នៅក្នុងការថ្លែងសុន្ទរកថានៅសប្តាហ៍នេះ លោកប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ា (Barack Obama) បានធ្វើពិធីរំលឹកខួបទី១០០ឆ្នាំនៃការបង្កើតទីភ្នាក់ងារគ្រប់គ្រងឧទ្យានជាតិនៅសហរដ្ឋអាមេរិក និងបានលើកទឹកចិត្តពលរដ្ឋអាមេរិកាំងទាំងអស់ ឲ្យ«រកឧទ្យានរបស់លោកអ្នក»។
ស្ត្រីទី១ គឺលោកស្រីមីឆែល អូបាម៉ា (Michelle Obama) និងលោកស្រីឡូរ៉ា ប៊ូស (Laura Bush) នឹងធ្វើជាសហប្រធាននៃការប្រារព្ធទិវាឧទ្យានជាតិនេះ ដើម្បីលើកកម្ពស់ការយល់ដឹងនិងជួយពលរដ្ឋអាមេរិកាំង ឲ្យភ្ជាប់ខ្លួនរបស់ពួកគេ ជាមួយនឹងឧទ្យាននិងដែនដីសាធារណៈដែលពួកគេចូលចិត្តជាងគេ។
នៅថ្ងៃនេះ ក្រុមគ្រួសាររបស់យោធា អាចចូលទៅលេងនៅតាមឧទ្យានជាតិនានាដោយឥតគិតថ្លៃ តាមរយៈគំនិតផ្តួចផ្តើមមួយឈ្មោះថា រួមកម្លាំងគ្នា ហើយក្រុមគ្រួសារដែលមានកូនរៀនថ្នាក់ទី៤ ក៏អាចទទួលបានប័ណ្ណចូលទស្សនាដោយឥតគិតថ្លៃបានផងដែរ ដោយគ្រាន់តែចូលទៅកាន់គេហទំព័រ EveryKidInAPark.org ។
លោកប្រធានាធិបតីអាមរិក ក៏បានសង្កត់ធ្ងន់អំពីការប្តេជ្ញាចិត្តរបស់លោក ក្នុងការកសាងបន្តពីប្រពៃណីអភិរក្សរបស់អាមេរិក ដោយកត់សម្គាល់ពីកំណត់ត្រារបស់លោក ក្នុងការការពារដែនដីនិងដែនទឹកបានច្រើនជាងអាណត្តិនៃរដ្ឋាភិបាលមុនៗទាំងអស់។
ដោយមានការគំរាមកំហែងពីការប្រែប្រួលអាកាសធាតុ លោកប្រធានាធិបតី មានប្រសាសន៍ថា ការការពារដែនដីនិងដែនទឹកសាធារណៈរបស់យើង គឺមានសារៈសំខាន់ជាងអ្វីៗទាំងអស់។
លោកថ្លែងបន្ថែមថា នៅក្នុងរយៈពេលជាច្រើនឆ្នាំទៅមុខទៀតនេះ យើងទាំងអស់គ្នា ត្រូវតែធ្វើអ្វីដែលយើងអាចធ្វើបាន ដើម្បីការពារឧទ្យាននិងផែនដីរបស់យើង សម្រាប់មនុស្សជំនាន់ក្រោយៗទៀត៕