មានឧទាហរណ៍ជាច្រើនអំពីការរឹតបន្តឹងបណ្តាញផ្សាយព័ត៌មាននិងបំបិទមាត់បណ្តាញព័ត៌មានឯករាជ្យចាប់តាំងពីអាជ្ញាធរចិនបានចាប់ខ្លួនលោក Li Wenliang ដែលជាវេជ្ជបណ្ឌិតប្រាប់ឱ្យដឹងមុនគេអំពីលទ្ធភាពនៃការមានហានិភ័យដោយមេរោគថ្មី រហូតដល់ការចាប់ខ្លួនក្រុមអ្នកកាសែតនិងក្រុមអ្នកប្រើបណ្តាញសង្គមនៅក្នុងប្រទេសអ៊ីរ៉ង់ តួកគី និងប្រទេសថៃ រហូតដល់ការដាក់ពិន័យនិងការដាក់គុកដោយសារបានបោះពុម្ពផ្សាយអ្វីដែលគេចោទថា ជាព័ត៌មាន «ក្លែងក្លាយ» ដោយប្រើច្បាប់គ្រាមានអាសន្នថ្មីនៃប្រទេសហុងគ្រី។
ក្រុមមេដឹកនាំច្រើននាក់បានប្រញ៉ាប់ប្រញ៉ាល់បង្កើតច្បាប់ថ្មីទាំងនេះដោយមិនបានកំណត់ «មាត្រានៃការឈប់ប្រើច្បាប់នេះ» ឬរយៈពេលកម្រិតអំណាចច្បាប់នេះដែលឋិតជាធរមានទេ។ ការណ៍នេះនាំឱ្យក្រុមការពារសិទ្ធិមនុស្សនិងបណ្តាញផ្សាយព័ត៌មានអន្តរជាតិព្រមានថា រដ្ឋាភិបាលដែលកាន់អំណាចផ្តាច់ការអាចប្រើអំណាចថ្មីរបស់ក្រុមគេដើម្បីបង្ក្រាបក្រុមអ្នករិះគន់។
ក្រុមអ្នកសារព័ត៌មាននៅក្នុងពិភពលោកបានត្រូវរារាំងរួចស្រេចហើយនៅពេលរាយការណ៍អំពីជំងឺ COVID-19 ។ ប្រទេសអាហ្វ្រិកខាងត្បូងនិងប្រទេសអ៊ីរ៉ង់បានហាមប្រាមក្រុមអ្នកកាសែតមិនឱ្យសម្ភាសប្រភព«ក្រៅផ្លូវការ»ឬក្រុមពេទ្យប្រចាំអាជីព។ ប្រទេសហ្វីលីពីនអនុញ្ញាតឱ្យតែក្រុមអ្នកធ្វើការខាងបណ្តាញផ្សាយព័ត៌មានរដ្ឋចូលទៅស្តាប់សន្និសីទកាសែត ដោយបញ្ជាឱ្យបណ្តាញផ្សាយព័ត៌មានឯទៀតៗដាក់ស្នើសំណួរជាមុន។
នៅក្នុងប្រទេសឥណ្ឌា នាយករដ្ឋមន្ត្រី Narendra Modi បានដាក់ញត្តិដល់តុលាការកំពូលទាមទារឱ្យរដ្ឋាភិបាលពិនិត្យនិងអនុញ្ញាតអត្ថបទកាសែតមុនការបោះពុម្ពផ្សាយ។ សំណើសុំនេះបានត្រូវបដិសេធ ក៏ប៉ុន្តែការណ៍នេះជាសារនាំឱ្យមានការបារម្ភដល់សារព័ត៌មានក្នុងប្រទេសឥណ្ឌា។
វីអូអេបានតាមដានករណីនៃបណ្តាញផ្សាយព័ត៌មានដែលបានត្រូវវាយប្រហារឬយាយីដោយសារការរាយការណ៍របស់ក្រុមគេអំពីការរាតត្បាតជាសាកលនៃជំងឺ COVID-19 តាមរយៈផែនទីបែប Interactive។
លោក Ken Roth ជានាយកប្រតិបត្តិនៃអង្គការ Human Rights Watch។ លោកបាននិយាយប្រាប់វីអូអេថា៖« វិបត្តិសាធារណៈមួយដូចវិបត្តិនៅពេលបច្ចុប្បន្ននេះផ្តល់ឱកាសសំខាន់មួយដល់រដ្ឋាភិបាលដើម្បីពង្រីកអំណាច។ អាជ្ញាធរបានយកការភ័យខ្លាចរបស់ប្រជាពលរដ្ឋដើម្បីពង្រីកអំណាចរបស់ក្រុមគេលើសពីអ្វីដែលគេត្រូវការពិតប្រាកដដើម្បីការពារសាធារណជន»។
លោក Roth បានថ្លែងទៀតថា៖ «មេរោគកូរ៉ូណាហាក់ដូចជាភេរវកម្មថ្មី ជាលេសថ្មីបំផុតសម្រាប់ឱ្យករដ្ឋាភិបាលពង្រីកអំណាចរបស់ក្រុមគេហើយបន្ទាប់មក ខ្ញុំបារម្ភថា ពួកគេនឹងប្រកែកមិនព្រមបោះបង់អំណាចនេះទេ ទោះណាជាវិបត្តិនេះចុះថមថយបាត់ក៏ដោយ»។
លោក Roth បានរំលឹកថា អំណាចដែលបានត្រូវប្រគល់ជូនរដ្ឋាភិបាលអាមេរិកាំងនៅក្រោយការវាយប្រហារភេរវកម្មកាលពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១ ដូចជាការវាយប្រហារដោយ ដ្រូនគឺយន្តហោះគ្មានមនុស្សជិះនិងការបង្កើនការតាមឃ្លាំមើលជាដើម មិនបានត្រូវកាត់បន្ថយទេហើយមជ្ឈមណ្ឌលឃុំឃាំងនៅឆកសមុទ្រ Guantanamo នៅតែបើកតទៅទៀត។
ក្រុមនានាដោយមានរួមបញ្ចូលមូលនិធិ Electronic Frontier Foundation មានន័យថា មូលនិធិព្រំដែនអេឡិចត្រូនិកជាដើមបានបង្ហាញកង្វល់រួចស្រេចហើយអំពីការប្រមូលទិន្នន័យ។
ប្រទេស អ៊ីស្រាអែល ចិន កូរ៉េខាងត្បូងនិងប្រទេសនានានៅទូទាំងទ្វីបអឺរ៉ុបបានប្រើប្រាស់ទិន្នន័យទូរស័ព្ទចល័តដើម្បីឱ្យដឹងថា តើបុគ្គលម្នាក់បានទៅជិតនរណាខ្លះដែលមានផ្ទុកមេរោគនេះ។
នៅពេលដែលបច្ចេកវិទ្យាមានអត្ថប្រយោជន៍ដល់កិច្ចខិតខំប្រឹងប្រែងទប់ទល់នឹងការរាតត្បាតជាសាកលនៃជំងឺ COVID-19 ក៏ដោយ ក៏ការណ៍នេះនាំឱ្យមានសំណួរអំពីថា តើទិន្នន័យទាំងនេះនឹងត្រូវយកទៅប្រើប្រាស់ឬចែកចាយបែបណា។
លោក Adam Schwartz ជាមេធាវីជាន់ខ្ពស់នៃអង្គការមូលនិធិព្រំដែនអេឡិចត្រូនិក។ លោកបាននិយាយប្រាប់វីអូអេកាលពីខែមីនាថា គោលនយោបាយសាធារណៈគួរ «ធ្វើឱ្យសម្រេចតុល្យភាពរវាងភាពល្អប្រសើររួមគ្នានិងសេរីភាពពលរដ្ឋ។ អ្វីដែលមានសារៈសំខាន់បំផុតនោះគឺរដ្ឋាភិបាលត្រូវបង្ហាញថា សំណើណាមួយអំពីអំណាចថ្មីៗខាងចារកម្មគួរជួយពិតប្រាកដក្នុងការទប់ទល់នឹងមេរោគនេះ»។
លោក Schwartz បាននិយាយថា គេគួរថ្លឹងថ្លែងអំពីផលប៉ះពាល់ទៅលើឯកជនភាពនិងសិទ្ធិឯទៀតៗ នៅពេលពង្រីកការប្រមូលទិន្នន័យ។
លោក Schwartz បានថ្លែងថា៖ «នៅទីបញ្ចប់ អំណាចថ្មីៗត្រូវតែជាការចាំបាច់និងសមាមាត្រហើយត្រូវតែមានការប្រុងប្រយ័ត្នក្នុងការប្រើទិន្នន័យធំៗសម្រាប់ទប់ទល់នឹងជំងឺ COVID-19»។
លោក Roth បាននិយាយថា ដោយត្រួតពិនិត្យការរិះគន់ឬការបង្ក្រាបព័ត៌មានអំពីការរាតត្បាតនៃជំងឺនេះ ប្រទេសនានាដូចជាប្រទេស អេហ្ស៊ីប និងប្រទេសចិនជាដើមបានធ្វើឱ្យមានផលមិនល្អដល់ការខិតខំប្រឹងប្រែងរបស់ខ្លួនផ្ទាល់ក្នុងការឆ្លើយតបនឹងវិបត្តិខាងសុខភាពនេះ។
លោក Roth បានពោលថា៖« ចាប់តាំងពីដំបូងមក ក្រុមវេជ្ជបណ្ឌិតនៅ ក្រុង Wuhan ប្រទេសចិនបានខិតខំព្រមានអំពីមេរោគដូចជាមេរោគជំងឺ SARS តែការព្រមានទាំងនេះបានត្រូវត្រួតពិនិត្យជាជាងត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្ន។ ការណ៍នេះបានបណ្តាលឱ្យមេរោគនេះរាលដាលបីសប្តាហ៍ទៅមុខ»។
កាលពីឆ្នាំ២០០៣ ការរាលដាលមេរោគ SARS នៅក្នុងប្រទេសចិនបានរាតត្បាតទៅកាន់ប្រទេសចំនួន២៩ ហើយបានបណ្តាលឱ្យមនុស្ស៧៧៤នាក់បាត់បង់ជីវិត។
ការសិក្សាស្រាវជ្រាវមួយដោយសាកលវិទ្យាល័យ Southampton បានរកឃើញថា ប្រសិនបើមានការចាត់វិធានការក្នុងរយៈពេលបីអាទិត្យនោះ ឆ្លើយតបនឹងមេរោគនេះ នោះអាចមានអ្នកជំងឺនេះចំនួន៩៥ភាគរយ តិចជាងនៅពេលនេះ។
ការសិក្សាស្រាវជ្រាវនេះបានប្រើប្រាស់ទិន្នន័យអំពីការធ្វើដំណើររបស់មនុស្សនិងការចាប់ផ្តើមមានជំងឺនេះដើម្បីស្ទង់ប៉ាន់មើលអំពីផលប៉ះពាល់នៃវិធានការទាំងឡាយដូចជាការហាមប្រាមមិនឱ្យធ្វើដំណើរ ការដឹងជាដំបូងអំពីអ្នកមានជំងឺនេះនិងការដាក់អ្នកជំងឺឱ្យនៅដាច់ពីគេដែលប្រហែលមានទៅលើការរាលដាលនៃមេរោគកូរ៉ូណា។
លោក Joel Simon ជាប្រធានគណៈកម្មាធិការការពារអ្នកកាសែត។ លោកបាននិយាយប្រាប់វីអូអេថា ជំងឺ COVID-19 បានផ្តល់ឱ្យរដ្ឋាភិបាលផ្តាច់ការនៅទូទាំងពិភពលោកនូវលេសមួយសម្រាប់បង្ក្រាបការរាយការណ៍ព័ត៌មានរិះគន់ ដោយអះអាងថា ក្រុមគេប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។
លោក Simon បានថ្លែងថា៖ «ការប្រយុទ្ធខាងមនោគមវិជ្ជាមួយកំពុងមានធ្វើរវាងក្រុមរដ្ឋាភិបាលផ្តាច់ការនិងប្រទេសប្រជាធិបតេយ្យ។ ក្រុមរដ្ឋាភិបាលផ្តាច់ការនិយាយអះអាងថា អំណាចខ្លាំងដែលក្រុមគេមានជាការចាំបាច់ដើម្បីប្រយុទ្ធប្រឆាំងនឹងភាពមានអាសន្នខាងសុខាភិបាលសាធារណៈបែបនេះ»។
លោក Simon បាននិយាយបន្ថែមថា ក្រុមប្រទេសប្រជាធិបតេយ្យគួរនិយាយបង្ហាញហេតុផលថា សង្គមដែលមានភាពចំហច្រើនមានសមត្ថភាពល្អបំផុតក្នុងការដោះស្រាយវិបត្តិ«ពីព្រោះលំហូរព័ត៌មានដោយសេរីនាំឱ្យមានការធ្វើសេចក្តីសម្រេចដោយប្រសិទ្ធភាពនិងនាំឱ្យពលរដ្ឋទទួលព័ត៌មានបានគ្រប់គ្រាន់ថែមទៀតផង»។
លោក Simon បានថ្លែងថា ប្រសិនបើក្រុមមេដឹកនាំខកខានមិនបានគាំទ្រដល់ក្រុមអ្នកសារព័ត៌មាននិងដល់សមត្ថភាពនៃបណ្តាញផ្សាយព័ត៌មានក្នុងការប្រយុទ្ធប្រឆាំងការរាតត្បាតសាកលនៃជំងឺនេះទេ «ពិភពលោកនឹងដូចជាកន្លែងមួយខុសពីមុននៅពេលយើងចេញពីវិបត្តិនេះ»។
ការប្រើលេសពីការរាតត្បាតជាសាកលនៃជំងឺនេះដើម្បីប្រឆាំងក្រុមអ្នកកាសែតឯករាជ្យបានត្រូវលើកយកមកពិភាក្សាគ្នាកាលពីសប្តាហ៍ទីមួយនៃខែមេសានៅឯវិទ្យាស្ថាន Aspen ដែលជាអង្គការសិក្សាស្រាវជ្រាវអន្តរជាតិមួយ។
អ្នកស្រី Vivian Schiller ជានាយិកាប្រតិបត្តិនៃ Aspen Digital។ អ្នកស្រីបាននិយាយថា៖« នៅពេលណា ការរាយការណ៍ផ្អែកលើភ័ស្តុតាងមានសារៈសំខាន់ជាងមុន ក្រុមអ្នកកាន់អំណាចផ្តាច់ការទាញយកប្រយោជន៍ពីវិបត្តិនេះដើម្បីពង្រឹងការក្តាប់អំណាចរបស់ក្រុមគេ។ ទិសដៅទីមួយនៃការបង្ក្រាបគឺបណ្តាញព័ត៌មានឯករាជ្យ»។
ក្រុមអ្នកសារព័ត៌មានមកពីប្រទេសឥណ្ឌានិងប្រទេសអ៊ូហ្កាន់ដាបាននិយាយអំពីឧបសគ្គនៅក្នុងប្រទេសក្រុមគេ។
អ្នកស្រី Raksha Kumar បាននិយាយថា តុលាការកំពូលនៃប្រទេសឥណ្ឌា«មិនបាននិយាយថាអ្នកកាសែតទាំងអស់ត្រូវតែធ្វើតាមបន្ទាត់នយោបាយផ្លូវការទេ» ក៏ប៉ុន្តែកាសែតរបស់ប្រទេសនេះ«បានធ្វើតាមបន្ទាត់នយោបាយនេះដោយការមិនប្រកាន់តាមការសន្យារបស់ខ្លួន»។
អ្នកស្រី Kumar បានថ្លែងថា ក្រុមអ្នកសារព័ត៌មានអាចទទួលព័ត៌មាន«ពីខាងក្រៅការចម្រាញ់ព័ត៌មានផ្លូវការ» ក៏ប៉ុន្តែនាយករដ្ឋមន្ត្រីលោក Modi និងរដ្ឋមន្ត្រីសុខាភិបាលឥណ្ឌាមិនធ្វើសន្និសីទកាសែតទេ។
អ្នកស្រី Kumar បាននិយាយបន្ថែមថា មានតែបណ្តាញព័ត៌មានរដ្ឋនិងកាសែតលម្អៀងទៅខាងរដ្ឋាភិបាលខ្លះប៉ុណ្ណោះបានត្រូវអនុញ្ញាតឱ្យសួរសំណួរនៅក្នុងសន្និសីទកាសែតចាត់ចែងដោយរដ្ឋលេខាធិការក្រសួងសុខាភិបាល។
លោក Daniel Kalinaki បាននិយាយថា នៅក្នុងប្រទេសអ៊ូហ្កាន់ដា គេបានទទួលស្គាល់ក្រុមអ្នកកាសែតថា ជាអ្នកធ្វើការជាចាំបាច់ ក៏ប៉ុន្តែយ៉ាងហោចណាស់ក៏មានអ្នកកាសែតបីនាក់បានត្រូវវាយប្រហារនៅពេលចេញទៅក្រៅនៅពេលមានបំរាមគោចរណ៍។
លោក kalinaki បាននិយាយប្រាប់ការពិភាក្សាគ្នានោះថា និយ័តករខាងបណ្តាញផ្សាយព័ត៌មានអ៊ូហ្កាន់ដាបានព្រមានអំពីអត្ថាធិប្បាយដោយក្រុមភ្ញៀវនៅក្នុងកម្មវិធីទូរទស្សន៍ដែលនាំឱ្យមាន«ផលប៉ះពាល់នាំឱ្យព្រឺក្បាល»។
អ្នកកាសែតអ៊ូហ្កាន់ដា រូបនេះបាននិយាយបន្ថែមថាផលប៉ះពាល់លើសេដ្ឋកិច្ចដោយសារជំងឺ COVID-19អាចមានជាអចិន្ត្រៃយ៍ទៅលើបណ្តាញផ្សាយព័ត៌មានព្រោះចំនួនកាសែតបោះពុម្ពនិងប្រាក់ចំណូលពីការឃោសនាពាណិជ្ជកម្មនឹងចុះថយ។លោកបានសួរថា«តើគ្រឹះស្ថាននៃបណ្តាញផ្សាយព័ត៌មានប៉ុន្មាននឹងមានដំណើរការតទៅទៀតដោយសារផលប៉ះពាល់ខាងសេដ្ឋកិច្ចនៃការរាតត្បាតជំងឺនេះ?»
ប្រែសម្រួលដោយលោក ឈឹម សុមេធ