្លុក​ដំរី​អន្តរជាតិ​ត្រូវ​បាន​ហាមឃាត់​តាំង​ពី​ឆ្នាំ១៩៨៩។

លោក John Scanlon អគ្គលេខាធិការ​នៃ​ CITES បាន​ប្រាប់​ VOA ថា សហរដ្ឋ​អាមេរិក និង​ចិន​បាន​ធ្វើជា​គំរូវិជ្ជមាន​មួយ​សម្រាប់​ប្រទេស​សមាជិក​១៨៣ផ្សេង​ទៀត​របស់​អនុសញ្ញា​មួយ​នេះ។ លោក​និយាយ​ថា​បើសិន​ជា​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​ក្នុង​ពិភពលោក​ ចាត់​ទុក​ការ​ជួញដូរ​សត្វព្រៃ​ជា​បញ្ហា​ប្រឈម​របស់​សេដ្ឋកិច្ច​ នោះ​អ្នក​រាល់​គ្នា​គួរ​តែ​ធ្វើ​ដូច​គ្នា។​

លោក​បាន​និយាយ​ថា៖ «យើង​មើល​ឃើញ​ភាព​ជា​អ្នក​ដឹកនាំ​ដ៏អស្ចារ្យ​របស់​អាមេរិក និង​ចិន។ ខ្ញុំ​ត្រូវ​តែ​និយាយ​ថា យើង​ឃើញ​ ប្រទេស​ចិន​ពិតជា​បោះជំហាន​ទៅ​មុន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ យើង​បាន​ឃើញ​សេចក្តី​ប្រកាស​រួម​គ្នា​រវាង​ប្រធានាធិបតី Xi Jinping និង​លោក​ប្រធានាធិបតី​អូបាម៉ា។ ថ្នាក់​ដឹកនាំ​ទាំងពីរ​នេះ​បាន​ធ្វើ​យ៉ាង​ដូច្នេះ​ក្នុង​បរិបទ​នៃ​កិច្ចសន្ទនា​យុទ្ធសាស្រ្ត​សេដ្ឋកិច្ច នៅ​គ្រប់​កន្លែង​ដែល​ពិភាក្សា​ពី​អ្វី​ដែល​ពួកគាត់​នឹង​ធ្វើ​ដើម្បី​ដោះស្រាយ​ឧក្រិដ្ឋកម្ម​សត្វ​ព្រៃ»។

សហរដ្ឋ​អាមេរិក​ក៏​កំពុង​តែ​ប្រឆាំង​នឹង​សំណើ​សុំ​ភាព​ស្រប​ច្បាប់​នៃ​ពាណិជ្ជកម្ម​លើ​ភ្លុក​ដំរី និង​កុយ​សត្វ​រមាស​ដែល​នៅ​មាន​ចំនួន​តិចតួច។

សន្និសីទ​នេះ​ទទួល​បាន​សារ​ពី​មនុស្ស​ជាច្រើន​ដែល​គាំទ្រ​សំណើ​ដាក់​សត្វ​ដំរី​អាហ្វ្រិក​ជា​សត្វ​ជិត​ផុត​ពូជ។ របាយការណ៍​ដែល​ទើប​តែ​ចេញ​ផ្សាយ​នា​ពេល​ថ្មីៗ​នេះ​ បាន​សរសេរ​ថា ចំនួន​សត្វ​ដំរី​អាហ្វ្រិក​បាន​ថយ​ចុះ​ប្រមាណ​ជា១១១.០០០ក្បាល​កាលពី​ទសវត្សរ៍​មុន។

លោក Ashe បាន​និយាយ​ថា ដោយសារ​តែ​ព័ត៌មាន​អាក្រក់​មួយ​នេះ សត្វ​ដំរី​ធំៗ​ដែលស្ថិត​ក្នុងគ្រោះថ្នាក់​ត្រូវ​ការ​ការពារ​តាម​តែ​អាច​ធ្វើ​ទៅ​បាន។

លោក​និយាយ​ថា៖ «សត្វ​ដំរី​ និង​សត្វ​រមាស​មាន​ចំនួន​ប្រហែល​គ្នា។ ពាណិជ្ជកម្ម​សព្វ​ថ្ងៃ​នេះ​មាន​ចំនួន​មិន​ទៀង​ឡើយ។ ពាណិជ្ជកម្ម​ភ្លុក​ដំរី​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់​ក៏​មាន​ចំនួន​មិន​ទៀង​ដែរ។ ពាណិជ្ជកម្ម​កុយរមាស​មិន​ស្រប​ច្បាប់​ទាំង​អស់​កំពុង​តែ​ធ្វើ​ឲ្យ​សត្វ​រមាស​ឈាន​រក​ការ​ផុត​ពូជ»។​

សន្ធិសីទ​នៃ​អនុសញ្ញា CITES ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​លើ​បញ្ហា​នេះ​ច្រើន ហើយ​អ្នក​រៀបចំ​កម្មវិធី​យល់​ថា វា​ជា​ជោគជ័យ​មួយ៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG