ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហេតុ​​ដូចម្តេច​បានជា​ជន​ជាតិ​អាមេរិកាំង​ខ្លះ​​មិនចង់​ពាក់​ម៉ាស់?


ពលរដ្ឋពាក់ម៉ាសរង់ចាំដើម្បីចូលរួមបោះឆ្នោតនៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០។
ពលរដ្ឋពាក់ម៉ាសរង់ចាំដើម្បីចូលរួមបោះឆ្នោតនៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០។

នៅ​ឯ​ហាង​លក់​គ្រឿង​ទេស​មួយ​ក្នុង​ក្រុង​ Alexandria ​រដ្ឋ ​Virginia អ្នកស្រី​ Laura Shafor ​ដែល​ជា​អតិថិជន​ស្រងាក​ចិត្ត​នឹង​ប្តី​ប្រពន្ធ​មួយ​គូ​ដែល​មិន​ពាក់ម៉ាស់​ហើយ​ហៀប​ចូល​ទៅ​ក្នុង​ហាង​នោះ។​

អ្នក​ស្រី​បាន​និយាយ​ថា៖ ​«ពួក​គេ​ដាក់​ពួក​យើង​ឱ្យ​ឋិត​ក្នុង​គ្រោះ​ថ្នាក់​ឆ្លង​វីរុស​កូរ៉ូណា»។​

លោក​ Joshua Wright ​ ដែល​ជា​អតិថិជន​ម្នាក់​ទៀត​មិន​ខ្វល់​ខ្វាយ​ទេដោយ​លោក​និយាយ​ថា៖​ «ខ្ញុំ​មិន​ស្គាល់​នរណា​ម្នាក់​មាន​ជំងឺ​ដោយ​សារ​វីរុស​នេះ​ទេ។​ ប្រសិន​បើ​ខ្ញុំ​ឆ្លង​ជំងឺ​នេះ​គឺ​ខ្ញុំ​មាន​ជំងឺ​នេះ​ហើយ»។​

លោក ​Wright ​អាយុ​២៨​ឆ្នាំ​បាន​និយាយ​ថា​ លោក​បាន​ចាប់​ផ្តើម​ពាក់ម៉ាស់​នៅ​ក្រោយ​អាជ្ញាធរ​រដ្ឋ​ Virginia ​បាន​ចេញ​បញ្ញត្តិ​កាលពី​ថ្ងៃ​សុក្រ​ថា​ ​ប្រជារាស្ត្រ​ត្រួវ​តែ​ពាក់​ម៉ាស់​នៅ​ខាង​ក្នុង​អគារ​សាធារណៈ​និង​ហាង​ជំនួញ។​

លោក​វេជ្ជបណ្ឌិត​ David Aronoffr ​នាយក​ផ្នែក​ជំងឺ​ឆ្លង​នៅ​ឯ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ Vanderbilt ​ក្នុង​ក្រុង​ Nashville ​រដ្ឋ​ Tennessee ​និយាយ​ថា​ ​មាន​អ្នក​ខ្លះ​លើក​ឡើង​ថា​« ខ្ញុំ​នៅ​ក្មេង។​ ខ្ញុំ​មាន​សុខភាព​ល្អ។​ ខ្ញុំ​មិន​ខ្វល់​ទេ​ ប្រសិន​បើ​ខ្ញុំ​ឆ្លង​ជំងឺ​នេះ» ​។ ​

ឆ្លើយ​តប​នឹង​ទស្សនៈ​នេះ​ ​លោក ​Aronoffr​ ពន្យល់​ថា​ ទោះ​ណា​ជា​មាន​រោគ​សញ្ញា​បន្តិច​បន្តួច​ឬ​គ្មាន​រោគ​សញ្ញា​ក៏​ដោយ​ ​ពួក​មនុស្ស​វ័យ​ក្មេង ​ពួក​មនុស្ស​មាន​សុខភាព​ល្អ​អាច​ជា​ផ្នែក​សំខាន់​មួយ​នៃ​សង្វាក់​ចម្លង​ជំងឺ​នេះ​ដល់​ពួក​មនុស្ស​ឯទៀតៗ​ដែល​មាន​អាយុ​ផ្សេងៗ​គ្នា»។​

លោក​ Aronoff ​បាន​និយាយ​ថា​ មនុស្ស​ខ្លះ​នៅ​តែ​មិន​ទាន់​បាន​ទទួល​សារ​ដែល​ថា​”ការ​ដក​ដង្ហើម​របស់​ខ្ញុំ​អាច​ចម្លង​វីរុស​កូវីដ១៩​ទៅ​មនុស្ស​ម្នាក់​ទៀត​បាន”​ ហើយ​ថា​”ការ​ពាក់​ម៉ាស់​ជួយ​បញ្ឈប់​ការ​ឆ្លង​ជំងឺ​នេះ​បាន”។​

ស.រ.អា.​មាន​មនុស្ស​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩​ជាង​មួយ​សែន​នាក់​គឺ​ ច្រើន​ជាង​ប្រទេស​ឯ​ទៀតៗ​នៅ​ក្នុង​ពិភព​លោក។​

ក្រៅ​ពី​រដ្ឋ​ Virginia​ មាន​កន្លែង​ជា​ច្រើន​នៅ​ក្នុង​ស.រ.អា.​បាន​ដាក់​កំហិត​ឬ​មាន​អនុសាសន៍​តឹងរ៉ឹង​ថា​ ត្រូវតែ​ពាក់​ម៉ាស់​នៅ​កន្លែង​សាធារណៈ។​

មជ្ឈមណ្ឌល​ស.រ.អា.​ខាង​ការ​គ្រប់​គ្រង​និង​ការ​បញ្ជៀស​ជំងឺ​បាន​ផ្តល់​អនុសាសន៍​ថា​ មនុស្ស​គ្រប់​គ្នា​ត្រូវ​តែ​ពាក់​ម៉ាស់​ ឬ​យក​ក្រណាត់​បាំង​មុខ​នៅ​កន្លែង​សាធារណៈ​ដែល​នៅ​ទីទាំង​នោះ ​ពួក​គេ​ពិបាក​រក្សា​គម្លាត​ខាង​សង្គម។​

លោក​ David Abrams ​ជា​អ្នក​ចិត្ត​សាស្ត្រ​និង​ជា​សាស្ត្រាចារ្យ​នៅ​ក្នុង​ផ្នែក​សុខាភិបាល​សាធារណៈ​នៃ​សាកល​វិទ្យាល័យ​ក្រុង​ញូយ៉ក។​លោក​បាន​និយាយ​ថា​ មាន​ហេតុផល​ឯ​ទៀតៗ​ដែល​នាំ​ឱ្យ​អ្នក​ខ្លះ​មិន​ព្រម​ពាក់​ម៉ាស់​ឬ​មិន​យក​ក្រណាត់​បាំង​មុខ​ គឺ​មាន​ហេតុផល​ផ្សេងៗ​គ្នា​អាស្រ័យ​លើ​បុគ្គល​ម្នាក់ៗ។​

លោក​បាន​ថ្លែង​ថា​ ហេតុផល​ថា​« ខ្ញុំ​នឹង​មិន​ឈឺ​ដោយសារ​វីរុស​កូរ៉ូណា​ទេ​ ដូច្នេះ​ ពាក់​ម៉ាស់​ធ្វើអ្វី?​ ឬ​ថា​ទោះ​ណា​ជា​ខ្ញុំ​មាន​ជំងឺ​កូវីដ១៩​ក៏​ដោយ ​ ក៏វា​មិន​ធ្ងន់ធ្ងរ​ដែរ»។​

លោក​បាន​និយាយ​បន្ថែម​ថា​ ​មាន​ហេតុ​ផល​មិន​សំខាន់​ដូច​ជា​ថា​ ​ពាក់ម៉ាស់​នាំ​ឱ្យ​ខ្មាស់​គេ​ឬ​ថា​ «គេ​មិន​អាច​មើល​ឃើញ​ខ្ញុំ​ញញឹម​ទេ»។​

ក៏​ប៉ុន្តែ​មាន​មនុស្ស​ខ្លះ​ដោយ​មាន​រួម​បញ្ចូល​ពួក ​Latinos​ ពួក​អាស៊ី​និង​ជន​ជាតិ​អាមេរិកាំង​ដើម​កំណើត​ អាហ្វ្រិក​ ជា​ដើម​ មាន​កង្វល់​ថា​ ​ពាក់​ម៉ាស់​អាច​នាំ​ឱ្យ​គេ​ចាប់​អារម្មណ៍​ដែល​ពួក​គេ​មិន​ចង់​បាន។​

វីដេអូ​ដែល​ពួក​បុរស​ស្បែក​ខ្មៅ​និយាយ​ថា​ ពួក​គេ​រង​ការ​បាន​តាម​ដាន​ខាង​ពូជ​សាសន៍​ដោយ​សារ​ពួក​គេ​បាន​ពាក់ម៉ាស់​នោះ ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​ អ៊ីនធើណិត។​វីដេអូ​នេះ​បង្ហាញ​បុរស​ស្បែក​ខ្មៅ​ពីរ​នាក់​បាន​ថត​ខ្លួន​ឯង​ដោយ​មាន​ប៉ូលិស​ម្នាក់​ដើរ​តាម​នៅ​ឯ​ហាង​ Walmart។​

លោក​ Michael Jeffries ​ជា​សាស្ត្រាចារ្យ​ខាង​ការ​សិក្សា​ពី​ប្រទេស​អាមេរិក​ដែល​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ពូជសាសន៍​និង​នយោបាយ​នៅ​ឯ​មហា​វិទ្យាល័យ​ Wellesley។​លោក​បាន​និយាយ​ថា៖​« ខ្ញុំ​យល់​ថា​បញ្ហា​គឺ​ថា​ ពួក​បុរស​ស្បែក​ខ្មៅ​បាន​ត្រូវ​សម្គាល់​ជា​ទូទៅ​ថា​ ជា​ឧក្រិដ្ឋ​ជន​ហើយ​ត្រូវ​ពួក​ប៉ូលិស​ធ្វើ​បាប​យ៉ាង​ឃោរឃៅ។​ដូច្នេះ​មាន​ការ​ព្រួយ​បារម្ភ​ក្នុង​ចំណោម​ពួក​បុរស​អាមេរិកាំង​ដើម​កំណើត​ អាហ្វ្រិក​ ដែល​ថា ​ការ​ពាក់ម៉ាស់​ហាក់​ដូច​ជា​គំរាម​កំហែង​នរណា​ម្នាក់​ហើយ​ការណ៍​នេះ​អាច​នាំ​ឱ្យ​មាន​កំណើន​ការប៉ះ​ទង្គិច​ជា​មួយ​ពួក​ប៉ូលិស​និង​នាំ​ឱ្យ​មាន​ការ​សង្ស័យ​ពី​ពួក​ម្ចាស់​ហាង​និង​ពួក​ថ្មើរ​ជើង»។​

ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ ​លោក​ Jeffries ​បាន​ថ្លែង​ថា​ លោក​មិន​យល់​ថា​”ពួក​ជន​ស្បែក​ខ្មៅ​ភាគច្រើន​រារែក​មិន​ចង់​ពាក់​ម៉ាស់​ទេ»។​

លោក ​Mark Anthony Neal ​ជា​សាស្ត្រាចារ្យ​ខាង​ការ​សិក្សា​អំពី​ទ្វីប​អាហ្វ្រិក​ និង​អំពី​ជនជាតិ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​ នៅ​ឯ​សាកល​វិទ្យាល័យ ​Duke។​ លោក​បាន​និយាយ​ថា៖​«កាល​ពី​ពីរ​ខែ​មុន​នេះ​ ខ្ញុំ​អាច​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ព្រហ្មទណ្ឌដោយ​សារ​ខ្ញុំ​ពាក់​ម៉ាស់»។​

លោក​បាន​ថ្លែង​ថា​ នៅ​ពេល​នេះ ៖​«ខ្ញុំ​អាច​ត្រូវ​ចោទ​ប្រកាន់​ថែម​ទៀត​ពីព្រោះ​ខ្ញុំ​មិន​ពាក់​ម៉ាស់»។

លោក​ Jonas Kaplan ​ជា​អ្នក​វិទ្យា​សាស្ត្រ​សិក្សា​អំពី​ដំណើរ​ការ​ខួរ​ក្បាល​នៅ​ឯ​សាកល​វិទ្យាល័យ​កាលីហ្វ័រញ៉ា។​លោក​បាន​និយាយ​ថា​ មាន​មនុស្ស​ខ្លះ​បះបោរ​ប្រឆាំង​នឹង​គំនិត​ឱ្យ​ពាក់​ម៉ាស់​ពី​ព្រោះ​ពួក​គេ​មិន​ចូល​ចិត្ត​ឱ្យ​នរណា​ប្រាប់​ពួក​គេ​ធ្វើ​អ្វី​ឡើយ។​ សម្រាប់​ពួក​គេ​ «ការ​ពាក់​ម៉ាស់​ជា​ការ​រំលោភ​លើ​សេរីភាព​បុគ្គលហើយ​ដូច្នេះ​ការ​មិន​ពាក់​ម៉ាស់​បាន​ក្លាយ​ទៅ​ជា​និមិត្ត​រូប​នៃ​បុគ្គល​និយម»។​

លោក ​Kaplan ​បាន​និយាយ​ថា ​ម៉ាស់​បាន​ត្រូវគេ​ប្រើ​ប្រាស់​ជា​”រឿង​នយោបាយ”​ជាពិសេស​ពួក​អភិរក្ស​និយម​ដែល​យល់​ថា​ការ​ពាក់​ម៉ាស់​ជា​”សញ្ញា​សេរីនិយម»។​

លោក​ប្រធានាធិបតី​ Donald Trump ​និង​ពួក​មន្ត្រី​ខ្លះ​ខាង​គណបក្ស​សាធារណ​រដ្ឋ​បាន​បញ្ជាក់​ថា​ ពួក​គេ​មិន​ចង់​ពាក់​ម៉ាស់​ទេ។​

លោក​សាស្ត្រាចារ្យ​Abrams ​យល់​ថា​ ប្រសិន​បើ​ប្រធានាធិបតី​មិន​ចង់​ពាក់​ម៉ាស់​ទេ ​ ការណ៍​នេះ​នាំ​ឱ្យ​ជនជាតិ​អាមេរិកាំង​ឯ​ទៀតៗ​មាន​គំនិត​មិន​ចង់​ពាក់​ម៉ាស់​ដែរ។​

លោក ​Abrams​ បាន​និយាយ​ទៀត​ថា៖ ​«យើង​ដឹង​តាម​រយៈ​ចិត្តសាស្ត្រ​ថា​ ​មនុស្ស​គម្រូ​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​លើ​អាកប្បកិរិយា​របស់​បុគ្គល​ម្នាក់ៗ»។

លោក ​Neal​ នៃ​សាកល​វិទ្យាល័យ​ Duke ​បាន​និយាយ​ថា​ លោក ​Trump​ “ កំពុង​ខិត​ខំ​បង្ហាញ​គំនិត​ដែល​បង្ហាញ​ថា​ លោក​ខ្លាំង​ដោយ​មិន​ពាក់ម៉ាស់»។​

លោក ​Aronoff ​នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ Vanderbilt ​បាន​និយាយ​ថា​លោក​យល់​ថា​ ការ​ពាក់ម៉ាស់​គួរតែ​បង្ហាញ​អំពី​គំនិត​ល្អ​ដោយ​ត្រូវ​ផ្សព្វ​ផ្សាយ​តាម​រយៈ​សេចក្តី​ប្រកាស​សាធារណៈ។​លោក​ក៏​បាន​ថ្លែង​ដែរ​ថា​ ប្រសិន​បើ​ម៉ាស់​ក្លាយ​ទៅ​ជា​ម៉ូដ​មួយ​ដោយ​មាន​ រចនាបទ​លក្ខណៈ​អត្តសញ្ញាណ​ដូចជា​ការ​បង្ហាញ​សញ្ញា​នៃ​ក្រុម​កីឡា​ឬ​បុគ្គល​ល្បីឈ្មោះ ​នោះ​បុគ្គល​ម្នាក់ៗ​នឹង​មាន​មាន​ទម្លាប់​ពាក់ម៉ាស់​ត​ទៅ​ទៀត៕​

ប្រែ​សម្រួល​ដោយ​លោក​ឈឹម សុមេធ

XS
SM
MD
LG