ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​ក្នុង​ទ្វីប​អាហ្វ្រិក ​មេ​រោគ​កូរ៉ូណា​ជាបញ្ហា​បន្ថែម​លើ​ការ​ខ្វះ​ម្ហូប​អាហារ


រូបឯកសារ៖ ស្រ្តីម្នាក់ទិញបន្លែនៅលើដងផ្លូវមួយក្នុងក្រុង Lagos ប្រទេសនីហ្សេរីយ៉ា កាល​ពី​ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។
រូបឯកសារ៖ ស្រ្តីម្នាក់ទិញបន្លែនៅលើដងផ្លូវមួយក្នុងក្រុង Lagos ប្រទេសនីហ្សេរីយ៉ា កាល​ពី​ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។

នៅ​មុន​មានការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺកូវីដ​១៩ (COVID-19) ​ មនុស្ស​១១៣​លាន​នាក់​នៅ​លើ​ផែនដី​បាន​រង​គ្រោះ​ស្រេចហើយ​ដោយសារ​អសន្តិសុខ​ខាង​ម្ហូប ​អាហារ​យ៉ាង​ធ្ងន់ធ្ងរ​បណ្តាល​មក​ពី​បញ្ហា​ដែល​មាន​តាំងពី​ដូច​ជា​មហន្តរាយ​ធម្មជាតិ​ឬ​វិបត្តិ​នានា។​

ឧទាហរណ៍​អាក្រក់​បំផុត​គឺ​ប្រទេសអេត្យូពី ​ ប្រទេស​កេនយ៉ា​ និង​ប្រទេស​សូម៉ាលី។​ ទីភ្នាក់ងារ​ខាង​ម្ហូប​អាហារ​របស់​អ.ស.ប.​និយាយ​ថា ​នៅ​ក្នុង​ប្រទេស​ទាំងនេះ​ មនុស្ស​១២​លាន​នាក់​មាន​បញ្ហា​ធ្ងន់​ធ្ងរ​ស្រេច​ ហើយ​ដោយសារ​ការ​រាំង​ស្ងួត​អូស​បន្លាយ​យូរ​ ការ​ច្រូត​កាត់​មិន​បាន​ផល​ល្អ​ និង​លើសពី​នេះទៅ​ទៀត​គឺ ​ហ្វូង​កណ្តូប​ធំៗ​បាន​បំផ្លាញ​ដំណាំ​និង​វាល​ស្មៅ​កាល​ពី​ខែ​ធ្នូ​និង​ខែ​មករា។ ​

នៅ​ក្នុង​របាយ​ការណ៍​មួយ​ចេញ​ផ្សាយ​ពី​ខែ​មេសា​ ​ បណ្តាញ​បញ្ចៀស​វិបត្តិ​ម្ហូប​អាហារ​និយាយ​ថា​ ​សង្គ្រាម​បាន​បង្កើត​ឱ្យមាន​ការ​ខ្វះខាត​ម្ហូប​អាហារ​និង​ខ្វះ​អាហារូបត្ថម្ភ​នៅ​ក្នុង​អាង​បឹង ​Chad​ តំបន់ ​Liptako-Gourma ​នៃ​ប្រទេស​ម៉ាលី​ នីហ្សេរីយ៉ា​ និង​ប្រទេស​ Burkina Faso ​និង​នៅ​ក្នុង​ផ្នែក​នានា​នៃ​ប្រទេស​នីហ្សេរីយ៉ា​ផង​ដែរ។​ បណ្តាញ​នេះ​និយាយ​ថា​ មនុស្ស​ប្រមាណ​១៧​លាន​នាក់​នឹង​ប្រឈម​នឹង​វិបត្តិ​ម្ហូប​អាហារ​និង​អាហារូបត្ថម្ភ​នៅ​ក្នុង​ខែ​មិថុនា​និង​ខែ​សីហា​នៅ​ក្នុង​តំបន់​នោះ។​

លោក ​Issoufou Baoua​ ជា​អ្នក​ជំនាញ​ធ្វើការ​នៅ​អង្គការ​គណៈកម្មាធិការ​អន្តររដ្ឋ​អចិន្ត្រៃយ៍​សម្រាប់​ការ​គ្រប់គ្រង​ការ​រាំង​ស្ងួត​នៅ​ក្នុង​តំបន់ ​Sahel។​ លោក​ព្រមាន​ថា​មនុស្ស​៥០​លាន​នាក់​កំពុង​មាន​ «ការ​ថប់​អារម្មណ៍»​ និង​អាច​មាន​ហានិភ័យ​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​នេះ។​

លោក​ Issoufou Baoua ​បាន​ពន្យល់​ថា ​ពួក​មនុស្ស​ដែល​កំពុង​តប់​ប្រម៉ល់​ទាំង​នេះ​ អាច​មាន​ម្ហូប​អាហារ​បរិភោគ​បាន​ ​ ក៏ប៉ុន្តែ​ពួក​គេគ្មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់ចំណាយ​ក្រៅ​ពី​ម្ហូប​អាហារ​ទេ។​

ជា​ឧទាហរណ៍​ប្រសិនបើ​មាន​នរណា​ម្នាក់​ឈឺ ​ពួក​គេ​ត្រូវ​តែ​លក់​ស្តុក​ខ្លះ​នៃ​ម្ហូប​អាហារ​របស់​ពួក​គេ​ ដើម្បី​បង់​សោហ៊ុយ​ក្នុង​ការ​ព្យាបាល​ជំងឺ។​ លោក​និយាយ​ថា ​បន្ទាប់​មក​ពួក​គេ​ក៏​មាន​បញ្ហា​ធ្ងន់​ធ្ងរ។​

ការ​រាតត្បាត​ជា​សាកល​នៃ​មេរោគ​កូរ៉ូណា​និង​វិធាន​ការ​ទប់​ទល់​នឹង​ជំងឺ​នេះ​ក៏​ជា​ឧបសគ្គ​មួយ​ដែរ។ ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​បាន​បន្ត​ការ​បិទ​ប្រទេស​រហូត​ដល់​ចុង​ខែ​មេសា ពី​ព្រោះ​ការ​ឆ្លង​ជំងឺ​នេះ​នៅ​តែ​មាន​ត​ទៅ​ទៀត។​ ប្រទេស​ឯ​ទៀតៗ​បាន​ដាក់​បំរាម​គោចរ។​

លោក ​Sekou Sangare ​ជា​ស្នងការ​ខាង​កសិកម្ម ​បរិស្ថាន​ និង​ប្រភព​ទឹក​នៃ​សហគមន៍​សេដ្ឋកិច្ច​ពពួក​រដ្ឋ​ក្នុង​ប៉ែក​ខាង​លិច​នៃ​ទ្វីប​អាហ្វ្រិក​ ហៅ​កាត់​ថា​ ECOWAS។​ លោក​និយាយ​ថា ​ទោះ​ណា​ជា​មាន​ការ​បិទ​ព្រំដែន​និង​ការ​រឹត​ត្បិត​នៅ​ខាង​ក្នុង​ប្រទេស​ក៏​ដោយ​ ​ក៏​ត្រូវ​តែ​មាន​ម្ហូប​អាហារ​ដែរ។​

លោក​ Sekou Sangare​ និយាយ​ថា ​វិធាន​ការ​ចាំ​បាច់​ក្នុង​ការ​បិទ​ប្រទេស​នេះ​មិន​គួរ​រារាំង​ក្រុម​កសិករ​មិន​ឱ្យ​លក់​ផលិត​ផល​របស់​ពួក​គេ​ក្នុង​ផ្សារ​ទេ។​ លោក​ថ្លែង​ថា​ បើ​មិន​ធ្វើ​ដូច្នេះ​ទេ​ ​ការណ៍​នេះ​អាច​នាំ​ឱ្យ​មាន​ការ​បង្អាក់​ខ្សែ​ចង្វាក់​ផ្គត់​ផ្គង់​ម្ហូប​អាហារ បណ្តាល​ឱ្យ​មាន​ការ​ខ្វះ​ខាត​ម្ហូប​អាហារ​និង​មាន​ការ​បង្កើន​តម្លៃ​ផង​ដែរ។​

អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ​ព្រមាន​ថា ​វិធី​ដោះ​ស្រាយ​មិន​ល្អ​អាច​នាំ​ឲ្យ​មាន​បញ្ហា​អាក្រក់​ជាង​ជំងឺ​ទៅ​ទៀត​នៅ​ក្នុង​ប្រទេស​នានា​ដែល​មាន​សេដ្ឋកិច្ច​មិន​មាំ​ទាំ។​ អង្គការ​សកម្មភាព​ប្រឆាំង​នឹង​ការ​ស្រេក​ឃ្លាន​ព្រមាន​ថា​ ការ​ស្រេក​ឃ្លាន​អាច​នាំ​ឱ្យ​មាន​ជន​រង​គ្រោះ​ច្រើន​ជាង​មនុស្ស​ស្លាប់​ដោយ​សារ​មេរោគ​នេះ​ទៅ​ទៀត។​

លោក ​Pierre Micheletti​ ជា​ប្រធាន​នៃ​អង្គការ​នេះ។​ លោក​និយាយ​ថា​ វិធានការ​នៃ​ការ​បិទ​ប្រទេស​មាន​ន័យ​ថា​ ជា​ការ​បញ្ឈប់​ការងារ​សម្រាប់​ពួក​មនុស្ស​ដែល​ខិតខំ​ប្រឹងប្រែង​ដើម្បី​រស់​ ដែល​ភាគ​ច្រើន​ជា​អ្នក​មាន​ការងារ​ក្រៅ​ផ្លូវការ។​ លោក​យល់​ថា ប្រព័ន្ធ​សន្តិសុខ​ទាំង​មូល​និង​ការ​ផ្តល់​ប្រាក់​ជំនួយ​បង្គ្រប់​ដែល​ពួក​ប្រទេស​អភិវឌ្ឍន៍​អាច​ធ្វើ​បាន​នោះ​ មិន​មែនជា​ការ​យល់​ឃើញ​ប្រាកដ​និយម​មួយ​នៅ​ក្នុង​ពួក​ប្រទេស​កំពុង​អភិវឌ្ឍន៍​ទេ៕​

ប្រែ​សម្រួល​ដោយ​ឈឹម សុមេធ​

XS
SM
MD
LG