លោកប្រធានាធិបតី Donald Trump បាននិយាយម្តងហើយម្តងទៀតថាលោកចង់ «បើកសហរដ្ឋអាមេរិកជាថ្មី» ឱ្យបានឆាប់រហ័សតាមអាចធ្វើបាន។ ក៏ប៉ុន្តែក្រុមអ្នកជំនាញផ្នែកសុខភាពសាធារណៈអំពាវនាវឲ្យមានការបើកដំណើរការសេដ្ឋកិច្ចឡើងវិញសន្សឹមៗ។
លោកប្រធានាធិបតី Donald Trump បាននិយាយច្រើនដងថា លោកចង់ «បើកសហរដ្ឋអាមេរិកជាថ្មី» ឱ្យបានឆាប់រហ័សតាមអាចធ្វើបានដើម្បីកាត់បន្ថយការខូចខាតខាងសេដ្ឋកិច្ចបណ្តាលមកពីបទបញ្ញត្តិស្តីពីការមិនឱ្យនៅជិតគ្នាដែលបានត្រូវអនុវត្តជាការតបនឹងការរាតត្បាតសាកលនៃមេរោគវីរុសកូរ៉ូណា។
លោកបាននិយាយច្រើនដងថា «ប្រទេសយើងមិនមែនបង្កើតឡើងដើម្បីបិទទេ។ នេះមិនមែនជាប្រទេសមួយត្រូវកសាងឡើងសម្រាប់បិទទេ»។
ក៏ប៉ុន្តែពួកអ្នកជំនាញខាងសុខាភិបាលសាធារណៈបាននិយាយឱ្យប្រុងប្រយ័ត្នថាការចាប់ផ្តើមដំណើរការសេដ្ឋកិច្ចជាថ្មីដោយសុវត្ថិភាពនឹងត្រូវចំណាយពេលយូរ។ ភស្តុតាងពីប្រទេសចិនដែលនៅទីនោះមេរោគវីរុសនេះហាក់ដូចជាបាក់កម្លាំងបង្ហាញថាដំណើរការបើកសេដ្ឋកិច្ចជាថ្មីមិនមែនងាយស្រួលដូចបើកកុងតាក់ទេ។
នៅខាងក្នុងរដ្ឋបាលនេះហាក់ដូចជា មានការដឹងច្រើនជាងមុនថា សេដ្ឋកិច្ចសហរដ្ឋអាមេរិកអាចមានដំណើរការយឹតយូរក្នុងរយៈពេលច្រើនគួរសមគឺយូរជាងការយល់ឃើញរបស់លោកប្រធានាធិបតីទៅទៀត។
បំណងរបស់លោកដែលចង់ឃើញមាន «មនុស្សពេញវិហារគ្រឹស្តសាសនា» នៅក្នុងពិធីបុណ្យ Easter នៅថ្ងៃអាទិត្យទី១២ខែមេសាបានត្រូវចាត់ទុកជាទូទៅថា គ្មានភាពប្រាកដនិយមទេ។ ហើយការអំពាវនាវឱ្យមានការកម្រិតការនៅឃ្លាតពីគ្នាក្នុងសង្គមដែលបានត្រូវនិយាយជាថ្មីច្រើនដងដោយលោក Trump មិនបានត្រូវគេធ្វើតាមទេ។
កាលពីថ្ងៃអង្គារទី៧ ខែមេសា ទីប្រឹក្សាសេដ្ឋកិច្ចជាន់ខ្ពស់របស់លោក Trump បាននិយាយថា ពួកអ្នកជំនាញខាងសុខាភិបាលសាធារណៈនឹងណែនាំសេចក្តីសម្រេចរបស់សហរដ្ឋអាមេរិកអំពីបន្ធូរបន្ថយបែបណានិងនៅពេលណានូវកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ថយការរាលដាលនៃមេរោគវីរុសកូរ៉ូណា។
លោក Larry Kudlow ដែលជាទីប្រឹក្សាសេដ្ឋកិច្ចរបស់សេតវិមានបាននិយាយនៅក្នុងសេចក្តីសម្ភាសន៍មួយជាមួយទស្សនាវដ្តី Politico ថា «គឺសុខភាពរបស់ប្រជារាស្ត្រដែលនឹងជំរុញឱ្យមានសេចក្តីសម្រេចខាងវេជ្ជសាស្ត្រនៅទីនេះគឺជាសេចក្តីសម្រេចទាក់ទិននឹងវេជ្ជសាស្ត្រ។»
លោក Kudlow បាននិយាយថា លោកមានសុទិដ្ឋិនិយមនិងសេចក្តីសង្ឃឹមថា «នៅក្នុងរយៈពេលពីបួនទៅ៨អាទិត្យទៀត យើងនឹងអាចបើកសេដ្ឋកិច្ចជាថ្មីហើយថាកម្លាំងនៃមេរោគវីរុសនេះនឹងចុះថមថយយ៉ាងច្រើនក្រាស់ក្រែល។»
នៅក្នុងសេចក្តីសម្ភាសន៍មួយជាមួយក្មវិធីទូរទស្សន៍ Fox News លោក Kudlow បានថ្លែងថា«លោកប្រធានាធិបតីចង់បើកសេដ្ឋកិច្ចជាថ្មីដោយឆាប់រហ័សតាមដែលលោកធ្វើបាន ហើយយើងគ្រោងចាត់វិធានការខាងផ្ទៃក្នុងហើយ» ក៏ប៉ុន្តែលោកមិនបានផ្តល់សេចក្តីពិស្តារល្អិតល្អន់អំពីការពិភាក្សាគ្នាទាំងនោះ។
ប្រសិនបើរដ្ឋាភិបាលអាមេរិកាំងមានបំណងប្រាកដប្រជាធ្វើតាមការណែនាំរបស់ពួកអ្នកជំនាញខាងសុខាភិបាលមែននោះ សេចក្តីណែនាំសម្រាប់ការបើកប្រទេសជាថ្មីអាចធ្វើឱ្យរយៈពេល៨អាទិត្យស្នើដោយលោក Kudlow មានភាពសុទិដ្ឋិនិយមខ្លាំងពេក។
កាលពីដើមខែមេសា វិទ្យាស្ថានអភិរក្សនិយម American Enterprise Institute បានបោះពុម្ពផ្សាយរបាយការណ៍ពីរសរសេរដោយពួកអ្នកជំនាញខាងសុខាភិបាលសាធារណៈមួយក្រុមដែលមានរួមបញ្ចូលលោក Scott Gottlieb ដែលជាអតីតស្នងការមន្ទីររដ្ឋបាលត្រួតពិនិត្យម្ហូបអាហារនិងឱសថរបស់លោក Trump ពីឆ្នាំ២០១៧ដល់ឆ្នាំ២០១៩ដែលបានបង្ហាញ«ផែនទីបង្ហាញផ្លូវ»មួយសម្រាប់ការបើកប្រទេសជាថ្មី។
ការសិក្សាស្រាវជ្រាវនេះផ្តល់អនុសាសន៍ជារបៀបដោះស្រាយមួយជាជំហានៗដែលនៅក្នុងនោះប្រទេសអាមេរិកនឹងវិលត្រឡប់បន្តិចម្តងៗទៅកាន់ភាពធម្មតាវិញនៅពេលដែលសមត្ថភាពធ្វើតេស្តពលរដ្ឋដើម្បីរកមេរោគវីរុសកូរ៉ូណានិងការព្យាបាលពួកអ្នកជំងឺនេះមានភាពល្អប្រសើរជាងមុន។ ពួកអ្នកនិពន្ធសេចក្តីរាយការណ៍នេះស្នើដំណោះស្រាយមួយមានបួនដំណាក់កាលដើម្បីបើកប្រទេសជាថ្មីនិងធ្វើការប្រុងប្រៀបសម្រាប់ទប់ទល់ជាមួយការរាលដាលជំងឺសាកលក្នុងពេលអនាគត។
បើតាមផែនការរបស់ពួកអ្នករៀបចំរបាយការណ៍នេះថា សហរដ្ឋអាមេរិកកំពុងចាប់ផ្តើមដំណាក់កាលទីមួយដែលនៅក្នុងនោះការរឹតត្បិតអំពីការនៅឃ្លាតពីគ្នាខាងសង្គមកំពុងត្រូវប្រើជាវិធានការគ្រាមានអាសន្នមួយដើម្បីពន្យឺតការរាលដាលមេរោគវីរុសនេះនៅពេលដែលការធ្វើតេស្តនៅតែមិនគ្រប់គ្រាន់។
ចំនួនពិតប្រាកដនៃពួកជនឆ្លងជំងឺនេះនៅតែមិនទាន់ដឹងហើយមន្ទីរពេទ្យមានបន្ទុកធ្ងន់ហួសហេតុឬមួយមានការប្រថុយប្រថានថានឹងមានបន្ទុកខ្លាំងពេកដែរដោយសារមានអ្នកជំងឺច្រើន។
ដំណាក់កាលទីពីរនឹងអនុញ្ញាតឱ្យមានការបើកសេដ្ឋកិច្ចជាថ្មីជាលំដាប់តាមតំបន់ ក៏ប៉ុន្តែនៅមិនទាន់មាន «កត្តា» សម្រាប់ធ្វើអន្តរកាលទៅកាន់ដំណាក់កាលទីពីរនៅឡើយទេ។
បើតាមការសិក្សាស្រាវជ្រាវនេះ រដ្ឋមួយអាចចូលក្នុងដំណាក់កាលទីពីរដោយសុវត្ថិភាពបាននៅពេលណាខ្លួនមានលក្ខណៈវិនិច្ឆ័យបួន។ លក្ខណៈវិនិច្ឆ័យទាំងនេះគឺៈ ការកាត់បន្ថយអ្នកមានផ្ទុកមេរោគវីរុសនេះឱ្យបានជាប់លាប់ក្នុងរយៈពេលយ៉ាងតិចណាស់១៤ថ្ងៃ មន្ទីរពេទ្យនៅក្នុងរដ្ឋនេះអាចព្យាបាលពួកអ្នកជំងឺទាំងអស់ដោយសុវត្ថិភាព រដ្ឋនេះអាចធ្វើតេស្តមនុស្សទាំងអស់ដែលមានរោគសញ្ញាជំងឺ COVID-19 ហើយរដ្ឋនេះអាចឃ្លាំមើលដោយសកម្មនូវពួកអ្នកជំងឺនិងអ្នកដទៃទៀតដែលអ្នកជំងឺទាំងនេះបានទាក់ទងជាមួយ។
នៅពេលនេះគ្មានលក្ខណៈវិនិច្ឆ័យទាំងនេះនៅក្នុងស.រ.អ.ទេ។ ទោះណាជានៅក្នុងតំបន់ដែលចំនួននៃករណីអ្នកជំងឺថ្មីៗបានចាប់ផ្តើមចុះថយក៏ដោយក៏ការមិនទាន់មានការ test គ្រប់គ្រាន់នៅឡើយទេ។ ការខ្វះខាតប្រដាប់ប្រដាការពារខ្លួននិងប្រដាប់សម្រាប់ជួយដកដង្ហើមនៅក្នុងមន្ទីរពេទ្យដែលព្យាបាលអ្នកជំងឺនេះច្រើននាក់បង្ហាញថាប្រព័ន្ធវេជ្ជសាស្ត្រកំពុងមានបញ្ហាធ្ងន់ធ្ងរ។ ប្រព័ន្ធសម្រាប់ការតាមឃ្លាំមើលដោយសកម្មនូវពួកអ្នកមានផ្ទុកមេរោគនេះនិងដើម្បីតាមដានពួកមនុស្សដែលអ្នកជំងឺទាក់ទងកំពុងត្រូវអភិវឌ្ឍ។
ដំណាក់កាលទីបីដែលនៅក្នុងនោះការរឹតត្បិតទាំងអស់នឹងត្រូវដកចេញ ឋិតនៅឆ្ងាយណាស់។ បើតាមសេចក្តីរាយការណ៍នេះថា ការធ្វើដូច្នេះ យ៉ាងតិចបំផុតតម្រូវឱ្យមានការអភិវឌ្ឍន៍បច្ចេកវិជ្ជាខាងការព្យាបាលរោគដែលកាត់បន្ថយភាពសាហាវនៃមេរោគវីរុសនេះដែលអាចសម្លាប់មនុស្សបានឬជាការល្អជាងនេះគឺការយល់ព្រមឱ្យមានថ្នាំវ៉ាក់សាំងមួយដើម្បីបញ្ចៀសកុំឱ្យមានជំងឺនេះតែម្តង។
បើតាមលោក Gottlieb ថាជាការពិតជាក់ស្តែង គេមិនអាចរំពឹងថា នឹងមានការរើបឡើងខាងសេដ្ឋកិច្ចពេញលេញរហូតដល់ពេលណាមានថ្នាំវ៉ាក់សាំងយកជាការបានមួយអាចត្រូវអភិវឌ្ឍដែលធ្វើឱ្យប្រជារាស្ត្រមានការស្ងប់ចិត្តអំពីការវិលត្រឡប់ទៅកាន់ភាពធម្មតាវិញ ហើយលោកថានេះជារឿងដែលអាចនឹងកើតឡើងក្នុងពេលយ៉ាងហោចណាស់មួយឆ្នាំទៀត ឬអាចលើសនេះទៅទៀត។
នៅក្នុងសេចក្តីសម្ភាសន៍មួយកាលពីដំណាច់សប្តាហ៍ទីមួយនៃខែមេសាក្នុងកម្មវិធី Face the Nation នៃទូរទស្សន៍អាមេរិកាំង CBS លោក Gottlieb បាននិយាយថា «ដរាបណាមិនទាន់មានថ្នាំវ៉ាក់សាំងនោះ សេដ្ឋកិច្ចមានដំណើរការត្រឹមតែ៨០%តែប៉ុណ្ណោះ»។
លោក Gottlieb បាននិយាយថា «រឿងមួយចំនួននឹងលែងមានតទៅទៀតហើយ។ មនុស្សនឹងលែងនាំគ្នាទៅចូលរួមក្នុងសន្និសីទទៀតហើយ។ មនុស្សម្នានឹងលែងក្នុងកន្លែងប្រកួតកីឡាឬកន្លែងប្រគុំតន្ត្រីទៀតហើយ។ គេនឹងលែងទៅមើលកុនច្រើនដូចមុនទៀតទេ ហើយគេនឹងមិនធ្វើដំណើរតាមនាវាកម្សាន្តហើដូចមុនទៀតហើយ ហើយក៏មិនទៅលេងនៅសួនកំសាន្ត Disneyland ដូចមុនទៀតហើយ។ហើយយើងត្រូវតែទទួលស្គាល់ការណ៍នេះ។ នៅពេលនេះ អ្វីដែលផ្លាស់ប្តូរនោះគឺបច្ចេកវិទ្យា។ ក៏ប៉ុន្តែយើងត្រូវការឱ្យមានរបៀបដោះស្រាយដោយប្រុងប្រយ័ត្នមួយដើម្បីឱ្យបានបច្ចេកវិទ្យានេះយ៉ាងឆាប់រហ័ស»។
ភស្តុតាងពីប្រទេសចិនបង្ហាញថា លោក Gottlieb និយាយត្រូវ។ នៅពេលនេះរដ្ឋាភិបាលចិនបានលុបចោលបំរាមនៅក្នុងទីក្រុង Wuhan ដែលនៅទីនោះមេរោគវីរុសនេះបានលេចឡើងដំបូងកាលពីចុងឆ្នាំ២០១៩។ ក៏ប៉ុន្តែទោះណាជាមានសេចក្តីថ្លែងការណ៍អំពីជោគជ័យដោយពួកមន្ត្រីក្នុងមូលដ្ឋានដែលអះអាងថា រោងចក្រឧស្សាហកម្ម ៩៧ភាគរយបានបើកវិញហើយក៏ដោយ ក៏របាយការណ៍បណ្តាញផ្សាយព័ត៌មាននិយាយថាមានអ្នកធ្វើការតែប្រមាណ៦០ភាគរយប៉ុណ្ណោះដែលបានទៅធ្វើការវិញ។
ការមានសកម្មភាពធម្មតាឡើងវិញនៅតំបន់ខ្លះ អាចនាំឱ្យមានមេរោគវីរុសនេះឡើងវិញ។ជាឧទាហរណ៍ កាលពីចុងខែមីនា ពួកមេដឹកនាំហុងកុងមានជំនឿថាពួកគេមានជោគជ័យក្នុងការបញ្ចៀសកុំឱ្យមានការរាលដាលខ្លាំងនៃមេរោគនេះ។ក៏ប៉ុន្តែនៅក្រោយមានការបន្ធូរការធ្វើដំណើរ ជំងឺ COVID-19 បានរើបឡើងវិញដែលតម្រូវឱ្យមានការរឹតត្បិតថែមទៀត។
ការសិក្សាស្រាវជ្រាវមួយដោយពួកអ្នកស្រាវជ្រាវនៅឯមហាវិទ្យាល័យ T. H. Chan ខាងសុខាភិបាលសាធារណៈនៃសាកលវិទ្យាល័យ Harvard បង្ហាញថាស.រ.អ.អាចប្រឈមនឹងរយៈពេលរហូតដល់ពីរឆ្នាំដែលនៅក្នុងនោះការរឹតត្បិតឱ្យនៅឃ្លាតពីគ្នាខាងសង្គមនឹងត្រូវអនុវត្តតាមកន្លែង នៅពេលដែលតំបន់ខ្លះប្រឈមនឹងការមានការឆ្លងជំងឺនេះឡើងវិញ។
ប្រែសម្រួលដោយ លោក ឈឹម សុមេធ