រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងសុខុមាលភាពពលរដ្ឋរបស់សហរដ្ឋអាមេរិក លោក Alex Azar បានធ្វើដំណើរដល់កោះតៃវ៉ាន់នៅថ្ងៃអាទិត្យនេះ ដោយដឹកនាំគណៈប្រតិភូសហរដ្ឋអាមេរិកសម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៣ ថ្ងៃ ដែលនៅក្នុងអំឡុងពេលនេះ លោកនឹងជួបពិភាក្សាជាមួយនឹងប្រធានាធិបតីតៃវ៉ាន់អ្នកស្រី Tsai Ing-wen។
នេះគឺជាដំណើរទស្សនកិច្ចកម្រិតខ្ពស់បំផុត ដែលធ្វើឡើងដោយមន្ត្រីអាមេរិកាំង តាំងពីមានការកាត់ផ្ដាច់ទំនាក់ទំនងការទូតផ្លូវការរវាងរដ្ឋាភិបាលទាំងពីរនៅឆ្នាំ ១៩៧៩ មក។
ដំណើរទស្សនកិច្ចនេះបានធ្វើឡើងនៅចំពេលដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសចិនបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងប្រវត្តិសាស្ត្រ។
ចិនបានជំទាស់ទៅនឹងទំនាក់ទំនងផ្លូវការរវាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ ដោយចិនតែងតែអះអាងថា តៃវ៉ាន់គឺជាដែនដីរបស់ខ្លួន។ ចំណែកឯប្រធានាធិបតីតៃវ៉ាន់វិញបានប្រឹងប្រែងខ្លាំងក្លាឲ្យមានការទទួលស្គាល់តៃវ៉ាន់ជាប្រទេសអធិបតេយ្យមួយ។
កាលពីសប្ដាហ៍មុន រដ្ឋាភិបាលចិនបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Azar នេះ គឺជាការគំរាមកំហែងចំពោះ «សន្តិភាព និងស្ថិរភាព» ហើយរដ្ឋមន្ត្រីការពារជាតិរបស់ចិនបានព្រមានពីចំណាត់ការដ៏គ្រោះថ្នាក់នេះរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។
ប៉ុន្តែរដ្ឋាភិបាលសហរដ្ឋអាមេរិកបានអះអាងថា ដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់លើកនេះគឺជាឱកាសមួយដើម្បីសិក្សាអំពីភាពជោគជ័យរបស់កោះតៃវ៉ាន់នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងដើម្បីទទួលស្គាល់គុណតម្លៃវិវឌ្ឍទៅមុខរបស់កោះនេះ។
កន្លងមក កោះតៃវ៉ាន់បានបញ្ជាក់ថា មានករណីឆ្លងជំងឺកូវីដ១៩ តិចជាង ៥០០ ករណី និងមានករណីស្លាប់ដោយសារជំងឺនេះតែ ៧ ករណីប៉ុណ្ណោះ៕