នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson កាលពីថ្ងៃព្រហស្បតិ៍បានបើកកិច្ចប្រជុំកំពូលវ៉ាក់សាំងពិភពលោក ដែលជាកិច្ចប្រជុំតាមអនឡាញជាមួយប្រទេសចំនួន៥០ ដើម្បីរៃអង្គាសថវិកាសម្រាប់គម្រោងដែលគាំទ្រដោយអង្គការសហប្រជាជាតិមួយឈ្មោះ GAVI ដើម្បីធានាថា វ៉ាក់សាំងត្រូវបានគេចែកចែកដល់មនុស្សគ្រប់គ្នា។
កិច្ចប្រជុំកំពូលនេះសង្ឃឹមថា នឹងរៃអង្គាសប្រាក់ឲ្យបាន៧.៥០០លានដុល្លារសម្រាប់គម្រោងសម្ព័ន្ធភាពសុខភាពរវាងវិស័យសាធារណៈនិងវិស័យឯកជនមួយនេះ ដើម្បីជួយដល់ការផលិតនិងចែកចាយដោយសមធម៌ទូទាំងពិភពលោកនូវវ៉ាក់សាំងកូវីដ១៩និងវ៉ាក់សាំងដទៃទៀត។
ថ្លែងពីទីក្រុងឡុងដ៍លោក Johnson សន្យាថា អង់គ្លេសនឹងចូលរួមចំណែក២ពាន់លានដុល្លារដល់គម្រោងវ៉ាក់សាំង GAVI នេះក្នុងរយៈពេល៥ឆ្នាំខាងមុខ។
អគ្គលេខាធិការអង្គារសហប្រជាជាតិលោក Antonio Guterres នៅក្នុងវីដេអូថតទុកមួយ បានអំពាវនាវឲ្យមានសាមគ្គីភាពសាកលដើម្បីធានាថាមនុស្សគ្រប់រូបអាចទទួលបានវ៉ាក់សាំងកូវីដ១៩។
មកទល់នឹងថ្ងៃព្រហស្បតិ៍ នៅជុំវិញពិភពលោក មានអ្នកឆ្លងវីរុសកូរ៉ូណាចំនួនជាង៦,៥លាននាក់ និងអ្នកស្លាប់ពីជំងឺកូវីដ១៩ចំនួន ជាង៣៨០.០០០នាក់ នេះបើយោងតាមតួលេខរបស់សាកលវិទ្យាល័យ Johns Hopkins របស់សហរដ្ឋអាមេរិក៕