រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងសុខាមាលភាពពលរដ្ឋរបស់សហរដ្ឋអាមេរិកលោក Alex Azar នឹងទៅធ្វើទស្សនកិច្ចនៅដែនកោះតៃវ៉ាន់ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដែលទង្វើនេះ បានធ្វើឲ្យប្រទេសចិនមានការខឹងសម្បារ ព្រោះខ្លួនតែងតែចាត់ទុកដែនកោះតៃវ៉ាន់ ជាផ្នែកមួយនៃទឹកដីរបស់ចិនដីគោក។
រដ្ឋមន្ត្រី Alex Azar នឹងក្លាយជាមន្ត្រីសហរដ្ឋអាមេរិកជាន់ខ្ពស់បំផុត ដែលនឹងធ្វើទស្សនកិច្ចទៅកោះតៃវ៉ាន់ ចាប់តាំងពីសហរដ្ឋអាមេរិក បានប្តូរមកភ្ជាប់ទំនាក់ទំនងការទូតមកជាមួយចិនដីគោកវិញនៅឆ្នាំ១៩៧៩។
សេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃអង្គាររបស់ក្រសួង ដែលហៅកាត់ជាភាសាអង់គ្លេសថា HHS នេះ បានឲ្យដឹងថា ដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តរបស់លោក Azar គឺដើម្បីពង្រឹងនូវភាពជាដៃគូររវាងអាមេរិក និងកោះតៃវ៉ាន់ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងការប្រយុទ្ធប្រឆាំងការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩។
លោក Azar ក៏បានសរសើរដល់កោះតៃវ៉ាន់ផងដែរ អំពីការប្រយុទ្ធប្រឆាំងដោយ«ជោគជ័យគួរឲ្យកត់សម្គាល់ប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងនាមជាសង្គមប្រជាធិបតេយ្យមួយប្រកបដោយសេរីភាពនិងតម្លាភាព»។
នៅក្នុងដំណើរទស្សនកិច្ចនេះ លោក Azar នឹងជួបពិភាក្សាជាមួយអ្នកជំនាញសុខភាពតៃវ៉ាន់ អំពីការប្រយុទ្ធរបស់កោះមួយនេះប្រឆាំងកូវីដ១៩ និងតួនាទីរបស់កោះតៃវ៉ាន់ ក្នុងនាមជាអ្នកផ្គត់ផ្គង់សម្ភារៈបរិក្ខារពេទ្យជាសាកល និងបច្ចេកវិទ្យាដ៏សំខាន់។
លោក Azar ក៏បានជួបប្រជុំតាមប្រព័ន្ធវីដេអូដ៏កម្រមួយផងដែរកាលពីខែមេសាកន្លងទៅ ជាមួយសមភាគីកោះតៃវ៉ាន់របស់លោក គឺរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Chen Shih-chung។
ការិយាល័យតំណាងរបស់កោះតៃវ៉ាន់ក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានប្រាប់វីអូអេតាមអ៊ីមែលថា៖ «កោះតៃវ៉ាន់នឹងទន្ទឹងរង់ចាំការចូលរួមដ៏សកម្មរបស់ប្រទេសប្រជាធិបតេយ្យ ក្នុងការប្រយុទ្ធប្រឆាំងរួមគ្នាចំពោះការរាតត្បាតជំងឺកូវីដ១៩ ខណៈដែលពង្រឹងផងដែរនូវកិច្ចសហប្រតិបត្តិការរវាងតៃវ៉ាន់-អាមេរិក នៅក្នុងវិស័យស្រាវជ្រាវវេជ្ជសាស្រ្ត សន្តិសុខ និងវិស័យសុខាភិបាលជាសកលជាដើម»។
ក្រសួងការបរទេសតៃវ៉ាន់ ក៏បានឲ្យដឹងផងដែរថា លោកនឹងជួបជាមួយប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី Tsai Ing-wen នៅក្នុងដំណើរទស្សនកិច្ចនោះផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសចិនដីគោក លោក Wang Wenbin បានប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងប៉េកាំងនៅថ្ងៃពុធនេះថា៖ «កោះតៃវ៉ាន់ ជាបញ្ហាដ៏រសើបសំខាន់បំផុតសម្រាប់ទំនាក់ទំនងអាមេរិកនិងចិន ហើយបានទាមទារឲ្យអាមេរិក បញ្ចប់នូវគ្រប់ទម្រង់ទាំងអស់នៃទំនាក់ទំនងជាមួយកោះនេះ ដើម្បីជៀសវាងនូវការខូចខាតនៃទំនាក់ទំនងទ្វេភា គីរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចដ៏ធំលើលោកទាំងពីរនេះ។ អ្នកនាំពាក្យចិនរូបនេះ ក៏បានឲ្យដឹងផងដែរថា ក្រសួងការបរទេសចិន បានបញ្ជូនសារតវ៉ាដ៏ខ្លាំងនេះទៅមន្ត្រីក្នុងទីក្រុងវ៉ាស៊ីនតោនរួចហើយ។
ក្រុងប៉េកាំង បានចាត់ទុកដែនកោះតៃវ៉ាន់ជាទឹកដីដែលបានបំបែកខ្លួនចេញពីប្រទេសចិន ហើយសន្យាថា ខ្លួននឹងធ្វើគ្រប់មធ្យោបាយទាំងអស់ដែលចាំបាច់ ដោយរួមទាំងការប្រើកម្លាំងយោធាផង ដើម្បីយកដែនកោះមួយនេះស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន៕