ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សុខភាព​ពិភពលោក​ថា ១០% នៃ​ប្រជាជន​សរុប​ក្នុង​ពិភពលោក​អាច​បាន​ឆ្លង​ជំងឺ​កូវីដ១៩


បុគ្គលិក​សុខាភិបាល​ម្នាក់​ពាក់​ឧបករណ៍​ការពារ​ខ្លួន PPE ឈរ​ជិត​សាកសព​របស់​មនុស្ស​ម្នាក់ ដែល​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩ នៅ​ទីក្រុង​ញូវដេលី ប្រទេស​ឥណ្ឌា ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២០។
បុគ្គលិក​សុខាភិបាល​ម្នាក់​ពាក់​ឧបករណ៍​ការពារ​ខ្លួន PPE ឈរ​ជិត​សាកសព​របស់​មនុស្ស​ម្នាក់ ដែល​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩ នៅ​ទីក្រុង​ញូវដេលី ប្រទេស​ឥណ្ឌា ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២០។

អង្គការ​សុខភាព​ពិភពលោក WHO បាន​បញ្ជាក់​ថា មនុស្ស​ប្រហែល​ម្នាក់​ក្នុង​ចំណោម ១០ នាក់​នៅ​ជុំវិញ​ពិភពលោក អាច​បាន​ឆ្លង​ជំងឺ​កូវីដ​១៩។

លោក Michael Ryan ប្រធាន​កម្មវិធី​សង្គ្រោះ​បន្ទាន់​ផ្នែក​សុខភាព​នៃ​អង្គការ WHO បាន​និយាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា «ការ​ប៉ាន់ស្មាន​ល្អ​បំផុត» របស់​អង្គការ WHO បង្ហាញ​ថា ១០% នៃ​ចំនួន​ប្រជាជន​សរុប​ជុំវិញ​ពិភពលោក​អាច​បាន​ឆ្លង​ជំងឺ​កូវីដ១៩។

ចំនួន​ភាគរយ​នៃ​ប្រជាជន​ដែល​អង្គការ WHO បាន​ប៉ាន់ស្មាន​នេះ គឺ​ស្មើ​នឹង​ចំនួន​មនុស្ស​ជាង ៧៦០ លាន​នាក់ ដែល​ស្មើ​នឹង​ជាង ២០ ដង​នៃ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​លើ​ពិភពលោក​ដែល​បាន​បង្ហាញ​តាម​ទិន្នន័យ​បច្ចុប្បន្ន។

ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ពិសេស​មួយ​របស់​ក្រុមប្រឹក្សា​ប្រតិបត្តិ​ដែល​មាន​សមាជិក ៣៤ នាក់​របស់​អង្គការ WHO នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស លោក Ryan បាន​និយាយ​ថា តួលេខ​គឺ​ខុសគ្នា​រវាង​ប្រទេស​នីមួយៗ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា ការ​ប៉ាន់ស្មាន​នេះ​មាន​ន័យ​ថា «ប្រជាជន​ភាគ​ច្រើន​នៅ​ក្នុង​ពិភពលោក​នៅតែ​មាន​ហានិភ័យ [នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩] ដដែល»។

លោក​ថា៖ «ឥឡូវនេះ​យើង​កំពុង​ឆ្ពោះ​ទៅ​រក​ដំណាក់កាល​ដ៏​លំបាក​មួយ»។

ករណី​ឆ្លង​ជំងឺ​កូវីដ១៩ សរុប​នៅ​លើ​ពិភពលោក បាន​កើន​លើស ៣៥ លាន​នាក់​កាល​ពី​ថ្ងៃ​ច័ន្ទ គឺ​ក្នុង​ពេល​មួយ​សប្ដាហ៍​ក្រោយមក បន្ទាប់ពី​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​កើន​លើស ១ លាន​នាក់។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​សាកល​វិទ្យាល័យ Johns Hopkins៕

XS
SM
MD
LG