ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មូលហេតុ​​ពលរដ្ឋ​ហ្វីលីពីន​គាំទ្រ​ការពន្យារ​វិធានការ​​ក្នុង​ការបិទ​ដំណើរការ​ដើម្បី​ទប់ស្កាត់​ជំងឺ​​កូវីដ១៩ ទោះមាន​ការលំបាក​ខាង​សេដ្ឋកិច្ច


រូបឯកសារ៖ ស្រ្តីម្នាក់ពាក់ម៉ាសជិះកង់កាត់ផ្ទាំងរូបប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte នៅក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ ស្រ្តីម្នាក់ពាក់ម៉ាសជិះកង់កាត់ផ្ទាំងរូបប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte នៅក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។

អាជីវកម្ម​នានា​នៅក្នុង​តំបន់​រដ្ឋធានី​នៃ​ប្រទេស​ហ្វីលីពីន និង​តំបន់​នៅ​ជុំវិញ​លើ​កោះ Luzon នឹង​ត្រូវ​បន្ត​បិទ​ទ្វារ​រហូត​ដល់​ថ្ងៃ​ទី ៣០ ខែមេសា ដើម្បី​ជួយ​បញ្ឈប់​ការរាតត្បាត​ជំងឺ​កូវីដ​១៩។

ការបិទ​ដំណើរការ​អាជីវកម្ម​នានា នៅក្នុង​ប្រទេស​ហ្វីលីពីន​រហូត​ដល់​ថ្ងៃទី ៣០ ខែមេសា ដើម្បី​ទប់ស្កាត់​ការរាតត្បាត​នៃ​វីរុស​កូរ៉ូណា​នេះ ត្រូវបាន​គេ​រំពឹង​ថា នឹង​ធ្វើ​ឲ្យ​លោក​ប្រធានាធិបតី Rodrigo Duterte ទទួល​បាន​ការគាំទ្រ​ជា​សាធារណៈ​ថែម​ទៀត បើទោះបីជា មាន​ការលំបាក​ផ្នែក​សេដ្ឋកិច្ច​ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ​ដ៏​ច្រើន​ក៏ដោយ។

កាលពី​ខែមីនា លោក Duterte បាន​បញ្ជា​ថា តំបន់​រដ្ឋធានី​ត្រូវ​បិទ​រហូត​ដល់​ថ្ងៃ​ទី ១៤ ខែមេសា ហើយ​កាលពីថ្ងៃ​ទី​៧​ខែ​មេសាកន្លង​ទៅ​នេះ លោក បាន​បញ្ជា​ឲ្យ​ពន្យារ​ការបិទ​ដំណើរការ​រហូត​ដល់​ថ្ងៃ​ទី ៣០ ខែមេសា។ បទបញ្ជា​បិទ​ដំណើរការ​ដំបូង បាន​ធ្វើ​ឡើង​បន្ទាប់ពី​មន្រ្តី​បាន​រក​ឃើញ​ថា ពលរដ្ឋ​ហ្វីលីពីន​ឆ្លង​ជំងឺ​កូវីដ​១៩​ដ៏​មរណៈ ដែល​បណ្តាល​មកពី​វីរុស​កូរ៉ូណា​នេះ ដែល​មក​ទល់​នឹងថ្ងៃ​ពុធ​ទី​១៥ ខែ​មេសានេះ​មាន​ចំនួន ៥,៤៥៣ នាក់ និង​ស្លាប់​ចំនួន ៣៤៩ នាក់។

ទីក្រុង​ម៉ានីល ដែល​មាន​ប្រជាពលរដ្ឋ​ចំនួន ១៣ លាន​នាក់ និង​តំបន់​នៅ​ជុំវិញ​លើ​កោះ Luzon នឹង​ត្រូវ​កំណត់​ឲ្យ​បិទដំណើរការ ហើយ​មាន​បំរាមគោចរ​រហូត​ដល់​ចុង​ខែមេសា​នេះ។

ក្រុមអ្នកវិភាគ​ជឿ​ថា ថវិកា​លើក​ស្ទួយ​សេដ្ឋកិច្ច និង​ជំនួយ​សុខភាព​សាធារណៈ ដែល​បាន​ត្រូវគេ​រំពឹង​ថា នឹង​មាន​ចំនួន​សរុប ២៣ ពាន់​លាន​ដុល្លារ ដែល​ស្មើនឹង​ចំនួន ៦ ភាគរយ​នៃ​ផលិត​ផល​សរុប​ក្នុង​ស្រុក​នោះ កំពុង​ជួយ​បន្ធូរបន្ថយការ​មិន​សប្បាយ​ចិត្ត។ អ្នកវិភាគ​ទាំង​នោះ​និយាយ​ថា ជំនួយ​កំពុង​ទៅ​ដល់​ដៃ​ជនក្រីក្រ និង​អ្នក​ដែល​ត្រូវការ​ដទៃ​ទៀត បន្ទាប់ពី​ការចាប់ផ្តើម​ដ៏​ច្របូកច្របល់។ កាលពី​ខែមីនា អ្នករស់នៅ​ក្នុង​តំបន់​ក្រីក្រតោកយ៉ាក​មួយ​ក្រុម​នៅក្នុង​រដ្ឋធានី​ម៉ានីល បាន​ធ្វើការ​តវ៉ា​នៅ​តាម​បណ្តោយ​ផ្លូវ​ហាយវ៉េ​មួយ បន្ទាប់ពី​មិន​បាន​ទទួល​ការផ្គត់ផ្គង់​ស្បៀងអាហារ​ដូច​ការរំពឹងទុក។

ជា​ឧទាហរណ៍ ការិយាល័យ​របស់​អនុ​ប្រធានាធិបតី​អ្នកស្រី Leni Robredo បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ទី ១៨ ខែមីនា​ថា ការិយាល័យ​របស់​អ្នកស្រី បាន​ចែក​កញ្ចប់​ស្បៀង​អាហារ​ដល់​បុគ្គលិក​សុខាភិបាល មន្ទីរពេទ្យ និង​មណ្ឌល​សហគមន៍។

លោក Jonathan Ravelas ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ​ទីផ្សារ​នៃ​ធនាគារ Banco de Oro UniBank បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

«ជា​ការពិត​ណាស់ វា​មាន​បញ្ហា​ប្រឈម ប៉ុន្តែ​បន្តិច​ម្តងៗ វា​ចាប់ផ្តើម​ដំណើរការ​នៅក្នុង​ប្រព័ន្ធ ដូច្នេះ​ហើយ ទើប​រដ្ឋាភិបាល​មាន​ទំនុកចិត្ត ក្នុង​ការបន្ត​ការបិទ​ដំណើរការ​ដល់​ថ្ងៃទី ៣០ ខែមេសា»។

នៅក្នុងព្រឹត្តិការណ៍​មួយ​ដែល​ជួយ​លោក Duterte ថែម​ទៀត ព្រឹទ្ធសភា​ហ្វីលីពីន បាន​បោះឆ្នោត​ជា​ឯកច្ឆន្ទ​កាលពី​ខែមុន​លើ​សេចក្តី​ព្រាងច្បាប់​អំពី​ការ​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​បាន​រាយការណ៍​ថា ព្រឹទ្ធសភា​បាន​ផ្តល់​អំណាច​ពិសេស​ដល់​លោក Duterte ក្នុង​ការសម្រេច​ថវិកា និង​កម្មវិធី​រដ្ឋាភិបាល​ដែល​ទាក់ទង​ទៅនឹង​ការទប់ស្កាត់​ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩។

លោក Eduardo Araral សាស្ត្រាចារ្យ​រង​នៅ​សាលា​គោលនយោបាយ​សាធារណៈ​នៃ​សាកល​វិទ្យាល័យ​ជាតិ​សិង្ហបុរី បាន​និយាយ​ថា លោក Duterte ដែល​ទទួល​បាន​ប្រជាប្រិយភាព​តាំងពី​លោក​ចូលកាន់​តំណែង​នៅ​ឆ្នាំ ២០១៦ នោះ បាន​ធ្វើឲ្យ​ខ្លួន​លោក​កាន់តែ​ទទួល​បាន​ប្រជាប្រិយភាព​បន្ថែម​ទៀត តាម​រយៈ​ការនិយាយ​តាម​ទូរទស្សន៍ អំពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​របស់​លោក។ លោក Eduardo Araral បាន​ថ្លែង​បន្ត​ក្នុង​សម្តី​ដើម​ថា៖

«ខ្ញុំ​គិត​ថា អាហារ​ និង​ប្រាក់​បាន​ចាប់ផ្តើម​ដល់​ដៃ​អ្នក​ដែល​ត្រូវការ​ហើយ។ អត្រា​អ្នកគាំទ្រ​លោក Duterte នៅ​តែ​ខ្ពស់។ លោក​ជា​មនុស្ស​ដែល​ដឹង​រឿង ហើយ​ចាត់​វិធានការ​ភ្លាមៗ​ទាន់ពេល ដូច្នេះ អាច​ទប់កំហឹង​របស់​ពលរដ្ឋ​បាន»។

ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​នៅ​លើ​គេហទំព័រ​របស់​ការិយាល័យ​ប្រធានាធិបតី​បាន​ឲ្យ​ដឹង​ថា លោក Duterte បាន​និយាយ​កាលពី​ថ្ងៃច័ន្ទ​ទី១៣ ខែមេសា​កន្លង​ទៅ​នេះ​ថា លោក​ចាត់ទុក​ថា នេះ​ជា «ការស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​ដោយ​សន្សឹមៗ» ដែល​មាន​គោលដៅ​ជួយ​ប្រជាពលរដ្ឋ​ដែល​រង​ប៉ះពាល់​ដោយ​ការបិទ​ដំណើរការ​នេះ។

ការបញ្ជា​ពលរដ្ឋ​មិន​ឲ្យ​ចេញ​ពី​ផ្ទះ និង​ការបិទ​អាជីវកម្ម​ក្នុង​ទ្រង់ទ្រាយ​ធំ ត្រូវ​បាន​ធ្វើ​ឡើង​នៅក្នុង​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក ចាប់តាំងពី​ខែកុម្ភៈ នៅពេល​ដែល​រដ្ឋាភិបាល​ព្យាយាម​ទប់ស្កាត់​ការរាតត្បាត​នៃ​ជំងឺកូវីដ១៩ តាម​រយៈ​ការរក្សាគម្លាត​ឲ្យ​នៅ​ឆ្ងាយ​ពី​គ្នា។

ក្រុមពលរដ្ឋ​មួយ​ចំនួន​ដែល​នៅ​ក្រៅ​ប្រទេស​ហ្វីលីពីន បាន​ប្រឆាំងនឹង​ការរឹតត្បិត​ខ្លះ។ ឧទាហរណ៍ នៅ​ប្រទេស​ឥណ្ឌា ពលករ​ចំណាក​ស្រុក​ដែល​មិន​អាច​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាន បាន​តវ៉ា​កាលពី​ថ្ងៃអង្គារ​ទី១៤​ខែមេសា​កន្លង​ទៅ​នេះ ប្រឆាំងនឹង​ការពន្យារ​ពេល​នៃ​ការបិទ​ដំណើរការ​នេះ។ នៅ​ផ្នែក​ខ្លះ​នៃ​សហរដ្ឋ​អាមេរិក ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​បញ្ជា​មិន​ឲ្យ​ចេញ​ពី​ផ្ទះ​បើសិន​គ្មាន​ករណី​ចាំបាច់​នោះ បាន​ប្រឆាំងនឹង​បទបញ្ជា​នេះ។ នៅ​ប្រទេស​អាល្លឺម៉ង់ តុលាការ​ធម្មនុញ្ញ​បាន ដាក់​បម្រាម​មិន​ឲ្យ​មាន​ការ​រៀបចំ​ប្រមូល​ផ្ដុំគ្នា​ដើម្បី​តស៊ូ​មតិអំពី​សិទ្ធិ​ប្រមូល​ផ្តុំ នៅ​ក្នុង​អំឡុង​ពេល​បិទ​ដំណើរការ​នេះ។

ការធ្វើ​ដំណើរ​តាម​ផ្លូវគោក ផ្លូវអាកាស និង​ផ្លូវ​សមុទ្រ​ក្នុង​តំបន់​រដ្ឋធានី​ហ្វីលីពីន ត្រូវ​បាន​រឹតបន្តឹង​រហូត​ដល់​ថ្ងៃទី ៣០ ខែមេសា ហើយ​អ្នក​ដែល​ចូល​ទៅ​ក្នុង​តំបន់​រដ្ឋធានី​នេះ ពី​តំបន់​ជាយក្រុង​ឆ្ងាយៗ ត្រូវ​បាន​ដាក់​កំហិត​ឲ្យ​បង្ហាញ​ភស្តុតាង​ថា ខ្លួន​ត្រូវ​បំពេញ​ការងារ​នៅ​ក្នុង​រដ្ឋធានី។ ផ្សារទំនើប​ដែល​ជា​ប្រភព​សំខាន់​នៃ​ចំណូល​លក់រាយ និង​ការងារ​ផ្តល់​សេវាកម្ម ត្រូវ​បាន​បិទ។

លោក Jonathan Ravelas ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ​ទីផ្សារ​នៃ​ធនាគារ Banco de Oro UniBank បាន​និយាយ​ថា សេដ្ឋកិច្ច​របស់​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ ពឹងផ្អែក​មួយ​ផ្នែក​ទៅ​លើ​ការចំណាយ​របស់​អតិថិជន​ដែល​កំពុង​កើនឡើង​ដោយសារតែ​ការបង្កើត​ការងារ​ដោយ​មាន​ការវិនិយោគ​ថ្មីៗ​នៅក្នុង​រោងចក្រ ហេដ្ឋារចនាសម្ព័ន្ធ និង​មជ្ឈមណ្ឌល​បំរើ​សេវាកម្ម​តាម​ទូរស័ព្ទ។ ក្រុម​មន្រ្តី​សង្ឃឹម​ថា កំណើន​ផលិតផល​សរុប​ក្នុង​ស្រុក នឹង​ជួយ​បន្ធូរបន្ថយ​ភាពក្រីក្រ​ដែល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ហ្វីលីពីន​ម្នាក់​ក្នុង​ចំណោម ៥ នាក់។ នៅ​ឆ្នាំ​នេះ ផលិតផល​ក្នុង​ស្រុក​សរុប អាច​នៅ​នឹង ដោយ​គ្មាន​ការកើនឡើង។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា ក្រុមមន្រ្តី​ហ្វីលីពីន បាន​និយាយ​ថា នៅ​ខែ​ក្រោយ ពួកគេ​នឹង​ដាក់​សហគមន៍​ដែល​បាន​ឆ្លង​វីរុស​កូរ៉ូណា​ឲ្យ​នៅ​ដាច់​ដោយ​ឡែក ជំនួស​ឲ្យ​ការបិទ​ដំណើរការ​តំបន់​ទាំង​មូល ឬ ដក​វិធានការ​បិទដំណើរការ​នោះ ជា​ជំហានៗ។ ក្រុមអ្នកវិភាគ​និយាយ​ថា ការគាំទ្រ​ជា​សាធារណៈ​ចំពោះ​វិធានការ​បិទដំណើរការ​នោះ អាច​នឹង​ថយ​ចុះ បើសិន​ជា ការរឹតត្បិត មាន​រយៈពេល​យូរ។

លោក Herman Kraft ដែល​ជា​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកល​វិទ្យាល័យ​ហ្វីលីពីន Diliman បាន​ថ្លែង​ថា នៅ​ក្នុង​រដ្ឋាភិបាល «ពួកគេ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ អំពី​របៀប​ដែល​ពួកគេ នឹង​បន្ត​វិធានការ​ដូចនេះ ពីព្រោះ​វា​អាច​មាន​ភាពរសើប​ខ្លះ​ចំពោះ​អារម្មណ៍ និង​ប្រតិកម្ម​របស់​សាធារណៈ​ជន អំពី​វិធី​ដែល​រដ្ឋបាល​នេះ កំពុងតែ​ដោះស្រាយ​វិបត្តិ​ជំងឺ​កូវីដ​១៩​នេះ»៕

ប្រែសម្រួលដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់

XS
SM
MD
LG