ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហេតុអ្វីបានជាគណបក្សប្រជាធិបតេយ្យផ្ដោតលើបទចោទតែពីរករណីដើម្បីចោទប្រកាន់ទម្លាក់លោក Trump ពីតំណែង?


សភា​អាមេរិក​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​កាល​ពីថ្ងៃទី​១០ ខែធ្នូ ឆ្នាំ២០១៩។
សភា​អាមេរិក​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​កាល​ពីថ្ងៃទី​១០ ខែធ្នូ ឆ្នាំ២០១៩។

នៅ​ពេល​ដែល​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​រយៈពេល​ពីរ​ខែ​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី Donald Trump ពី​តំណែង ពួកគេ​បាន​ពិចារណា​អំពី​បទ​ចោទ​ជា​ច្រើន​ប្រឆាំង​នឹង​លោក ដែល​ក្នុង​នោះ​មាន​ទាំង​បទ​ចោទ​ដែល​បាន​មក​ពី​ការ​ស៊ើប​អង្កេត​របស់​លោក​រដ្ឋអាជ្ញា​ពិសេស Robert Mueller អំពី​ការ​ជ្រៀតជ្រែក​របស់​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​កាល​ពី​ឆ្នាំ ២០១៦ និង​ការ​រំលោភ​លើ​ខ​ដែល​ចែង​ពី​ប្រាក់​បៀវត្សរ៍​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​សហរដ្ឋ​អាមេរិក​ផង​ដែរ។

ប៉ុន្តែ នៅ​ទី​បំផុត ប្រធាន​រដ្ឋសភា​អ្នកស្រី Nancy Pelosi និង​មេដឹកនាំ​កំពូលៗ​ផ្សេង​ទៀត​នៃ​គណបក្ស​ប្រជាធិបតេយ្យ​បាន​សម្រេច​លើ​បទ​ចោទ​តែ​ពីរ​តែ​ប៉ុណ្ណោះ ដែល​នោះ​គឺ​ការ​រំលោភ​អំណាច និង​ការ​រារាំង​ដំណើរការ​ស៊ើប​អង្កេត​របស់​សភា។

គណបក្ស​ប្រជាធិបតេយ្យ​សម្រេច​លើ​បទ​ចោទ​តែ​ពីរ​ជាជាង​បទ​ចោទ​ច្រើន​ជាង​នេះ គឺ​មាន​គោល​បំណង​ដើម្បី​តតាំង​នឹង​ការ​រិះគន់​របស់​គណបក្ស​សាធារណរដ្ឋ​ដែល​ថា នីតិវិធី​នៃ​ការ​ចោទ​ប្រកាន់​ដើម្បី​ដក​លោក Trump ពី​តំណែង​នេះ គឺ​ជា​ការ​ប៉ុនប៉ង​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​ការ​ទម្លាក់​ពី​តំណែង​នូវ​ប្រធានាធិបតី​ដែល​ជ្រើសរើស​តាម​បែប​ប្រជាធិបតេយ្យ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ជំនាញ​មួយ​ចំនួន។

អ្នកស្រី Kimberly Wehle អតីត​មេធាវី​ឯករាជ្យ​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​រឿង​អាស្រូវ Whitewater លើ​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Bill Clinton បាន​និយាយ​ថា ការ​សម្រេច​របស់​គណបក្ស​ប្រជាធិបតេយ្យ​គឺ​ជា​ការ​សម្រេច​ដ៏​ឆ្លាតវៃ ដើម្បី​ធ្វើ​ឲ្យ​គណបក្ស​សាធារណរដ្ឋ​មាន​ការ​ពិបាក​ខ្លាំង​ជាង​មុន​នៅ​ក្នុង​ការ​ច្រាន​ចោល​វិធានការ​ជា​ប្រវត្តិសាស្ត្រ​នេះ។

អ្នកស្រី Wehle ដែល​នៅ​ពេល​បច្ចុប្បន្ន​នេះ​ជា​សាស្ត្រាចារ្យ​ច្បាប់​នៃ​សាកល​វិទ្យាល័យ Baltimore បាន​និយាយ​ថា៖ «ប្រសិនបើ​មាន​បទ​ចោទ​ប្រកាន់​ច្រើន​ករណី នោះ​គណបក្ស​សាធារណរដ្ឋ​អាច​និយាយ​បាន​ថា គណបក្ស​ប្រជាធិបតេយ្យ​មិន​អាច​គ្រប់គ្រង​បាន នេះ​គឺ​ជា​ការ​ព្យាបាទ ឬ​ក៏​នេះ​គឺ​ហួស​ពី​សមត្ថភាព​ជា​ដើម។ ហើយ​គណបក្ស​សាធារណរដ្ឋ​អាច​យក​ចំណុច​ទាំង​នេះ​មក​សំអាង ដើម្បី​ជំទាស់​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ដើម្បី​ទម្លាក់​លោក Trump ពី​តំណែង​នេះ‍»។

បទ​ចោទ​ប្រកាន់

បទ​ចោទ​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​លោក Trump ពី​តំណែង គឺ​ស្រដៀង​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ព្រហ្មទណ្ឌ​ដូច្នេះ​ដែរ។ បទ​ចោទ​ទាំង​ពីរ​ដែល​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​ទី ១០ ខែ​ធ្នូ​កន្លង​ទៅ​នេះ គឺ​ផ្ដោត​លើ​បញ្ហា​ពាក់ព័ន្ធ​នឹង​ប្រទេស​អ៊ុយក្រែន។

បទ​ចោទ​ទាំង​នេះ​ទាក់ទិន​ទៅ​នឹង​ការ​ប្រឹងប្រែង​របស់​លោក Trump នៅ​ក្នុង​ការ​ស្នើ​ឲ្យ​អ៊ុយក្រែន​ស៊ើប​អង្កេត​លើ​អតីត​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ដែល​អាច​ជា​គូ​ប្រជែង​របស់​លោក​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​ក្រោយ ហើយ​និង​គំនិត​យល់​ខុស​ដែល​គិត​ថា​អ៊ុយក្រែន​បាន​ជ្រៀតជ្រែក​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ឆ្នាំ ២០១៦ ក៏​ដូចជា​ការ​ប៉ុនប៉ង​ជា​បន្តបន្ទាប់​របស់​លោក Trump នៅ​ក្នុង​ការ​រារាំង​ដំណើរការ​ស៊ើប​អង្កេត​របស់​សភា​ផង​ដែរ។

ទោះបីជា​មិន​មែន​ជា​បទ​ចោទ​ឧក្រិដ្ឋ​ក៏​ដោយ ក៏​ការ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​អំណាច​គឺ​ជា​អ្វី​ដែល​ធ្លាប់​កើត​ឡើង​ជា​យូរ​មក​ហើយ​នៅ​ក្នុង​ការ​ចោទ​ប្រកាន់​ដើម្បី​ទម្លាក់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ពី​តំណែង។ នេះ​បើ​យោង​តាម​លោក Louis Michael Seidman សាស្ត្រាចារ្យ​ច្បាប់​រដ្ឋធម្មនុញ្ញ​នៃ​សាកល​វិទ្យាល័យ Georgetown។

ចំណែក​ឯ​ការ​ចោទ​ប្រកាន់​ពី​បទ​រារាំង​ដំណើរការ​ស៊ើប​អង្កេត​របស់​សភា​វិញ​គឺ​មិន​សូវ​ឮ​ញឹកញាប់​ប៉ុន្មាន​ទេ។ អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Richard Nixon បាន​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ស្រដៀង​គ្នា​នេះ​ដែរ ដែល​នោះ​គឺ​ការ​ចោទ​ប្រកាន់​ពី​បទ​មិន​គោរព​តាម​សភា។

បទ​ចោទ​ទី​មួយ

បទ​ចោទ​ទី​មួយ​គឺ​ចោទ​ប្រកាន់​លោក Trump ថា​បាន​ប្រើប្រាស់​អំណាច​ជា​ប្រធានាធិបតី​របស់​លោក​ដើម្បី​ស្នើ​ឲ្យ​ប្រទេស​អ៊ុយក្រែន​ជ្រៀតជ្រែក​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ ២០២០ ខាង​មុខ​នេះ។

បទ​ចោទ​នេះ​បាន​ចោទ​ប្រកាន់​ថា លោក Trump បាន​ស្នើ​ប្រទេស​អ៊ុយក្រែន​ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​ដែល​អាច «ផ្ដល់​ប្រយោជន៍​ឲ្យ​លោក​ជាប់​ជា​ប្រធានាធិបតី​មួយ​អាណត្តិ​ទៀត ប៉ះពាល់​ដល់​ក្ដី​សង្ឃឹម​នៃ​គូ​ប្រជែង​នយោបាយ​របស់​លោក​នៅ​ក្នុង​ការ​បោះឆ្នោត និង​ជះ​ឥទ្ធិពល​ដល់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ឆ្នាំ ២០២០ ដើម្បី​ផ្ដល់​ប្រយោជន៍​ដល់​លោក»។

បទ​ចោទ​នេះ​លើក​ឡើង​ថា លោក Trump «មាន​បំណង​ដាក់​សម្ពាធ» លើ​ប្រទេស​អ៊ុយក្រែន​ឲ្យ​ចាត់​វិធានការ​ទាំង​នេះ ដោយ​លោក​បាន​ដាក់​លក្ខខណ្ឌ​ផ្អឹប​ទុក​ជំនួយ​យោធា​ជិត ៤០០ លាន​ដុល្លារ​សម្រាប់​ប្រទេស​អ៊ុយក្រែន និង​ស្នើ​ឲ្យ​មាន​ការ​ជួប​ពិភាក្សា​នៅ​សេតវិមាន​រវាង​លោក និង​ប្រធានាធិបតី​អ៊ុយក្រែន​អំពី​ការ​ស៊ើប​អង្កេត​ដែល​លោក​បាន​ស្នើ​ឡើង​ទាំង​នេះ។

តាម​រយៈ​ការ​ស៊ើប​អង្កេត​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​លោក Trump ពី​តំណែង​នេះ គណបក្ស​ប្រជាធិបតេយ្យ​មាន​បំណង​ចង់​បង្ហាញ​ថា លោក Trump ពិតជា​បាន​ជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ទាំង​នេះ​ជា​ថ្នូរ​នឹង​ជំនួយ​យោធា​ជិត ៤០០ លាន​ដុល្លារ​នោះ និង​ជំរុញ​ឲ្យ​មាន​ការ​ជួប​ពិភាក្សា​រវាង​លោក និង​ប្រធានាធិបតី​អ៊ុយក្រែន​ពិត​ប្រាកដ​មែន។ ប៉ុន្តែ​ការ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា​ពិតជា​មាន​ការ​ដោះដូរ​ប្រយោជន៍​នោះ​គឺ​ពិបាក​នឹង​ធ្វើ​ឡើង​ជាង​ការ​រំពឹង​ទុក​ទៅ​ទៀត។ ដោយសារតែ​ហេតុ​នេះ​ហើយ​បាន​ជា​សេចក្ដី​សម្រេច​របស់​គណៈកម្មាធិការ​រដ្ឋសភា​ដែល​ធ្វើ​ការ​លើ​រឿង​នេះ​មិន​បាន​ផ្ដោត​ខ្លាំង​លើ​ពាក្យ​ដោះដូរ​ប្រយោជន៍​សម្រាប់​កសាង​សំណុំ​រឿង​នេះ​ឡើង​នោះ​ទេ។

បទ​ចោទ​ទី​ពីរ

បទ​ចោទ​ទី​ពីរ​គឺ​ផ្ដោត​លើ​កិច្ច​ប្រឹងប្រែង​របស់​លោក Trump នៅ​ក្នុង​ការ​រារាំង​ដំណើរ​ការ​ស៊ើប​អង្កេត​របស់​សភា។ បន្ទាប់ពី​គណបក្ស​ប្រជាធិបតេយ្យ​បាន​ប្រកាស​អំពី​ការ​ស៊ើប​អង្កេត​នេះ​កាល​ពី​ចុង​ខែ​កញ្ញា លោក Trump បាន​បញ្ជា​ឲ្យ​សេតវិមាន និង​ទីភ្នាក់ងារ​នានា​របស់​រដ្ឋាភិបាល​មិន​ឲ្យ​សហការ​ជាមួយ​នឹង​ការ​ស៊ើប​អង្កេត​នេះ។

បទ​ចោទ​ទី​ពីរ​នោះ​បញ្ជាក់​ដូច្នេះ​ថា៖ «នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក គ្មាន​ប្រធានាធិបតី​រូប​ណា​ធ្លាប់​បញ្ជា​ឲ្យ​មាន​ការ​ជំទាស់​ទាំង​ស្រុង​ទៅ​នឹង​ការ​ស៊ើប​អង្កេត​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង ឬ​ក៏​ព្យាយាម​រារាំង​ខ្លាំងក្លា​ចំពោះ​លទ្ធភាព​របស់​រដ្ឋសភា​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​បទ​ល្មើស​ព្រហ្មទណ្ឌ និង​បទ​ល្មើស​មជ្ឈិម​ធ្ងន់ធ្ងរ [ដែល​ជា​បទ​ល្មើស​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​សម្រាប់​ចោទ​ប្រកាន់​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង​បាន] នោះ​ទេ»៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG