ភ្លើងឆេះព្រៃនៅរដ្ឋ California បានឆេះរាលដាលទ្វេដង ហើយអាចនឹងឆេះផ្ទះនិងកន្លែងធ្វើពាណិជ្ជកម្មជាច្រើននៅពេលវាឆេះរាលដាលទៅដល់រដ្ឋផ្សេងៗទៀតនៅភាគខាងជើងសហរដ្ឋអាមេរិក។
អណ្តាលភ្លើងឆេះព្រៃនេះបានរាលដាលទំហំ២៤.០០០ហិចតា ហើយបានបំផ្លាញផ្ទះចំនួន១៤ខ្នង និងអគារ២៦ខ្នងនៅតំបន់ Lower Lake នៅភាគខាងជើងទីក្រុង San Francisco។
អាជ្ញាធររដ្ឋ California បានអំពាវនាវឲ្យពលរដ្ឋជាង១២.០០០នាក់ចាកចេញពីតំបន់នោះ។ ភ្លើងឆេះព្រៃជាច្រើនបណ្តាលមកពីរន្ធះបាញ់ ហើយវាឆេះរាលដាលដោយសារដើមឈើស្ងួតៗ និងខ្យល់បក់ខ្លាំង។ មកដល់ថ្ងៃចន្ទម្សិលមិញនេះ កំដៅអាកាសធាតុដែលធ្លាក់ចុះ គួបផ្សំនិងកំណើនសំណើមបានផ្តល់ឱកាសឲ្យក្រុមពន្លត់អគ្គិភ័យទៅពន្លត់ភ្លើងព្រៃនេះ។ លោក Jerry Brown អភិបាលរដ្ឋ California បានប្រកាសអាសន្ននៅរដ្ឋ California ហើយលោកបានបញ្ជាឲ្យកងទ័ពឆ្មាំជាតិ National Guard ជួយពន្លត់អគ្គិភ័យនេះ៕