មន្ត្រីប្រចាំអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា កិច្ចប្រឹងប្រែងស៊ើបអង្កេតរកដើមកំណើតនៃជំងឺកូវីដ១៩ គឺមិនមែនដើម្បីរក«នរណាម្នាក់ដើម្បីបន្ទោស»ឡើយ ស្របពេលអង្គការនេះ បញ្ជូនអ្នកជំនាញអន្តរជាតិមួយក្រុមទៅកាន់ប្រទេសចិនក្នុងសប្ដាហ៍នេះ។
លោក Mike Ryan អ្នកជំនាញជាន់ខ្ពស់ខាងគ្រាអាសន្នរបស់អង្គការ WHO បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅក្នុងទីក្រុងហ្សឺណែវ កាលពីថ្ងៃចន្ទថា៖ «យើងកំពុងស្វែងរកចម្លើយនៅទីនេះ ដែលអាចជួយយើងក្នុងពេលអនាគត។ មិនរកពិរុទ្ធជន និងមិនមែនរកមនុស្សដើម្បីស្ដីបន្ទោសឡើយ»។
ថ្លែងនៅក្នុងសន្និសីទសារព័តមានដូចគ្នានេះ នាយកអង្គការ WHO លោក Tedros Adhanom Ghebreyesus បានឲ្យដឹងថា ក្រុមការងារដែលធ្វើដំណើរទៅកាន់ប្រទេសចិន នឹងស្វែងយល់ពីប្រភពនៃការឆ្លងជំងឺកូវីដ១៩ដំបូង នៅក្នុងទីក្រុង Wuhan (វូហាន) ភាគកណ្តាលប្រទេស។
ការលើកឡើងទំាងនេះ កើតឡើងក្រោយពេលរដ្ឋាភិបាលចិនប្រកាសថា ក្រុមការងាររបស់អង្គការ WHO នឹងទៅដល់ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍ខានស្អែក។
ទោះជាយ៉ាងណាក៏ដោយ គេមិនទាន់ច្បាស់ទេថា តើក្រុមអ្នកជំនាញត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរទៅកាន់ទីក្រុង Wuhan កន្លែងដែលជំងឺកូវីដ១៩ ផ្ទុះឡើងមុនគេកាលពីចុងឆ្នាំ ២០១៩ ឬយ៉ាងណានោះ៕