តុលាការនៅក្រុងសៀងហៃ ប្រទេសចិន កាលពីថ្ងៃទី២៨ ខែធ្នូ បានកាត់ទោសអ្នកស្រី Zhang Zhan ដែលជាអតីតមេធាវី និងអ្នកកាសែតប្រជាជនម្នាក់ឱ្យជាប់ពន្ធនាគារ ៤ ឆ្នាំ ចំពោះការរាយការណ៍របស់អ្នកស្រីអំពីការផ្ទុះឡើងនៃវីរុសកូរ៉ូណា។ នេះជាការកាត់ទោសដ៏ធ្ងន់ធ្ងរ ហើយអ្នកជំនាញច្បាប់និយាយថា ការកាត់ទោសនេះមានគោលបំណងធ្វើឱ្យសកម្មជនសិទ្ធិមនុស្សចិនមានការបាក់ស្បាត។
អ្នកស្រី Zhang ដែលមានវ័យ ៣៧ ឆ្នាំ ជាអ្នកកាសែតប្រជាជនម្នាក់ក្នុងចំណោមអ្នកកាសែតប្រជាជនមួយចំនួន ដែលបានរាយការណ៍ពីការផ្ទុះឡើងដំបូងនៃវីរុសកូរ៉ូណា នៅក្នុងកណ្តាលទីក្រុង Wuhan នៃប្រទេសចិន។ សេចក្តីរាយការណ៍របស់ក្រុមអ្នកកាសែតបង្ហាញពីស្ថានភាពដែលធ្ងន់ធ្ងរខ្លាំងជាងព័ត៌មានផ្លូវការរបស់រដ្ឋាភិបាល ចំពោះការឆ្លងរាលដាលនេះ។
បើយោងតាមអ្នកតស៊ូមតិសិទ្ធិមនុស្សរបាយការណ៍របស់អ្នកស្រី Zhang ក៏រួមមានឧទាហរណ៍នៃការបៀតបៀនលើគ្រួសារជនរងគ្រោះ ដែលស្វែងរកការទទួលខុសត្រូវផងដែរ។
អ្នកស្រី Zhang ត្រូវបានអាជ្ញាធរឃាត់ខ្លួន នៅក្នុងខែឧសភា និងត្រូវបានចោទប្រកាន់ពីការចែកចាយព័ត៌មានមិនពិត ការផ្តល់បទសម្ភាសន៍ទៅឱ្យប្រព័ន្ធផ្សព្វផ្សាយបរទេសការរំខានដល់សណ្តាប់ធ្នាប់សាធារណៈនិង «កេងចំណេញយ៉ាងអាក្រក់» ពីការផ្ទុះឡើងនៃវីរុសកូរ៉ូណា។
អ្នកស្រីបានបាត់ខ្លួននៅក្នុងក្រុង Wuhan កាលពីថ្ងៃទី ១៤ ខែឧសភា បើយោងតាមការរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ហើយមួយថ្ងៃក្រោយមក បែរជាត្រូវបានចាប់ខ្លួននៅក្នុងក្រុងសៀងហៃ ដែលមានចម្ងាយជាង ៦៤០ គ.ម.ពីទីក្រុង Wuhan។ នៅក្នុងតុលាការ អ្នកស្រីត្រូវបានជាប់ចោទពី«ការបង្កជម្លោះ និងបង្កបញ្ហា»។ នេះជាការចោទប្រកាន់មួយដែលជារឿយៗ ត្រូវបានគេប្រើប្រាស់ដើម្បីចោទប្រកាន់សកម្មជនចិន។
មេធាវីរបស់អ្នកស្រី Zhang លោក Zhang Keke បានប្រាប់ VOA ថា អ្នកស្រី Zhang Zhan បានធ្វើកូដកម្មបង្អត់អាហារជិត ៥ ខែមកហើយ។ អ្នកស្រីបង្ហាញខ្លួននៅក្នុងតុលាការ ដោយអង្គុយនៅក្នុងកៅអីរុញ ប៉ុន្តែបានបដិសេធមិនព្រមនិយាយអ្វីនោះទេ ដែលនេះអាចជាការប្រើប្រាស់ភាពស្ងៀមស្ងាត់ដើម្បីជាទម្រង់មួយនៃការតវ៉ា។
លោក Zhang Keke បាននិយាយថា៖ «រឿងតែមួយគត់ដែលអ្នកស្រីបាននិយាយគឺថា ពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ហើយ [អាជ្ញាធរ] មិនមានសិទ្ធិសួរចម្លើយអ្នកស្រីនោះទេ»។
បើយោងតាមមេធាវីការពាររបស់អ្នកស្រី នៅក្នុងសវនាការ រដ្ឋអាជ្ញាបានចោទប្រកាន់អ្នកស្រី Zhang ពីការផ្សព្វផ្សាយនូវអ្វីដែលគេហៅថា «មតិយោបល់ដែលបង្កបញ្ហា» នៅលើបណ្តាញសង្គមចិនដូចជា Weibo និង WeChat។ ក៏ប៉ុន្តែ រដ្ឋអាជ្ញាមិនទាន់ផ្តល់ការបង្ហោះ ឬវីដេអូណាមួយជាភស្តុតាងនៅឡើយទេ។
លោក Zhang Keke បាននិយាយក្នុងន័យថា «អ្នកស្រីមិនបានប្រតិដ្ឋ(ប្រឌិត) របាយការណ៍ណាមួយឡើយ ហើយក៏មិនបានបង្កគ្រោះថ្នាក់ដល់សង្គមដែរ» ហើយលោកបានបន្ថែមថា អ្នកស្រីទំនងនឹងប្តឹងឧទ្ធរណ៍លើសាលក្រមនេះ។
មេធាវីសិទ្ធិមនុស្សចិនម្នាក់ ដែលស្នើសុំមិនបញ្ចេញឈ្មោះបានប្រាប់ VOA ថា ការកាត់ទោសឱ្យជាប់ពន្ធនាគារ ៤ ឆ្នាំនេះ ពិតជាធ្ងន់ធ្ងរខ្លាំងណាស់។
លោកបាននិយាយក្នុងន័យដើមថា៖ «ការបង្កជម្លោះ និងបង្កបញ្ហាជាទូទៅត្រូវជាប់ពន្ធនាគាររយៈពេលជាក់លាក់មួយដែលមិនលើសពី៥ឆ្នាំ។ សម្រាប់បទល្មើសលើកដំបូង ការកាត់ទោសជាទូទៅគឺ១ឆ្នាំ។»
លោកបានបន្ថែមទៀតថា ការកាត់ទោសធ្ងន់ធ្ងរទៅលើអ្នកស្រី Zhang មានបំណងធ្វើឱ្យមានការភ័យខ្លាច ក្នុងចំណោមអ្នកកាសែតប្រជាជន និងមេធាវីការពារសិទ្ធិពលរដ្ឋ។
អង្គការសិទ្ធិមនុស្សក៏បានថ្កោលទោសលើការកាត់ទោសនេះដែរ។
លោក Cédric Alviani ប្រធានការិយាល័យអាស៊ីខាងកើតនៃអង្គការអ្នកកាសែតគ្មានព្រំដែន (RSF) ដែលជាអង្គការសេរីភាពសារព័ត៌មានដែលមានមូលដ្ឋាននៅក្នុងក្រុងប៉ារីស បានអំពាវនាវឱ្យសហគមន៍អន្តរជាតិបង្កើនការដាក់សម្ពាធលើរដ្ឋាភិបាលចិន រហូតទាល់តែរដ្ឋាភិបាលក្រុងប៉េកាំងដោះលែងអ្នកស្រី Zhang និងសកម្មជនសេរីភាពសារព័ត៌មាន ដែលត្រូវបានឃាត់ខ្លួនផ្សេងទៀតនៅក្នុងប្រទេសចិន។
លោក Alviani បានប្រាប់ VOA ក្នុងន័យដើមថា៖ «អ្នកស្រី Zhang Zhan គ្រាន់តែបម្រើប្រយោជន៍សាធារណៈ តាមរយៈការរាយការណ៍ពីការផ្ទុះឡើងនៃជំងឺកូវីដ១៩។ ដូច្នេះអ្នកស្រីមិនគួរត្រូវបានឃាត់ខ្លួន និងមិនគួរត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ៤ ឆ្នាំនោះទេ។ សវនាការនេះមិនមានយុត្តិធម៌នោះទេ»។
ប្រទេសចិនត្រូវបានគេចោទប្រកាន់ថា បានបិទបាំងអំពីរឿងផ្ទុះឡើងដំបូងនៃវីរុសកូរ៉ូណា ដែលបង្កឱ្យមានជំងឺកូវីដ១៩ និងបំបិទសំឡេងអ្នកលួចបញ្ចេញព័ត៌មាន រួមទាំងលោកវេជ្ជបណ្ឌិត Li Wenliang ដែលបានទទួលមរណភាព និងអ្នកកាសែតប្រជាជនដូចជាលោក Fang Bing លោក Chen Qiushi លោក Li Zehua និងអ្នកស្រី Zhang Zhan ចំពោះការបញ្ចេញព័ត៌មានដែលអាជ្ញាធរមិនអនុញ្ញាតឱ្យបញ្ចេញនោះទេ។
លោកវេជ្ជបណ្ឌិត Li បានស្លាប់ដោយសារជំងឺកូវីដ១៩ បន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំងបានបំបិទការព្យាយាមរបស់លោក ដើម្បីព្រមានពិភពលោកពីវីរុសកូរ៉ូណានេះ។
ប្រទេសចិនបានបដិសេធដាច់អហង្ការចំពោះការចោទប្រកាន់ទាំងនេះ និងបាននិយាយថា ប្រទេសនេះទទួលបានជោគជ័យខ្ពស់ក្នុងការទប់ស្កាត់វីរុសនេះ បើប្រៀបធៀបទៅនឹងប្រទេសលោកខាងលិចដូចជា សហរដ្ឋអាមេរិកនោះ៕