មួយសប្តាហ៍ក្រោយមក បន្ទាបពីចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ឡើងដល់ជាង ១ លាននាក់ ករណីឆ្លងជំងឺនេះនៅលើពិភពលោកបានកើនដល់ជាង ៣៥ លានករណី។ នេះបើយោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins របស់សហរដ្ឋអាមេរិក។
ប្រទេសជាច្រើននៅទ្វីបអឺរ៉ុបបានឈានដល់ដំណាក់កាលសំខាន់ថ្មីនៃការរាតត្បាតនៃជំងឺនេះ ដោយប្រទេសអាល្លឺម៉ង់បានរាយការណ៍នៅថ្ងៃច័ន្ទនេះថា ខ្លួនមានករណីឆ្លងទាំងអស់ជាង ៣ សែនករណី ហើយចក្រភពអង់គ្លេសមាន ៥ សែនករណី។
ក្រុមហ៊ុន Cineworld របស់ចក្រភពអង់គ្លេសដែលជាក្រុមហ៊ុនរោងភាពយន្តធំទី ២ នៅលើពិភពលោក បានប្រកាសនៅថ្ងៃច័ន្ទនេះថា ខ្លួននឹងបិទរោងភាពយន្តរបស់ខ្លួនបណ្ដោះអាសន្ននៅចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិក។
បទបញ្ជានិងការរឹតត្បិតសកម្មភាពសង្គមដោយសារជំងឺកូវីដ១៩ ដែលដាក់កំហិតលើការប្រមូលផ្តុំជាក្រុម បានធ្វើឲ្យប៉ះពាល់ខ្លាំងដល់ឧស្សាហកម្មភាពយន្ត។ ក្រុមហ៊ុន Cineworld បានបញ្ជាក់ថា វិធានការនៃការបិទបណ្ដោះអាសន្នរបស់ខ្លួននេះ នឹងធ្វើឲ្យប៉ះពាល់ដល់ការងារចំនួន ៤៥.០០០ ការងារ។
ដើម្បីឆ្លើយតបទៅនឹងការបាត់បង់ការងារកាន់តែខ្លាំងឡើងនេះ រដ្ឋាភិបាលអង់គ្លេសនៅថ្ងៃច័ន្ទនេះ បានចាប់ផ្តើមអនុវត្តកម្មវិធីដែលមានទឹកប្រាក់ ៣០០ លានដុល្លារ ដែលមានគោលបំណងជួយឲ្យមនុស្សមានការងារធ្វើវិញ។
នៅក្នុងប្រទេសនូវែលហ្សេឡង់ អ្នកស្រីនាយករដ្ឋមន្ត្រី Jacinda Ardern បាននិយាយនៅថ្ងៃច័ន្ទនេះថា ការរឹតត្បិតនៅក្នុងទីក្រុង Auckland នឹងត្រូវដកចេញនៅថ្ងៃពុធខាងមុខនេះ។
នៅក្នុងប្រទេសបារាំងដោយចាប់ផ្តើមពីថ្ងៃអង្គារស្អែកទៅ រង្គសាលនៅក្នុងទីក្រុងប៉ារីសនឹងត្រូវបិទរយៈពេល ២ សប្តាហ៍ ហើយភោជនីយដ្ឋាននឹងចាប់ផ្តើមប្រើពិធីការអនាម័យថ្មី។ នេះបើតាមការបញ្ជាក់របស់ការិយាល័យរបស់នាយករដ្ឋមន្ត្រីបារាំង។
កាលពីថ្ងៃអាទិត្យម្សិលមិញ ប្រទេសបារាំងបានរាយការណ៍ថា មានករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ចំនួន១២.៥៦៥ ករណី ហើយអ្នកជំងឺកូវីដ១៩ ចំនួន ៨៩៣ នាក់ បានចូលព្យាបាលនៅកន្លែងព្យាបាលបន្ទាន់ដិតដល់ក្នុងមន្ទីរពេទ្យក្នុងពេលមួយសប្តាហ៍កន្លងមក៕