ក្រុមអ្នកវិភាគនិយាយថា លោក Joe Biden ដែលត្រូវបានព្យាករណ៍ថាជាប្រធានាធិបតីជាប់ឆ្នោតអាមេរិក នឹងបន្តជួយជ្រោមជ្រែងបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ដែលកំពុងមានជម្លោះពាក់ព័ន្ធនឹងតំបន់សមុទ្រចិនខាងត្បូងជាមួយនឹងប្រទេសចិនដ៏មានឥទ្ធិពល តាមរយៈការគាំទ្របណ្តាប្រទេសទាំងនោះ ដោយមិននាំឲ្យមាននូវលទ្ធភាពជម្លោះប្រដាប់អាវុធ។
ក្រុមអ្នកវិភាគកំពុងពិនិត្យមើលកំណត់ត្រារបស់រដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិកលោក Barack Obama ដែលមានលោក Biden ជាអនុប្រធានាធិបតីកាលពីគ្រានោះ ដើម្បីរកតម្រុយពីអ្វីដែលលោក Biden អាចធ្វើនៅក្នុងតំបន់។
លោក Obama បានព្យាយាមសម្រេចនូវអ្វីដែលរដ្ឋាភិបាលរបស់លោកពណ៌នាថាជា «ការងាកទៅកាន់តំបន់អាស៊ី» ចាប់ពីឆ្នាំ២០១១មក ខណៈតំបន់នេះកាន់តែមានសារៈសំខាន់សម្រាប់ផលប្រយោជន៍សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ លោកបានព្យាយាមសម្រេចកិច្ចព្រមព្រៀងផ្នែកយោធានានាជាមួយនឹងបណ្តាប្រទេសសម្ព័ន្ធមិត្តទាំងប្រាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៃភាពជាដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក ដែលកិច្ចព្រមព្រៀងនេះលោកត្រាំបានលុបចោលកាលពីឆ្នាំ២០១៧។ រដ្ឋបាលលោក Obama ក៏បានផ្តួចផ្តើមកម្មវិធីយុវជនមួយមានគោលដៅពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។
ដោយផ្អែកលើកំណត់ត្រានោះ ក្រុមអ្នកវិភាគនិយាយថា លោក Biden ត្រូវបានគេរំពឹងថា អាចនឹងសង្កត់ធ្ងន់លើផ្នែកការទូត ជាជាងប្រើប្រាស់ចំណាត់ការយោធាដែលតែងជាជម្រើសរបស់លោកប្រធានាធិបតី Trump រួមមាន ផ្លូវនាវាឆ្លងកាត់តាមតំបន់ទឹកមានជម្លោះ និងការលក់សព្វាវុធទៅឲ្យប្រទេសជាគូប្រជែងនឹងចិនក្នុងតំបន់។
ចំណាត់ការរបស់លោកប្រធានាធិបតីត្រាំបានបង្កឲ្យមានការថ្នាំងថ្នាក់ចិត្តពីសំណាក់មេដឹកនាំមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ដែលស្វះស្វែងរក្សាទំនាក់ទំនងប្រកបដោយស្ថិរភាពមួយជាមួយនឹងប្រទេសមហាអំណាចទាំងពីរ។ ប្រទេសព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាមកំពុងប្រជែងនឹងចិនពាក់ព័ន្ធនឹងជម្លោះដែនទឹក ស្របពេលកំពុងពឹងផ្អែកទៅលើប្រទេសចិន ដែលជាប្រទេសកុម្មុយនីស្តជិតខាង សម្រាប់ជំនួយផ្នែកសេដ្ឋកិច្ច។
លោក Alan Chong សាស្រា្តចារ្យជំនួយនៅសាលាសិក្សាអន្តរជាតិ S. Rajarnatnam ក្នុងប្រទេសសិង្ហបុរី បាននិយាយថា តាមរយៈប្លុកចរចារបស់ពួកគេ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន បណ្តាប្រទេសទាំងនេះនាពេលបច្ចុប្បន្នគួររំពឹងថា មេដឹកនាំសហរដ្ឋអាមេរិកនឹងគាំទ្រពួកគេនៅក្នុងការសម្រេចនូវក្រមប្រតិបត្តិដែនទឹកជាមួយចិន។
ចិននិងអាស៊ានបានព្យាយាមសម្រេចចេញជាក្រមប្រតិបត្តិមួយ ដែលមានគោលដៅបញ្ចៀសគ្រោះថ្នាក់ដោយចៃដន្យផ្សេងៗនៅតំបន់ដែនទឹកមានជម្លោះ ចាប់តាំងពីឆ្នាំ ២០០២មក។ ប្រទេសចិនបានបង្អាក់ដំណើរការនេះអស់រយៈពេលជាច្រើនឆ្នាំ រហូតទើបតែលើកយកមកពិភាក្សាឡើងវិញនៅឆ្នាំ ២០១៧។
លោក Chong បានថ្លែងថា «មន្រ្តីអាមេរិកមិនចាំបាច់ពាក់ព័ន្ធដោយផ្ទាល់ និងជំរុញឲ្យប្រទេសចិនមានប្រតិកម្មនោះទេ។ ពួកគេគ្រាន់តែគាំទ្រអាស៊ានដោយស្ងប់ស្ងាត់នៅក្នុងកិច្ចចរចាពីក្រមប្រតិបត្តិទៅបានហើយ។ ជាការពិតណាស់ ផែនការរបស់អាស៊ានគឺនឹងត្រូវស្របជាមួយនឹងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន»។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចាត់ទុកបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ជាសម្ព័ន្ធមិត្តអាចជួយទប់ទល់ឥទ្ធិពលរបស់ចិនបាន។ ប្រទេសចិនបានលើកឡើងពីកំណត់ត្រាប្រវត្តិសាស្ត្រដើម្បីគាំទ្រការទាមទាររបស់ខ្លួនប្រមាណ ៩០ភាគរយនៃតំបន់ដែនទឹកមានជម្លោះ។ បណ្តាប្រទេសដទៃទៀតនិយាយថា ការទាមទាររបស់ចិនគឺ ជាន់លើតំបន់សេដ្ឋកិច្ចពិសេសក្នុងដែនទឹករបស់ខ្លួន។
លោក Huang Kwei-bo ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យកិច្ចការអន្តរជាតិនៅសាកលវិទ្យាល័យជាតិ Chengchi ក្នុងក្រុងតៃប៉ិ កោះតៃវ៉ាន់ និយាយថា មេដឹកនាំនៅតំបន់អាស៊ីអាគ្នេយ៍ «ជាទូទៅស្វាគមន៍គ្រប់ភាគី» ដរាបណាបណ្តាប្រទេសមហាអំណាចដទៃទៀតងាកចេញពីការបង្កជម្លោះ។
នៅក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ចិនបានធ្វើឲ្យវៀតណាមខឹងសម្បារដោយសារការបញ្ជូននាវាបូមប្រេង និងនាវាស៊ើបការណ៍ចូលទៅក្នុងដែនទឹករបស់វៀតណាម។ ចិនបានបង្កឲ្យម៉ាឡេស៊ីថ្នាំងថ្នាក់ចិត្តពីសកម្មភាពឆ្មាំសមុទ្ររបស់ខ្លួន និងបានធ្វើឲ្យហ្វីលីពីនផ្ទុះកំហឹងតាមរយៈការចូលកាន់កាប់តំបន់ថ្មប៉ប្រះទឹកមានជម្លោះ ដែលសម្បូរទៅដោយធនធានត្រី។ ប្រទេសចិនមានកម្លាំងយោធាខ្លាំងជាងគេនៅអាស៊ី។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Muhuyiddin Yassin និងប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈអបអរសាទរលោក Biden កាលពីថ្ងៃអាទិត្យ ទី០៨ ខែវិច្ឆិកា ហើយបន្ទាប់មកមានព្រះមហាក្សត្រព្រុយណេ Hassanal Bolkiah ដែលបានអបអរនៅថ្ងៃបន្ទាប់។
ទោះបីជាបានពង្រឹងទំនាក់ទំនងមិត្តភាពជាមួយនឹងរដ្ឋាភិបាលក្រុងប៉េកាំងចាប់តាំងពីឆ្នាំ២០១៦មកក៏ដោយ ប្រធានាធិបតីហ្វីលីពីនលោក Duterte បានថ្លែងតាមបណ្តាញផ្សព្វផ្សាយនៅក្នុងប្រទេសថា លោកសង្ឃឹមពីការលើកកម្ពស់ទំនាក់ទំនងជាមួយនឹងសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក Biden ផ្អែកទៅលើ «ការប្តេជ្ញារួមលើលទ្ធិប្រជាធិបតេយ្យ សេរីភាព និងនីតិរដ្ឋ»។ ភាសានេះគឺតែងតែត្រូវបានប្រើដើម្បីបង្ហាញពីភាពផ្ទុយគ្នាទៅនឹងរបបដឹកនាំបែបផ្តាច់ការរបស់ចិន។
លោក Biden មិនទាន់បាននិយាយជាមួយនឹងមេដឹកនាំចិន ឬមេដឹកនាំប្រទេសអាស៊ីអាគ្នេយ៍ណាមួយនៅឡើយទេ តាំងពីពេលដែលលោក និងដៃគូឈរឈ្មោះបោះឆ្នោត សមាជិកព្រឹទ្ធសភា អ្នកស្រី Kamala Harris ត្រូវបានព្យាករណ៍ថា ឈ្នះការបោះឆ្នោតកាលពីថ្ងៃទី៣ ខែវិច្ឆិកា ដែលប្រជែងជាមួយនឹងលោកប្រធានាធិបតី Trump និងអនុប្រធានាធិបតីលោក Mike Pence។
គេហទំព័រក្រុមរៀបចំការផ្ទេរតំណែង Biden-Harris Transition បានឲ្យដឹងថា នៅពេលដែលលោក Biden បានថ្លែងកាលពីថ្ងៃទី១២ ខែវិច្ឆិកា ជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុនលោក Yoshihide Suga ដែលជាសម្ព័ន្ធមិត្តដ៏មុតមាំមួយអំឡុងពេលរដ្ឋបាលលោកត្រាំក្នុងការតាមដានប្រទេសចិន លោកទាំងពីរបានពិភាក្សាពី «ការប្តេជ្ញារួមដើម្បីពង្រឹងសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក និងជប៉ុន ជាជ្រុងមួយដ៏រីកចម្រើន និងរក្សាសន្តិសុខនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។
ប្រទេសចិនហាក់ដូចជាមានសុទិដ្ឋិនិយមជាងមុន។ អំឡុងពេលរដ្ឋបាលរបស់លោកប្រធានាធិបតីTrumpលោកបានជំរុញឲ្យមានការតតាំងជាមួយនឹងមេដឹកនាំចិនលើបញ្ហាពាណិជ្ជកម្ម បច្ចេកវិទ្យា និងកុងស៊ុល ក៏ដូចជា បូរណភាពដែនទឹក។
គេហទំព័រព័ត៌មាន Global Times គាំទ្រដោយរដ្ឋចិន បានលើកឡើងកាលពីថ្ងៃអាទិត្យ ទី០៨ ខែវិច្ឆិកាថា៖ «ការចូលកាន់តំណែងរបស់លោក Biden នៅសេតវិមាន ត្រូវបានគេរំពឹងថា នឹងផ្តល់ឱកាសសម្រាប់ដំណោះស្រាយផ្សេងៗដើម្បីសើរើកិច្ចពិភាក្សាជាន់ខ្ពស់ និងស្តារឡើងវិញនូវជំនឿទុកចិត្តផ្នែកយុទ្ធសាស្ត្ររវាងប្រទេសមហាអំណាចទាំងពីរ»។
ទោះបីយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគនិយាយថា កំណើនសម្ពាធរបស់ចិនទៅលើវៀតណាម ហ្វីលីពីន និងម៉ាឡេស៊ី ពាក់ព័ន្ធនឹងជម្លោះតំបន់សមុទ្រចិនខាងត្បូងដែលមានទំហំ ៣,៥លានគីឡូម៉ែត្រការ៉េនៅក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះនឹងជំរុញឲ្យលោក Biden បន្តនូវចំណាត់ការរបស់រដ្ឋបាលលោកត្រាំមួយចំនួនដូចជា សេរីភាពធ្វើប្រតិបត្តិការនាវាចរណ៍របស់កងទ័ពជើងទឹកអាមេរិក។
អ្នកស្រី Yun Sun អ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកកម្មវិធីអាស៊ីអាគ្នេយ៍នៅមជ្ឈមណ្ឌលសិក្សាគោលនយោបាយ Stimson ក្នុងរដ្ឋធានីវ៉ាស៊ីនតោនបាននិយាយថា៖ «ពិតណាស់ ខ្ញុំយល់ឃើញថាការកើនឡើងនៃភាពតានតឹងនៅតំបន់សមុទ្រចិនខាងត្បូងជាស្ថានការណ៍ពិតប្រាកដមួយដែលយើងត្រូវដោះស្រាយ ពីព្រោះសហរដ្ឋអាមេរិកមិនអាចធ្វើប្រតិបត្តិការនាវាចរណ៍ដោយសេរីនៅតំបន់សមុទ្រនោះទេ ហើយប្រទេសចិននឹងមានប្រតិកម្ម ដែលនេះមានន័យថា ចំណុចប៉ះទង្គិចនឹងបន្តកើតមានឡើង មិនថានរណាជាប្រធានាធិបតីនោះទេ»។
លោក Eduardo Araral សាស្ត្រាចារ្យនៅមហាវិទ្យាល័យគោលនយោបាយសាធារណៈប្រចាំនៅសាកលវិទ្យាល័យជាតិសិង្ហបុរីបានព្យាករណ៍ថា លោក Biden នឹងព្យាយាមបន្តដាក់សម្ពាធទៅលើប្រទេសចិនដោយផ្នែក ដើម្បីបង្ហាញថា គណបក្សប្រជាធិបតេយ្យរបស់លោកមានភាពរឹងមាំគ្រប់គ្រាន់ដើម្បីអាចទប់ទល់នឹងសមាជិកគណបក្សសាធារណរដ្ឋរបស់លោក Trumpចំពោះការលើកបញ្ហានេះមកនិយាយប្រឆាំងនឹងលោកនៅឆ្នាំ២០២៤។
លោកបានថ្លែងថា៖ «ពួកគេប្រហែលជាងាកចេញពីការគ្រាន់តែធ្វើកិច្ចពិភាក្សា ពីព្រោះខ្ញុំគិតថា អាមេរិកដឹងរួចទៅហើយថា កិច្ចពិភាក្សាតែមួយមុខនឹងមិនអាចជួយឲ្យពួកគេឈ្នះចិននោះទេ។ ដូច្នេះ ត្រូវតែមានការបញ្ចេញកម្លាំងខ្លះគួបផ្សំនឹងកិច្ចពិភាក្សាទើបអាចទៅរួច»៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្ត្របញ្ញា