លោក Joe Biden ដែលគេព្យាករណ៍ថាជាប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិក នឹងរៀបចំពិធីមួយនៅថ្ងៃអង្គារនេះ ដើម្បីណែនាំបុគ្គលមួយចំនួន ដែលលោកគ្រោងនឹងតែងតាំងសម្រាប់តំណែងជាន់ខ្ពស់ផ្នែកការទូតនិងសន្តិសុខជាតិនៅក្នុងរដ្ឋបាលរបស់លោក។
បុគ្គលទាំងនោះរួមមានលោក Antony Blinken ដែលជាទីប្រឹក្សាផ្នែកកិច្ចការបរទេសដ៏ជំនិតម្នាក់របស់លោក Biden គឺជាជម្រើសសម្រាប់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស។
លោក Biden បាននិយាយថា លោកមានបំណងតែងតាំងអតីតរដ្ឋមន្ត្រីការបរទេសលោក John Kerry ឲ្យកាន់មុខតំណែងថ្មីមួយជាប្រេសិតពិសេសរបស់ប្រធានាធិបតីទទួលបន្ទុកកិច្ចការអាកាសធាតុ។ ក្រុមអន្តរកាលរបស់លោក Biden ថា វាជាការឆ្លុះបញ្ចាំងអំពីការប្ដេជ្ញារបស់លោក Biden នៅក្នុងការដោះស្រាយបញ្ហាអាកាសធាតុ ដែលត្រូវបានចាត់ទុកថាជាបញ្ហាសន្តិសុខជាតិបន្ទាន់។
បើយោងតាមកាសែត New York Times អ្នកស្រី Janet Yellen អាយុ ៧៤ ឆ្នាំ ដែលជាអតីតប្រធានធនាគារកណ្ដាល អាចនឹងត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ។
លោក Biden បានជ្រើសរើសលោក Alejandro Mayorkas ដែលជាមេធាវីអាមេរិកាំងដើមកំណើត គុយបា ឲ្យធ្វើជារដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិ។ លោក Mayorkas ធ្លាប់ធ្វើជាអនុរដ្ឋមន្ត្រីនៃក្រសួងសន្តិសុខមាតុភូមិនេះ ហើយប្រសិនបើព្រឹទ្ធសភាអនុម័ត លោកនឹងក្លាយជារដ្ឋមន្ត្រីក្រសួងនេះដែលជាជនអន្តោប្រវេសន៍ និងជាជាតិសាសន៍ឡាទីនដំបូងគេបង្អស់។
ជាងនេះទៀត លោក Biden បានជ្រើសរើសអ្នកស្រីអតីតឯកអគ្គរដ្ឋទូត Linda Thomas-Greenfield ដែលជាស្ត្រីអាមេរិកាំងស្បែកខ្មៅ និងមានបទពិសោធន៍ផ្នែកកិច្ចការបរទេស ៣៥ ឆ្នាំ ឲ្យធ្វើជាប្រេសិតពិសេសរបស់សហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ។
លោក Biden ក៏បានជ្រើសរើសស្ត្រីមួយរូបទៀតផងដែរគឺអ្នកស្រី Avril Haines ឲ្យធ្វើជាប្រធានផ្នែកស៊ើបការណ៍សម្ងាត់ជាតិ។ អ្នកស្រីធ្លាប់ធ្វើជានាយករងទីភ្នាក់ងារCIA និងទីប្រឹក្សារងផ្នែកសន្តិសុខជាតិ។
ចំណែកឯលោក Jake Sullivan ដែលជាទីប្រឹក្សាផ្នែកកិច្ចការបរទេសរបស់លោក Biden វិញ ត្រូវបានលោក Biden តែងតាំងជាទីប្រឹក្សាសន្តិសុខជាតិរបស់លោក៕