ប្រទេសចិនបានឲ្យដឹងថា អ្នកវិទ្យាសាស្រ្តមួយក្រុមរបស់អង្គការសុខភាពពិភពលោក នឹងធ្វើដំណើរមកដល់ទីក្រុង Wuhan ប្រទេសចិន ក្នុងសប្តាហ៍នេះ ដើម្បីស៊ើបអង្កេតពីប្រភពដើមនៃការរាតត្បាតឆ្លងវីរុសកូរ៉ូណានោះ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយនៅថ្ងៃអង្គារថា ក្រុមអ្នកវិទ្យាសាស្ត្រដែលមានសមាជិកចំនួន ១០ នាក់នេះ នឹងចាកចេញពីប្រទេសសិង្ហបុរី នៅថ្ងៃព្រហស្បតិ៍ តាមជើងហោះហើរផ្ទាល់ទៅកាន់ទីក្រុង Wuhan ដែលជាទីក្រុងសំខាន់ដែលវីរុសកូរ៉ូណាត្រូវបានគេរកឃើញជាលើកដំបូងនៅទីនោះ កាលពីចុងឆ្នាំ ២០១៩។
វីរុសកូរ៉ូណានេះបានឆ្លងរាតត្បាតទៅស្ទើរគ្រប់ទីកន្លែងទាំងអស់នៅជុំវិញពិភពលោក។ រហូតមកដល់ពេលនេះ មនុស្សជិត ២លាននាក់នៅលើពិភពលោក បានស្លាប់ និងប្រមាណ ៩១លាននាក់ បានឆ្លងជំងឺនេះ។
ប្រទេសចិនបានព្យាយាមបង្វែរប្រភពដើមនៃការផ្ទុះវីរុសកូរ៉ូណា ដោយមន្ត្រីចិនមួយចំនួនបានជំរុញយ៉ាងខ្លាំងឲ្យគេជឿថា វីរុសកូរ៉ូណានេះកើតឡើងដំបូងនៅប្រទេសផ្សេង។
វេជ្ជបណ្ឌិត Mike Ryan ប្រធានកម្មវិធីសង្គ្រោះបន្ទាន់នៃអង្គការសុខភាពពិភពលោក បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងទីក្រុងហ្សឺណែវ កាលពីថ្ងៃចន្ទថា «ទីភ្នាក់ងារ WHO នឹងស្វែងរកចម្លើយដែលអាចជួយសង្គ្រោះពួកយើងក្នុងពេលអនាគត ដោយមិនរកអ្នកប្រព្រឹត្តកំហុស ឬអ្នកដែលទទួលការស្តីបន្ទោសនោះឡើយ»។
លោក Ryan បន្តទៀតថា៖ «ប្រសិនបើមានការស្តីបន្ទោសមែននោះ យើងអាចបន្ទោសទៅលើការប្រែប្រួលអាកាសធាតុ។ យើងអាចស្តីបន្ទោសដល់ការសម្រេចចិត្តផ្នែកគោលនយោបាយ ដែលបានធ្វើឡើង កាលពី៣០ឆ្នាំមុន អំពីរឿងរ៉ាវគ្រប់យ៉ាង ចាប់តាំងពីការអភិវឌ្ឍទីក្រុង រហូតដល់ការធ្វើអាជីវកម្មព្រៃឈើជាដើមនោះ»។
អ្នកជំនាញលើវិស័យសុខាភិបាលម្នាក់ ដែលមានទំនាក់ទំនងជាមួយអង្គការសុខភាពពិភពលោក បានគូសបញ្ជាក់ថា បេសកកម្មស៊ើបអង្កេតនោះ មានការរំពឹងទុក «តិចណាស់» ដែលថានឹងនាំទៅដល់ការសន្និដ្ឋានមួយអំពីប្រភពដើមនៃវីរុសកូរ៉ូណា ដែលបណ្តាលឲ្យមានជំងឺកូវីដ១៩ នេះ៕