អ្នកវិទ្យាសាស្ត្រអន្តរជាតិមួយក្រុមដែលដឹកនាំដោយអង្គការសុខភាពពិភពលោក WHO បានទៅដល់ទីក្រុងវូហាន (Wuhan) នៃប្រទេសចិននៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីស៊ើបអង្កេតប្រភពនៃវីរុសកូរ៉ូណាដែលបានបណ្តាលឲ្យមានការរាតត្បាតជាសាកលមកនេះ។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រុមអ្នកវិទ្យាសាស្ត្រនោះ បានទៅដល់ក្រុងវូហាន ជិតពេលថ្ងៃត្រង់ ដោយចាកចេញពីប្រទេសសិង្ហបូរី ហើយត្រូវគេរំពឹងថា ធ្វើចត្តាឡីស័កចំនួន២សប្តាហ៍។ ពួកគេដំបូងឡើយមានគម្រោងទៅដល់កាលពីដើមខែនេះ ហើយការពន្យារពេលរបស់ចិនចំពោះដំណើរទស្សនកិច្ចនេះ បានធ្វើឲ្យមានការរិះគន់ជាសាធារណៈដ៏កម្រពីប្រធានអង្គការសុខភាពពិភពលោក។
សមាជិកក្រុមនោះ មិនបាននិយាយទៅកាន់ពួកអ្នកយកព័ត៌មានទេ ថ្វីបើអ្នកខ្លះ បានគ្រវីដៃ ហើយបានថតរូបអ្នកសារព័ត៌មានពីរថយន្តនៅពេលដែលបានចាកចេញ។
កន្លងមក សហរដ្ឋអាមេរិក បានចោទប្រកាន់ចិនពីការលាក់ទំហំនៃការផ្ទុះការរាតត្បាតជំងឺកូវីដ១៩កាលពីដំបូង កាលពី១ ឆ្នាំមុន ហើយបានអំពាវនាវឲ្យមាន «តម្លាភាព» នៃការស៊ើបអង្កេតដែលដឹកនាំដោយអង្គការសុខភាពពិភពលោក។ អាមរិក ក៏បានរិះគន់លក្ខខណ្ឌនៃដំណើរទស្សនកិច្ចនោះដែរ ដែលអ្នកជំនាញចិនបានធ្វើក្នុងដំណាក់កាលទី១នៃការស្រាវជ្រាវ។
ក្រុមនោះ បានទៅដល់ប្រទេសចិន ខណៈចិនកំពុងប្រយុទ្ធប្រឆាំងនឹងករណីកូវីដ១៩កើនឡើងនៅក្នុងតំបន់ភាគឦសាន្តរបស់ខ្លួន បន្ទាប់ពីការខិតខំទប់អស់ជាច្រើនខែដើម្បីបញ្ចប់ការឆ្លងនៅក្នុងប្រទេសនេះ៕