ជាច្រើនខែបន្ទាប់ពីការប្រឈមមុខដាក់គ្នានៅក្នុងដំណើរការស៊ើបអង្កេតចោទប្រកាន់ដកហូតប្រធានាធិបតីចេញពីតំណែងដោយរដ្ឋសភាសហរដ្ឋអាមេរិក ឥឡូវនេះសេតវិមាននឹងបើកសវនាការជាសាធារណៈមួយនៅក្នុងព្រឹទ្ធសភាដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានបង្ហោះសាររិះគន់គណបក្សប្រជាធិបតេយ្យ ដោយលោកបាននិយាយថា «ប្រសិនបើគណបក្សប្រជាធិបតេយ្យចោទប្រកាន់ដកខ្ញុំចេញពីតំណែង សូមធ្វើឥឡូវនេះទៅ ហើយធ្វើឲ្យបានលឿន ដូច្នេះយើងអាចរកយុត្តិធម៌បាននៅក្នុងសវនាការនៅក្នុងព្រឹទ្ធសភា ហើយបន្ទាប់មក ប្រទេសរបស់យើងអាចត្រឡប់ទៅបំពេញការងារជាធម្មតាវិញបាន»។
កាលពីថ្ងៃព្រហស្បតិ៍ នៅមុនការបង្ហោះសាររបស់ប្រធានាធិបតី ប្រធានរដ្ឋសភាលោកស្រី Nancy Pelosi បានបញ្ជាទៅមេដឹកនាំខាងគណបក្សប្រជាធិបតេយ្យឲ្យចាប់ផ្តើមព្រាងច្បាប់ចោទប្រកាន់ប្រឆាំងនឹងប្រធានាធិបតី ដោយប្រកាសថា លោក ត្រាំ បានរំលោភអំណាចរបស់លោកជាប្រធានាធិបតី។
នៅក្នុងសេចក្តីថ្លែងការណ៍សង្ខេបមួយ លោកស្រី Pelosi បានថ្លែងថា មេដឹកនាំគណបក្សសាធារណរដ្ឋមួយនេះបានប្រឆាំងនឹងបទដ្ឋាននៃអំណាចប្រធានាធិបតី បំពានលើកាតព្វកិច្ចរបស់លោកដែលបានស្បថថានឹងគោរពតាមរដ្ឋធម្មនុញ្ញារបស់សហរដ្ឋអាមេរិក តាមរយៈការនិយាយឲ្យប្រទេសអ៊ុយក្រែនចាប់ផ្តើមស៊ើបអង្កេតលើគូប្រជែងរបស់លោកមកពីខាងគណបក្សប្រជាធិបតីគឺអតីតប្រធានាធិបតីលោក Joe Biden នៅក្នុងការបោះឆ្នោតឆ្នាំ២០២០ ដើម្បីជួយលោកឲ្យជាប់ឆ្នោតម្តងទៀត។
លោកស្រី Pelosi បានបញ្ជាក់ទៀតថា៖ «លោកប្រធានាធិបតីបានរំលោភលើអំណាចរបស់លោកដោយបញ្ហាសន្តិសុខជាតិទៅប្រើប្រាស់ ដើម្បីបម្រើអត្ថប្រយោជន៍នយោបាយផ្ទាល់ខ្លួន»។
លោកស្រី Pelosi បានស្នើទៅលោក Jerrold Nadler ប្រធានគណកម្មាធិការនីតិកម្មនៃរដ្ឋសភា និងប្រធានគណកម្មាធិការផ្សេងទៀតខាងគណបក្សប្រជាធិបតេយ្យឲ្យចាប់ផ្តើមបង្កើតសេចក្តីព្រាងច្បាប់ចោទប្រកាន់ដកតំណែងប្រធានាធិបតី៕