ពួកសមាជិកសភាអាមេរិកាំងបានដាក់ស្នើសេចក្តីព្រាងច្បាប់ដ៏ច្រើនក្នុងរយៈពេល២ ឆ្នាំកន្លងមកនេះដើម្បីធ្វើឲ្យប្រសើរឡើងនូវការការពារកោះតៃវ៉ាន់និងបង្កើនការលាតត្រដាងជាលក្ខណៈអន្តរជាតិថាពួកសមាជិកសភាដែលគាំទ្រដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ បង្កើនការតស៊ូប្រឆាំងនឹងចិនដែលជាគូប្រជែងរបស់រដ្ឋាភិបាលក្រុងតៃប៉ិ។ នេះបើតាមពួកអ្នកវិភាគ។
សេចក្តីព្រាងច្បាប់គាំទ្រកោះតៃវ៉ាន់យ៉ាងហោចណាស់ក៏៥ដែរ បានស្ថិតនៅក្នុងសភាសហរដ្ឋអាមេរិកចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៨មក ជាជំហានដ៏លឿនខុសពីធម្មតា។សេចក្តីព្រាងច្បាប់នោះកាន់តែធំឡើង ពីព្រោះតែលោកប្រធានាធិបតី ត្រាំ គាំទ្របុព្វហេតុការគ្រប់គ្រងដោយខ្លួនឯងរបស់កោះតៃវ៉ាន់ចាប់តាំងពីការស្បថចូលកាន់តំណែងរបស់លោកនៅឆ្នាំ២០១៧នៅពេលមានការឈ្លោះប្រកែកជាមួយចិនអំពីបញ្ហាពាណិជ្ជកម្មនិងភូមិសាស្ត្រនយោបាយមក។ ចិន ចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន មិនមែនជារដ្ឋឯករាជ្យទេ។
ពួកអ្នកសង្កេតការខាងនយោបាយជឿថា ពួកសមាជិកសភាដែលទទួលឥទ្ធិពលពីក្រុមបញ្ចុះបញ្ចូលតៃវ៉ាន់នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោននិងក្រុមប្រឆាំងចិនក្នុងចំណោមពួកអ្នកបោះឆ្នោតអាមេរិកាំង បានខិតខំយ៉ាងខ្លាំងក្លាធ្វើឲ្យសេចក្តីព្រាងច្បាប់របស់ពួក គេដែលគាំទ្រគោលនយោបាយរបស់ប្រធានាធិបតីត្រាំនោះត្រូវបានចុះហត្ថលេខាក្លាយជាច្បាប់។ប្រធានាធិបតីកាន់តំណែងមុនលោកប្រធានាធិបតី ត្រាំ បានផ្តោតលើការរក្សាចំណងទាក់ទងជាមួយរដ្ឋាភិបាលក្រុងប៉េកាំងខ្លាំងជាង។
លោក Sean King អនុប្រធានក្រុមហ៊ុនពិគ្រោះនយោបាយ Park Strategies នៅក្រុងញូវយ៉កនិយាយថា ពីព្រោះតែលោកប្រធានាធិបតីដូណាល់ ត្រាំជាប្រធានាធិបតីសហ រដ្ឋអាមេរិកដែលគាំទ្រកោះតៃវ៉ាន់ខ្លាំងបំផុតរហូតមកទល់ពេលនេះចាប់តាំងពីការលែងទទួលស្គាល់កោះតៃវ៉ាន់នៅឆ្នាំ១៩៧៩មក សភា អាចចង់បញ្ជូនសេចក្តីព្រាងច្បាប់អំពីកោះតៃវ៉ាន់ជូនលោកប្រធានាធិបតីឲ្យបានច្រើនទៅតាមលទ្ធភាពដែលអាចធ្វើបានដោយដឹងថា លោកប្រធានាធិបតី ប្រាកដជាចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ទាំងនោះឲ្យក្លាយជាច្បាប់។
នៅឆ្នាំ១៩៧៩ រដ្ឋាភិបាលសហរដ្ឋអាមេរិកឈប់ទទួលស្គាល់ខាងការទូតដល់កោះតៃវ៉ាន់ដើម្បីគាំទ្រចិនដីគោកដែលជាមហាអំណាចមានការរីកលូតលាស់យ៉ាងខ្លាំងនៅពេលនោះ។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ទទួលស្គាល់រដ្ឋាភិបាលក្រុងប៉េកាំង ក៏ប៉ុន្តែ រក្សាទំនាក់ទំនងក្រៅផ្លូវការដ៏ខ្លាំងជាមួយកោះតៃវ៉ាន់។ ពួកមន្ត្រីសហរដ្ឋអាមេរិក មើលឃើញកោះតៃវ៉ាន់ដែលប្រកាន់លទ្ធិប្រជាធិបតេយ្យជាសម្ព័ន្ធមិត្តប្រជាធិបតេយ្យមួយនៅក្នុងតំបន់អាស៊ីខាងកើត។
លោក King និយាយថា៖ «ទំនាក់ទំនងសហរដ្ឋអាមេរិកនិងកោះតៃវ៉ាន់ នៅពេលឥឡូវនេះស្ថិតក្នុងយុគសម័យមាសតូចមួយ ហើយពួកអ្នកគាំទ្រកោះនោះជាច្រើនចង់ឆ្លៀតឱកាសនៅពេលនេះ»។
កាលពីខែកុម្ភៈ ឆ្នាំ២០១៨ សភាបានអនុម័តច្បាប់ធ្វើដំណើរទៅកោះតៃវ៉ាន់ឬ Taiwan Travel Act ដែលលើកទឹកចិត្តការផ្លាស់ប្តូរមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់រវាងរដ្ឋាភិបាលក្រុងតៃប៉ិ និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។ នៅឆ្នាំដដែលនោះ សភាបានអនុម័តច្បាប់ការចូលរួមក្នុងអង្គការអន្តរជាតិរបស់កោះតៃវ៉ាន់។ សេចក្តីព្រាងច្បាប់ការចូលរួមរបស់កោះតៃវ៉ាន់នោះ គាំទ្រអង្គការអន្តរជាតិ រួមទាំងកោះតៃវ៉ាន់ផង ថ្វីបើមានការជំទាស់ប្រឆាំងជាប្រចាំដោយប្រទេសចិនក៏ដោយ។
កាលពីឆ្នាំទៅ បានឃើញសភាអនុម័តច្បាប់ការពារសម្ព័ន្ធមិត្តអន្តរជាតិនិងកិច្ចផ្តួចផ្តើមធ្វើឲ្យប្រសើរឡើងនូវកោះតៃវ៉ាន់ ដែលបានបញ្ជាក្រសួងការបរទេសសហរដ្ឋអាមេរិកឲ្យប្រាប់សភាអំពីចំណាត់ការរបស់រដ្ឋាភិបាលដែលមានគោលបំណងធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងការទូតរបស់កោះតៃវ៉ាន់នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
ក្នុងខែកុម្ភៈ ឆ្នាំនេះ លោក Ted Cruzសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក បានស្នើសេចក្តីព្រាងច្បាប់មួយដែលមិនធ្វើការហាមឃាត់អ្នកការទូតនិងបុគ្គលិកយោធាតៃវ៉ាន់មិនឲ្យបង្ហាញទង់ជាតិតៃវ៉ាន់នៅលើទ្រព្យសម្បត្តិរដ្ឋាភិបាលសហរដ្ឋអាមេរិក។ កាលពីខែឧសភា តំណាងរាស្ត្រ Mike Gallagher បានដាក់ស្នើច្បាប់ការពារកោះតៃវ៉ាន់ដើម្បីធ្វើឲ្យប្រាកដថា សហរដ្ឋអាមេរិកអាចជួយកោះតៃវ៉ាន់ទប់ទល់ការស្ថាបនាយោធាដ៏គឃ្លើនរបស់ចិនដោយការរក្សាសមត្ថភាពដើម្បីការពារពីការឈ្លានពានរបស់ចិន។
អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់ខ្លះ និយាយថា ពួកសមាជិកសភាកំពុងមានពេលវេលាគ្រប់គ្រាន់។
លោក Denny Roy អ្នកសិក្សាស្រាវជ្រាវជើងចាស់នៅឯមជ្ឈមណ្ឌល East-West នៃវិទ្យាស្ថានស្រាវជ្រាវនៅក្រុង Honolulu នៃកោះហាវ៉ៃនិយាយថា «ពួកគេគិតថា «អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលសហរដ្ឋអាមេរិក បានធ្វើការកម្រិតយ៉ាងខ្លាំងពេកនូវទំនាក់ទំនងរបស់ខ្លួនជាមួយកោះតៃវ៉ាន់»។
លោក Roy បានមានប្រសាសន៍ទៀតថា ពួកសមាជិកសភា មានអារម្មណ៍ដែរថា៖ «ចាប់តាំងពីចិន ជាទូទៅបានធ្វើសកម្មភាពក្នុងបំណងអាក្រក់ រដ្ឋាភិបាលក្រុងវ៉ាស៊ីន តោន លែងមានការព្រួយកង្វល់ដូចកាលពីពេលមុនអំពីការបញ្ចៀសសកម្មភាពដែលធ្វើឲ្យរំខានចិនទៀតហើយ»។
ពួកសមាជិកសភាកំពុងឃ្លាំមើលកោះតៃវ៉ាន់ពីព្រោះ ចិនមិនអាចវាយប្រហារតៃវ៉ាន់ដោយមិនមានការប៉ះទង្គិចខាងយោធាទេ ពួកអ្នកវិភាគជឿថា ពួកមន្រ្តីក្នុងក្រុងប៉េកាំងមិនទាន់ប្រុងប្រៀបខ្លួន។
លោកស្រី Yun Sun ជាអ្នកស្រាវជ្រាវជាន់ខ្ពស់កម្មវិធីអាស៊ីខាងកើតនៅឯមជ្ឈ មណ្ឌលស្រាវជ្រាវក្នុងរដ្ឋធានីវ៉ាស៊ីនតោន បាននិយាយថា៖«ខ្ញុំគិតថា មាននិន្នាការផ្តោតលើច្បាប់ស្តីពីកោះតៃវ៉ាន់ ពីព្រោះតៃវ៉ាន់ ជាបញ្ហាមួយដែលចិន មិនអាចធ្វើការប្រយុទ្ធតបតវិញបានទេ»។
ពួកមន្រ្តីចិន ជំទាស់ប្រឆាំងសេចក្តីព្រាងច្បាប់គាំទ្រតៃវ៉ាន់នៅរដ្ឋធានីវ៉ាស៊ីនតោន ហើយបានជំរុញឲ្យសហរដ្ឋអាមេរិកប្រកាន់យកគោលការណ៍ប្រទេសចិនតែ១ដែលហាមឃាត់មិនឲ្យមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់។ចិន ចាត់ទុកកោះតៃវ៉ាន់ជារបស់ខ្លួនចាប់តាំងពីសង្គ្រាមស៊ីវិលចិនក្នុងទសវត្សរ៍១៩៤០នៅពេលដែលពួកជាតិនិយមរបស់លោកChiang Kai-shek បានចាញ់សង្គ្រាមហើយរត់គេចខ្លួនទៅកាន់កោះនោះ។ ចិនមានការទោមនស្សដល់ប្រទេសផ្សេងទៀតដែលជួយទំនុកបំរុងខាងយោធាឬបង្កើនចំណងទាក់ទងខាងយោធាជាមួយកោះតៃវ៉ាន់។
ក្រសួងការបរទេសកោះតៃវ៉ាន់ បានបដិសេធពុំធ្វើអត្ថាធិប្បាយកាលពីថ្ងៃច័ន្ទសប្តាហ៍មុនស្តីពីច្បាប់របស់សហរដ្ឋអាមេរិកនោះ។
ទំនាក់ទំនងរវាងកោះតៃវ៉ាន់និងសហរដ្ឋអាមេរិក បានចាប់ផ្តើមចាប់តាំងពីឆ្នាំ១៩៧៩ ដោយច្បាប់តែមួយគត់គឺច្បាប់ទំនាក់ទំនងតៃវ៉ាន់។ច្បាប់នោះអនុញ្ញាតឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ផ្តល់អាវុធឲ្យកោះតៃវ៉ា់ន់ហើយនឹងរក្សាសមត្ថភាពដើម្បីទប់ទល់កម្លាំងដែលគំរាមកំហែងកោះតៃវ៉ាន់។លោក Roy និយាយថា ច្បាប់ការពារកោះតៃវ៉ាន់ដែលបានដាក់ស្នើនៅខែឧសភានឹងធ្វើឲ្យមានច្បាប់ឆ្នាំ១៩៧៩វិញ»។
លោក Alex Chiang សាស្ត្រាចារ្យជំនួយខាងនយោបាយអន្តរជាតិនៅឯសាកលវិទ្យា ល័យជាតិ Chengchi ក្នុងទីក្រុងតៃប៉ិ និយាយថា រដ្ឋបាលរបស់ប្រធានាធិបតីត្រាំនិងពួកសមាជិកសភាសហរដ្ឋអាមេរិក សង្ឃឹមថា សេចក្តីព្រាងច្បាប់កាលពីពេលថ្មីៗនេះ នឹងដាក់គំនាបលើប្រទេសចិនឲ្យផ្តល់សម្បទាន។
លោក Chiang និយាយទៀតថា៖«ចិន ត្រូវតែបង្ហាញសញ្ញានូវការយកចិត្តទុកដាក់ហើយចិន ចាំបាច់ចាត់វិធានការខ្លះដើម្បីឲ្យសហរដ្ឋអាមេរិកបញ្ឈប់សកម្មភាពបែបនេះ»។
លោកស្រី Sun បាននិយាយទៀតថា «ថ្វីបើ ភាសាក្នុងសេចក្តីព្រាងច្បាប់ថ្មីៗនោះ ជំរុញឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចាត់វិធានការជាក់លាក់តិចតួចក៏ដោយ ច្បាប់ទាំងនោះ ត្រូវបានសរសេរក្នុងរបៀបមួយឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរ«អត្តសញ្ញាណ»និង«ស្មារតី»របស់ប្រជាពលរដ្ឋតៃវ៉ាន់ ចាប់តាំងពីច្បាប់ឆ្នាំ១៩៧៩ បានចូលជាធរមានមក។ប្រជាពលរដ្ឋតៃវ៉ាន់ បានប្រាប់ការស្ទង់មតិកាលពីឆ្នាំទៅថា ពួកគេ ចង់ឲ្យកោះរបស់ខ្លួននៅគ្រប់គ្រងដោយខ្លួនឯង បន្ទាប់ពីប្រធានាធិបតី ចិនលោកស៊ី ជីនពីង បានគាំទ្រការបង្រួបបង្រួមជាតិ។
លោកស្រី Sun និយាយទៀតថា ប្រតិកម្មកាន់តែច្រើនឡើងកាលពីពេលថ្មីៗនេះប្រាកដការពារកោះតៃវ៉ាន់ប្រឆាំងនឹងការឈ្លានពានរបស់សាធារណរដ្ឋប្រជាមានិតចិន»៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន