រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងសេវាកម្មមនុស្សរបស់សហរដ្ឋអាមេរិក លោក Alex Azar បានសរសើរវិធានការរបស់កោះតៃវ៉ាន់ចំពោះជំងឺកូវីដ១៩ ថាជាឧទាហរណ៍នៃ «លក្ខណៈបែបតម្លាភាព និងប្រជាធិបតេយ្យ» របស់កោះនេះ។
លោក Azar បានថ្លែងដូច្នេះនៅថ្ងៃច័ន្ទនេះ នៅក្នុងអំឡុងពេលបង្ហាញវត្តមានរួមគ្នាជាមួយនឹងប្រធានាធិបតីតៃវ៉ាន់អ្នកស្រី Tsai Ing-wen នៅក្នុងទីក្រុងតៃប៉ិ។
លោក Azar បានធ្វើដំណើរដល់កោះតៃវ៉ាន់កាលពីថ្ងៃអាទិត្យម្សិលមិញ ក្នុងដំណើរទស្សនកិច្ចរយៈពេល ៣ ថ្ងៃ។ ដំណើរទស្សនកិច្ចលើកនេះ គឺជាដំណើរទស្សនកិច្ចកម្រិតខ្ពស់បំផុតរបស់មន្ត្រីអាមេរិកាំងទៅកាន់កោះតៃវ៉ាន់ តាំងពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ប្ដូរទំនាក់ទំនងការទូតពីកោះតៃវ៉ាន់ទៅប្រទេសចិននៅក្នុងឆ្នាំ ១៩៧៩ មក។
ដំណើរទស្សនកិច្ចរបស់លោក Azar នេះ គឺជាវិធានការថ្មីចុងក្រោយបង្អស់របស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump នៅក្នុងការកសាងទំនាក់ទំនងឲ្យបានរឹងមាំជាងមុនជាមួយនឹងកោះតៃវ៉ាន់។
លោក Azar បានប្រាប់អ្នកស្រី Tsai Ing-wen ថា៖ «វាជាកិត្តិយសដ៏ពិតប្រាកដមួយក្នុងការមានវត្តមាននៅទីនេះ ដើម្បីបញ្ជូនសារគាំទ្រខ្លាំងក្លា និងមិត្តភាពរបស់លោកប្រធានាធិបតី Trump ចំពោះកោះតៃវ៉ាន់»។
លោក Trump បានចុះហត្ថលេខាលើ «ច្បាប់ធ្វើដំណើរតៃវ៉ាន់» កាលពីឆ្នាំ ២០១៨ ដែលស្នើឲ្យមានដំណើរទស្សនកិច្ចកម្រិតខ្ពស់រវាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់។
ប្រទេសចិន បានជំទាស់យ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចរបស់លោក Azar ទៅកាន់កោះតៃវ៉ាន់នេះ ដោយសារខ្លួនចាត់ទុកកោះតៃវ៉ាន់ថាជាដែនដីរបស់ខ្លួន និងធ្លាប់បានសន្យាកន្លងមកថា នឹងភ្ជាប់កោះតៃវ៉ាន់វិញតាមមធ្យោបាយចាំបាច់ណាមួយ ដែលក្នុងនោះរួមមានទាំងការលុកលុយបែបយោធាផងដែរ៕