ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​ជំនាញ​ព្រមាន​អំពី​ប្រទេស​ចិន​ប្រើ​វ៉ាក់សាំង​កូវីដ​១៩ក្នុងករណីអាសន្ន


រូបឯកសារ៖ បុគ្គលិកសុខាភិបាលម្នាក់បង្ហាញវ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុន Sinovac Biotech នៅក្នុងសន្និសីទសារព័ត៌មានរដ្ឋមួយ នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០។
រូបឯកសារ៖ បុគ្គលិកសុខាភិបាលម្នាក់បង្ហាញវ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុន Sinovac Biotech នៅក្នុងសន្និសីទសារព័ត៌មានរដ្ឋមួយ នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០។

នៅ​ពេល​ពិភព​លោក​រង់ចាំ​ឱសថ​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ យ៉ាង​ហោច​ណាស់​មាន​វ៉ាក់សាំង​ចំនួន​បី ​បាន​ត្រូវ​ចាក់​ឱ្យ​ក្រុមគ្រូ​ពេទ្យ​ប្រចាំ​អាជីព​ជួរ​មុខ បុគ្គលិក​ក្រុមហ៊ុន​រដ្ឋ​ និងមន្ត្រី​រដ្ឋាភិបាល ​ចាប់​តាំង​ពី​ខែ​កក្កដា​មក តាម​រយៈ​កម្មវិធី​ប្រើ​ឱសថ​គ្រា​មាន​អាសន្ន ​ដែល​រដ្ឋាភិបាល​ប៉េកាំង​បាន​យល់​ព្រម។​

លោក​ Yang Xiaoming ​ជា​ប្រធាន​ក្រុមហ៊ុន​ China National Biotec Group ​ដែល​ជា​សាខា​ក្រុមហ៊ុន​ផលិត​ឱសថ​រដ្ឋ​ Sinopharm។​ លោក​បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ​ក្រុមហ៊ុន​លោក​បាន​ចាក់​វ៉ាក់សាំង​សាកល្បង​ពីរ​ប្រភេទ ​ឱ្យ​មនុស្ស​ប្រមាណ ​៣ ​សែន​ ៥​ ម៉ឺន​នាក់។ ​ក្រុមហ៊ុន​ក៏​បាន​ផ្តល់​វ៉ាក់សាំង​មួយ​ចំនួន​ ២ ​សែន​ដូស ​ដែល​កំពុង​ធ្វើ​ការ​សាកល្បង​ខាង​គ្លីនិក​ក្នុង​ក្រុង​វូហាន ​ដែល​មាន​ការ​រាតត្បាត​ជំងឺ​នេះ​មុន​គេ។​

ក្រុមហ៊ុន​ផលិត​ឱសថ​មួយ​ទៀត​គឺ​ Sinovac Biotech​ បាន​ចាក់​វ៉ាក់សាំង​ឱ្យ​ក្រុម​បុគ្គលិក​និង​សមាជិក​គ្រួសារ​ពួក​គេ​បាន​ ៩០% ​និង​មនុស្ស​ប្រមាណ ​៣ ​ពាន់​នាក់។ ​នេះ​បើ​តាម​លោក ​Yin Weidong ​ ប្រធាន​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​នេះ​ កាលពី​ខែ​កញ្ញា។​

លោក​ Yin Weidong​ បាន​និយាយ​ប្រាប់​បណ្តាញ​ផ្សាយ​ព័ត៌មាន​រដ្ឋ​ចិន​ថា៖ ​«នៅ​ពេល​នេះ​មនុស្ស​រាប់​ម៉ឺន​នាក់​នៅ​ក្នុង​ក្រុង​ប៉េកាំង ​គួរ​ត្រូវ​ចាក់​វ៉ាក់សាំង​របស់​ក្រុម​ហ៊ុន ​Sinovac»។​

កាល​ពី​ខែ​មិថុនា ​រដ្ឋាភិបាល​ប៉េកាំង​ក៏​បាន​យល់​ព្រម​ឲ្យ​មាន​ការ​ចាក់​វ៉ាក់សាំង​ពិសោធន៍​មួយ ​ឱ្យ​កង​យោធពល​ចិន​ដែរ។ ​វ៉ាក់សាំង​នេះ​បាន​ត្រូវ​ផលិត​ដោយ​ក្រុមហ៊ុន​ CanSino Biologics​ ដែល​ជា​ក្រុមហ៊ុន​ជីវឱសថ​គាំទ្រ ​ដោយ​កងយោធា។​

រូបឯកសារ៖ រូបភាពផ្សព្វផ្សាយដោយរដ្ឋាភិបាលក្រុម Sao Paulo ប្រេស៊ីល បង្ហាញអ្នកស្ម័គ្រចិត្តម្នាក់កំពុងត្រូវបានចាក់វ៉ាក់សាំងបង្ការវីរុសកូរ៉ូណាដែលផលិតដោយក្រុមហ៊ុនចិន Sinovac Biotech របស់ប្រទេសចិន នៅទីក្រុង Sao Paulo ប្រទេសប្រេស៊ីល កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។
រូបឯកសារ៖ រូបភាពផ្សព្វផ្សាយដោយរដ្ឋាភិបាលក្រុម Sao Paulo ប្រេស៊ីល បង្ហាញអ្នកស្ម័គ្រចិត្តម្នាក់កំពុងត្រូវបានចាក់វ៉ាក់សាំងបង្ការវីរុសកូរ៉ូណាដែលផលិតដោយក្រុមហ៊ុនចិន Sinovac Biotech របស់ប្រទេសចិន នៅទីក្រុង Sao Paulo ប្រទេសប្រេស៊ីល កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។

ដំណាក់កាល​ទី​បី​មាន​សារៈសំខាន់​

ក្រុម​អ្នក​ជំនាញ​បរទេស​បាន​រិះគន់​ការ​ប្រើ​វ៉ាក់សាំង​ពិសោធន៍​ នៅ​មុន​ការ​សាកល្បង​ខាង​គ្លីនិក​ បាន​ធ្វើ​ចប់​សព្វគ្រប់។​

លោក​វេជ្ជបណ្ឌិត ​Arthur Caplan​ ជា​នាយក​ផ្នែក​សីលធ៌ម​វេជ្ជសាស្ត្រ​ក្នុង​មហា​វិទ្យាល័យ​វេជ្ជសាស្ត្រ​ Grossman ​នៃ​សាកល​វិទ្យាល័យ​ New York។​

លោក​បាន​និយាយ​ថា៖ ​«នេះ​ជា​ការ​មិន​ប្រយ័ត្ន​ប្រយែង​និង​នាំ​ឱ្យ​មាន​គ្រោះថ្នាក់ ​ដែលចែក​ចាយ​វ៉ា់សាំង​មាន​ការ​ធ្វើ​តេស្ត​តិចតួច​ ហើយ​លទ្ធផល​នៃ​ការ​ធ្វើតេស្ត​ ក៏​មិន​បាន​ត្រូវ​ផ្សព្វ​ផ្សាយ​ឱ្យ​ដឹង​ឡើយ»។​

លោក​វេជ្ជបណ្ឌិត​ Arthur Caplan ​បាន​និយាយ​ប្រាប់​វីអូអេ ​តាម​អ៊ីមេល​ថា៖​ «ការ​ធ្វើ​ដូច្នេះ​ អាចដាក់​មនុស្ស​ច្រើន​នាក់​ឱ្យ​មាន​គ្រោះថ្នាក់ ពី​ព្រោះ​គ្មាន​ឱកាស​សិក្សា​អំពី​សុវត្ថិភាព​និង​ប្រសិទ្ធ​ភាព​ជាទ្រង់ទ្រាយ​ធំ»។

ជា​ធម្មតា​ ការ​ផលិត​វ៉ាក់សាំង​តម្រូវ​ឱ្យ​មាន​ការ​ស្រាវជ្រាវ​និង​ការ​ធ្វើ​តេស្ត​ច្រើន​ឆ្នាំ​ នៅ​មុន​ដាក់​ឱ្យ​សាធារណជន​ប្រើ។​ នៅ​ក្នុង​ការ​សាកល្បង​ក្នុង​ដំណាក់​កាល​ទី​៣ ​គេ​ចាក់​វ៉ាក់សាំង​ឱ្យ​មនុស្ស​រាប់ពាន់​នាក់ ហើយ​ត្រូវ​ធ្វើ​តេស្ត​អំពី​សុវត្ថិ​ភាព​និង​ប្រសិទ្ធ​ភាព។​

លោក ​Lawrence Gostin ​ដែល​ជា​សាស្ត្រាចារ្យ​ខាង​ច្បាប់​សុខភាព​សាកល​ នៅ​ឯ​សាកល​វិទ្យាល័យ​ Georgetown​ បាន​និយាយ​ប្រាប់​វីអូអេ​ថា៖​ «នៅ​មុន​ការ​បញ្ចប់​ការ​សាកល្បង​ក្នុង​ដំណាក់​កាល​ទី​៣ យើង​មិន​អាច​មាន​ការ​ទុកចិត្ត​ពេញ​លេញ​អំពី​សុវត្ថិ​ភាព​និង​ប្រសិទ្ធ​ភាព​របស់​វ៉ាក់សាំង​មួយ​បាន​ទេ»។​

តាម​រយៈ​ច្បាប់​របស់​ប្រទេស​ចិន​វ៉ាក់សាំង​ ដែល​បាន​ត្រូវ​ផលិត​សម្រាប់​ប្រើ​គ្រា​មាន​អាសន្ន​ដោយ​សុខាភិបាល​សាធារណៈ​ធំៗ​ អាច​ត្រូវ​ដាក់​ឱ្យ​ប្រើ​គ្រា​មាន​អាសន្ន​ ប្រសិន​បើ​រដ្ឋបាល​ផលិតកម្ម​វេជ្ជសាស្ត្រ​ជាតិ​ពិចារណា​ឃើញ​ថា អត្ថ​ប្រយោជន៍​នៃ​ការព្យាបាល​នេះ​ មាន​លើស​ពី​គ្រោះថ្នាក់។​

ក្រុម​អ្នក​ជំនាញ​និយាយ​ថា​ ការ​ពន្លឿន​ការ​ចាក់​វ៉ាក់សាំង​នេះ ​នាំ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ច្រើន ​ដែល​អាច​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ការ​ប្រឹងប្រែង​ចាក់​វ៉ា់សាំង​នេះ ​ក្នុង​រយៈពេល​យូរ។​

លោកស្រី​វេជ្ជបណ្ឌិត​ Jennifer Huang Bouey​ ជា​អ្នក​ជំនាញ​ខាង​ជំងឺ​ឆ្លង​និង​ជា​អ្នក​ជំនាញ​អំពី​ប្រទេស​ចិន ​នៅ​ឯ​សាជីវ​កម្ម​ RAND។​

លោកស្រី​បាន​និយាយ​ប្រាប់​វីអូអេ​ថា៖​ «ការ​ធ្វើ​ដូច្នេះ​អាច​ឡក​មក​វិញ​ ប្រសិន​បើ​ដំណាក់​ការ​ចាក់​វ៉ាក់សាំង​ប្រញប់​ប្រញាល់​នេះ បណ្តាល​ឱ្យ​មាន​ការ​មិន​ទុកចិត្ត​វ៉ាក់សាំង​នេះ​ នៅ​ពេល​មាន​មនុស្ស​តិច​ជាង​មុន​ចង់​ចាក់​ថ្នាំ​នេះ។​ ការណ៍​នេះ​អាច​បណ្តាល​ឱ្យ​មាន​ការ​ខូចខាត​ធ្ងន់ធ្ងរ​ នៅ​ពេល​មាន​ការ​ព្រមាន​អំពី​ផលវិបាក​នៃ​វ៉ាក់សាំង​នេះ​ ដោយ​សារ​ការ​សាកល្បង​ប្រញាប់​ប្រញាល់»។​

រូបឯកសារ៖ អ្នកពិសោធន៍វេជ្ជសាស្ត្រម្នាក់កំពុងធ្វើការពិសោធន៍លើវីរុសកូរ៉ូណា នៅទីស្នាក់ការឱសថសាស្ត្ររបស់ក្រុមហ៊ុន Johnson & Johnson ប្រចាំទីក្រុង Beerse ប្រទេសបែលហ្សិក កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២០។
រូបឯកសារ៖ អ្នកពិសោធន៍វេជ្ជសាស្ត្រម្នាក់កំពុងធ្វើការពិសោធន៍លើវីរុសកូរ៉ូណា នៅទីស្នាក់ការឱសថសាស្ត្ររបស់ក្រុមហ៊ុន Johnson & Johnson ប្រចាំទីក្រុង Beerse ប្រទេសបែលហ្សិក កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២០។

វ៉ាក់សាំង​ភាគ​ច្រើន​គ្មាន​ជោគជ័យ​ទេ​

នៅ​ពេល​បច្ចុប្បន្ន​នេះ មាន​វ៉ាក់សាំង​ចំនួន ​៤២ ​ប្រភេទ ​ដែល​កំពុង​ត្រូវ​ធ្វើ​តេស្ត​លើ​មនុស្ស។ វ៉ាក់សាំង​ចំនួន ​១១ ​ប្រភេទ ​ក្នុង​បណ្តា​វ៉ាក់សាំង​ទាំង​នេះ​ បាន​ត្រូវ​ផលិត​ដោយ​ក្រុមហ៊ុន​ចិន។​

ក្រុម​ប្រឹក្សា​អាមេរិកាំង​ខាង​វិទ្យាសាស្ត្រ​និង​សុខភាព ​ដែល​ជា​អង្គការ​ស្រាវជ្រាវ​និង​សិក្សា​អប់រំ​ ឲ្យ​ដឹង​ថា វ៉ាក់សាំង​បង្ការ​ជំងឺ​ឆ្លង​ក្នុង​ការ​សាក​ល្បង​ខាង​គ្លីនិក​ មាន​អត្រា​ជោគជ័យ​តែ ​៣៣,៤%​ ប៉ុណ្ណោះ​ដែល​មាន​ន័យ​ថា វ៉ាក់សាំង​ភាគ​ច្រើន​ដែល​ចូល​ក្នុង​ដំណាក់​កាល​សាកល្បង​ខាង​គ្លីនិក​ នឹង​មិន​មាន​ជោគជ័យ​ទេ។​

ប្រទេស​ចិន​បាន​និយាយ​អះអាង​ថា រហូត​មក​ដល់​ពេល​នេះ​ គ្មាន​ប្រតិកម្ម​មិន​ល្អ​ ក្នុង​ចំណោមក្រុមមនុស្ស​ដែល​បាន​ចាក់​វ៉ាក់សាំង​ទាំង​នេះ​ទេ។​

លោក ​Zhou Song ​ដែល​ជា​ប្រធាន​ទីប្រឹក្សា​ខាង​ច្បាប់​របស់​ក្រុមហ៊ុន​ CNBG​ បាន​និយាយ​ថា៖​«មនុស្ស​រាប់​ម៉ឺន​នាក់​ដែល​បាន​ចាក់​វ៉ាក់សាំង​ទាំង​នេះ​ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​និង​តំបន់​ មាន​ជំងឺ​កូវីដ១៩។ ​រហូត​មក​ដល់​ពេល​នេះ ​គ្មាន​នរណា​ម្នាក់​បាន​ឆ្លង​ជំងឺ​នេះ​ទេ​ ហើយ​នោះ​បង្ហាញ​ថា ​វ៉ាក់សាំង​ទាំង​នេះ​មាន​ប្រសិទ្ធ​ភាព»។​

មាន​វ៉ាក់សាំង​ចំនួន​ ១១ ​ប្រភេទ​ ស្ថិត​ក្នុង​ដំណាក់​កាល​ទី​៣ នៃ​ការ​សាកល្បង​ហើយ​វ៉ាក់សាំង​ចំនួន ​៤​ ក្នុង​បណ្តា​វ៉ាក់សាំង​ទាំង​នេះ ​ផលិត​ដោយ​ប្រទេស​ចិន។ ​ទោះណា​ជា​ដំណាក់​កាល​ទី​៣ ​ជា​ដំណាក់​កាល​ចុង​ក្រោយ​ក៏​ដោយ​ ក៏​ការណ៍​នេះ​មិន​មែន​មាន​ន័យ​ថាប្រាកដ ជា​មាន​ជោគជ័យ​ដែរ។​

ការ​សិក្សា​ស្រាវជ្រាវ​មួយ​ដោយ​រដ្ឋបាល​ម្ហូប​អាហារ​និង​ឱសថ​សហរដ្ឋអាមេរិក ​កាល​ពី​ឆ្នាំ ​២០១៧​ បាន​រក​ឃើញ​ថា វ៉ាក់សាំង​ដែល​មាន​លទ្ធផល​ល្អ​ក្នុង​ដំណាក់​កាល​ទី​២ ​ក៏​អាច​គ្មាន​ជោគជ័យ​បាន​ដែរ។

​ក្នុង​បណ្តា​វ៉ាក់សាំង​ចំនួន ​២២ ​ប្រភេទ ​ក្នុង​ដំណាក់​កាល​សាកល្បង​ទី​៣ ​ដែល​ពួក​អ្នក​វិទ្យាសាស្ត្រ​បាន​សិក្សា​ស្រាវជ្រាវវ៉ាក់សាំង​ចំនួន ​១៤ ​ប្រភេទ ​មិន​បាន​បង្ហាញ​ប្រសិទ្ធ​ភាព​នៃ​ផលិត​កម្ម​នេះ​ ដែល​បាន​រក​ឃើញ​ក្នុង​ដំណាក់​កាល​ទី​២ ​នៃ​ការ​សាកល្បង​ទេ។ ​វ៉ាក់សាំង​មួយ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​នេះ​មាន​បញ្ហា​សុវត្ថិភាព ​ដែល​បាន​ត្រូវ​បង្ហាញ​ក្នុង​ដំណាក់​កាល​សាកល្បង​ទី​បី។​

លោក​វេជ្ជបណ្ឌិត ​Charles Holmes​ ជា​នាយក​មជ្ឈមណ្ឌល​បញ្ចូល​របៀប​ថ្មី​ក្នុង​សុខភាព​សាកល​នៃ​សាកល​វិទ្យាល័យ ​Georgetown។​

លោក​បាន​និយាយ​ប្រាប់​វីអូអេ​ថា៖​ «ប្រសិន​បើ​វ៉ាក់សាំង​នេះ​មិន​បាន​ការពារ​ខ្លាំង​ក្លា​ប្រឆាំង​នឹង​វីរុស​ទេ វា​នាំ​ឱ្យ​មនុស្ស​ច្រើន​នាក់​មាន​គ្រោះថ្នាក់ ​ដោយសារ​ថ្នាំ​មិន​ចាំបាច់ ​ហើយ​ប្រហែល​នាំ​ឱ្យ​មនុស្ស​មាន​ការ​ទុក​ចិត្ត​ខុស​ថា ពួក​គេ​មាន​ការពារ​ប្រឆាំង​នឹង​វីរុស​នេះ​ ហើយ​ដែល​នាំ​ឱ្យ​អន្តរាយ​ដល់​សុខភាព​សាធារណៈ​ថែម​ទៀត»។​

រូបឯកសារ៖ នៅក្នុង​រូបភាព ដកស្រង់​ចេញ​ពី​វីដេអូ ដែល​ផ្តល់​ឲ្យ​ដោយ​បណ្តាញ​ទូរទស្សន៍ VTV បង្ហាញ​អំពី​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចិន លោក Wang Yi ថ្លែង​នៅក្នុង​កិច្ចប្រជុំ​តាម​អ៊ិនធឺរណេត​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន កាលពី​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០។
រូបឯកសារ៖ នៅក្នុង​រូបភាព ដកស្រង់​ចេញ​ពី​វីដេអូ ដែល​ផ្តល់​ឲ្យ​ដោយ​បណ្តាញ​ទូរទស្សន៍ VTV បង្ហាញ​អំពី​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចិន លោក Wang Yi ថ្លែង​នៅក្នុង​កិច្ចប្រជុំ​តាម​អ៊ិនធឺរណេត​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន កាលពី​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០។

ការ​ឈោង​ដៃ​របស់​រដ្ឋាភិបាល​ប៉េកាំង​ទៅ​រក​ពិភពលោក​

ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​ទៀត​នេះ ​ពិភព​លោក​នឹង​មាន​វ៉ាក់សាំង​ដំបូងៗ​ប្រឆាំង​នឹង វីរុស​កូរ៉ូណា​ ​ពីព្រោះ​គេ​រំពឹង​ថា ដំណាក់​កាល​សាកល្បង​ទី៣ ​ខ្លះ​នឹង​ធ្វើ​ចប់​សព្វ​គ្រប់​ នៅ​ខែ​វិច្ឆិកា។​

នៅ​ពេល​នេះ​ ប្រទេស​ចិន​មាន​វ៉ាក់សាំង​ច្រើន​ជាង​គេ​ក្នុង​ដំណាក់​កាល​នៃ​សាកល្បង​ចុង​ក្រោយ ហើយ​បាន​ប្រើ​ការ​រក​ឃើញ​វ៉ាក់សាំង​ទាំង​នេះ​ ដើម្បី​លើក​តម្កើង​គោល​ជំហរ​ខ្លួន ​ក្នុង​ពិភពលោក​ផង​ដែរ។​

នៅ​ពេល​នេះ ក្រុម​អ្នក​ផលិត​វ៉ាក់សាំង​ចិន ​ធ្វើការ​ជា​មួយ​ប្រទេស​ជាង ​៤០ ហើយ​កំពុង​ធ្វើ​ការ​សាកល្បង​ខាង​គ្លីនិក​ជា​មួយ​ប្រទេស​យ៉ាង​តិច​ណាស់​ចំនួន ​១០។​

កាល​ពី​ពេល​ថ្មីៗ​នេះ ​រាជាណាចក្រ​អេមីរ៉ាតអារ៉ាប់រួម​ បាន​យល់​ព្រម​ប្រើ​វ៉ាក់សាំង​ចិន​មួយ​ សម្រាប់​ចាក់​គ្រា​មាន​អាសន្ន​ ដែល​ធ្វើ​ឲ្យ​ប្រទេស​ចិន​ឱ្យក្លាយ​ទៅ​ជា​ប្រទេស​ទី​២ ​ដែល​បាន​ទទួល​ការ​យល់ព្រម​ឱ្យ​បញ្ជូន​វ៉ាក់សាំង​កូវីដ១៩ ​ទៅ​ប្រទេស​ក្រៅ។​

តាម​រយៈ​កម្មវីធី​និង​វេទិកា​នានា ​ដូចជា​កម្មវិធី​ផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម​របស់​រដ្ឋាភិបាល​ប៉េកាំង ​និង​វេទិកា​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ រដ្ឋាភិបាល​ប៉េកាំង​បាន​ផ្តល់​អាទិភាព​ថា ​នឹង​ផ្តល់​វ៉ាក់សាំង​ច្រើន​ដូស​ឱ្យ​ប្រទេស​រាប់​សិប។ ​ក្រុម​មន្ត្រី​នានា​ក៏​បាន​និយាយ​អះអាង​ដែរ​ថា ក្រុមហ៊ុន​ផលិតវ៉ាក់សាំង​នៃ​ប្រទេស​ទាំង​នោះ​ ក៏​បង្កើន​ការ​ផលិត​ដែរ។​

លោក ​Zheng Zhongwei​ ជា​នាយក​នៃ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​វិទ្យាសាស្ត្រ​និង​បច្ចេក​វិជ្ជា​នៃ​គណៈ​កម្មការ​សុខភាព​ជាតិ។ ​លោក​បាន​និយាយ​ប្រាប់​សន្និសីទ​កាសែត​មួយ​ កាល​ពី​ថ្ងៃសុក្រ ​ទី ​២៥ ខែ​កញ្ញា​ ថា៖​ «នៅ​ឆ្នាំ​ក្រោយ​សមត្ថភាព​ផលិត​ប្រចាំ​ឆ្នាំ​របស់​យើង ​នឹង​ឡើង​ដល់​ ១ ​ពាន់​លាន​ដូស»។​

ទោះ​ណា​ជា​ រដ្ឋាភិបាល​ប៉េកាំង​និយាយ​អះអាង​អំពី​សមត្ថភាព​ក្នុង​ការ​ផលិត​និងផ្តល់​វ៉ាក់សាំង​ទាំង​នេះ​ក៏​ដោយ ក៏​ក្រុម​អ្នក​ជំនាញ​ព្រមាន​ថា ​ប្រទេស​ចិន​មិន​ប្រាកដ​ជា​នាំ​មុខ​គេ ​ក្នុង​ការ​ប្រកួត​ប្រជែង​ផលិត​វ៉ាក់សាំង​សាកល​ទេ។​

លោកស្រី​វេជ្ជបណ្ឌិត​ Jennifer Huang Bouey ​ជា​អ្នក​ជំនាញ​ខាង​ជំងឺ​ឆ្លង​និង​ជា​អ្នក​ជំនាញ​អំពី​ប្រទេស​ចិន​ នៅ​ឯ​សាជីវកម្ម​ RAND ​បានថ្លែង​ថា៖​ «នៅ​មុន​ដំណាក់​កាល​សាកល្បង​ទី​៣ ​ចប់​សព្វ​គ្រប់​ ហើយ​ឈានចូល​ដល់​ដំណាក់​កាល​ផលិត​កម្ម ប្រទេស​ដែល​មាន​វ៉ាក់សាំង​ អាច​នឹង​មាន​ជោគជ័យ​ស្មើ​គ្នា»។​

លោក​ Gostin ​ដែល​ជា​នាយក​នៃ​មជ្ឈមណ្ឌល​សហ​ប្រតិបត្តិការ​ ខាង​ច្បាប់​ជាតិ​និង​សុខភាព​សាកល​របស់​អង្គការ​សុខភាព​ពិភពលោក​ ដែរ​នោះ​បាន​និយាយ​ថា ប្រទេស​ចិន​និងបណ្តា​ប្រទេស​ដៃ​គូ​របស់​ចិន ​បាន​ធ្វើ​ឲ្យ​មនុស្ស​ច្រើន​ក្រាស់​ក្រែល​ប្រឈម​គ្រោះថ្នាក់​ ដោយ​ការ​ប្រើ​វ៉ាក់សាំង​ទាំង​នេះ​នៅ​មុន​មាន​ការ​សាកល្បង​កម្រិត​ធំ​ ដែល​បញ្ជាក់ថា​ថ្នាំ​មិន​បង្ក​គ្រោះថ្នាក់។​

លោក​ Gostin​ បាន​មាន​ប្រសាសន៍​ថា៖​ «ប្រទេស​ចិន​ប្រឹង​ប្រែង​ទាញ​យក​អត្ថ​ប្រយោជន៍​ពី​ប្រទេស​ឯ​ទៀតៗ​ ដោយ​យក​ចំណេញ​ខាង​នយោបាយ ​ឬ​អត្ថប្រយោជន៍​ខាង​ពាណិជ្ជ​កម្ម​ជា​ថ្នូរ​នឹង​វ៉ាក់សាំង»។​

នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ ក្រុមហ៊ុន ​Sinovac Biotech ​របស់ចិន​ បាន​សន្យា​ថា នឹង​ជួយ​ក្រុមហ៊ុន​ Bio Farma​ ដែល​ជា​ក្រុមហ៊ុន​ផលិត​ឱសថ​របស់​រដ្ឋ​ឥណ្ឌូនេស៊ី​ ឱ្យ​ផលិតវ៉ាក់សាំង​របស់​ខ្លួន​យ៉ាង​តិច​ណាស់​ ៤០​ លាន​ដូស​ នៅ​មុន​ខែ​មីនា ​ឆ្នាំ ​២០២១។​

លោក​ Muhammad Zulfikar Rakhmat​ ជា​សាស្ត្រាចារ្យ​នៅ​ឯ​សាកល​វិទ្យាល័យ Universitas Islam Indonesia​ ដែល​ស្រាវជ្រាវ​អំពី​គោល​នយោបាយ​ការ​បរទេស​របស់​ប្រទេស​ចិន​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។ ​លោក​បាន​និយាយ​ប្រាប់​វីអូអេ​តាម​អ៊ីមេល​ថា នៅ​ពេល​នេះ​ មាន​ការ​យក​ចិត្ត​ទុកដាក់​តិច​តូច​ពី​សាធារណ​ជន ​អំពី​គ្រោះថ្នាក់​នៃ​ការ​ចាក់​វ៉ាក់សាំង​សាកល្បង​នេះ។​

លោក​ Muhammad Zulfikar Rakhmat​ បាន​និយាយថា៖​«ការ​ខ្វល់ខ្វាយ​ភាគ​ច្រើន ​គឺ​អំពី​ថា​ តើ​វ៉ាក់សាំង​នេះ​បាន​ការ​ ឬ​មិន​បាន​ការ​ និង​អំពី​ថា​ តើ​ជនជាតិ​ឥណ្ឌូនេស៊ី​គ្រាន់តែ​ជា​ក្រុមមនុស្ស​សម្រាប់​សាកល្បង​វ៉ាក់សាំ​នេះ​តែ​ប៉ុណ្ណោះ​ ឬ​បែប​ណា៕​

ប្រែសម្រួល​ដោយ​លោក​ឈឹម សុមេធ

XS
SM
MD
LG