កាលពីថ្ងៃសៅរ៍ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅប្រទេសឥណ្ឌាបានកើន ឡើងដល់ចំនួន ១ សែននាក់។ ទោះជាយ៉ាងណាក៏ដោយ ក៏ក្រុមមន្ត្រីសុខាភិបាលសាធារណៈនិយាយថា ពួកគេសង្ស័យថា តួលេខអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ អាចមានច្រើនជាងនេះ ដោយសារតែឥណ្ឌាមានការលំបាកក្នុងការកត់ត្រារាល់ចំនួនអ្នកស្លាប់ សូម្បីតែនៅមុនការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩។
សហរដ្ឋអាមេរិកមានចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ជាង ២ សែន ៨ ម៉ឺន នាក់ ដែលជាចំនួនច្រើនជាងគេបង្អស់នៅក្នុងពិភពលោក។ ចំណែកប្រទេសប្រេស៊ីល មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួនជិត ១ សែន ៥ ម៉ឺននាក់ ដែលជាចំនួនច្រើនបំផុតលំដាប់ទី២ ហើយប្រទេសឥណ្ឌាស្ថិតនៅលំដាប់ទី៣។
បណ្ដាប្រទេសនានានៅទូទាំងពិភពលោកបន្ដជួបការលំបាក ក្នុងការបញ្ឈប់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងការដាក់កំហិតទៅលើសកម្មភាពរបស់ពលរដ្ឋខ្លួន ដើម្បីទប់ស្កាត់កុំឲ្យឆ្លងជំងឺនេះ។
រដ្ឋធានីម៉ាឌ្រីត (Madrid) នៃប្រទេសអេស៉្បាញ បានចាប់ផ្ដើមបិទសកម្មភាពសង្គមមួយចំនួន កាលពីយប់ថ្ងៃសុក្រ ដើម្បីព្យាយាមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។
ខណៈដែលការបិទសកម្មភាពសេដ្ឋកិច្ច និងសង្គម ត្រូវបានបញ្ជាដោយរដ្ឋាភិបាលអេស៉្បាញ មេដឹកនាំរដ្ឋធានីម៉ាឌ្រីត បានប្រឆាំងនឹងការហាមឃាត់នេះ ដោយដាក់ពាក្យបណ្ដឹងទៅតុលាការ ដោយអះអាងថា យន្ដការហាមឃាត់នេះនឹងកាន់តែសេដ្ឋកិច្ចរដ្ឋធានីនេះធ្លាក់ចុះថែមទៀត។
សហភាពអឺរ៉ុបកំពុងតែកើនឡើងនូវចំនួនករណីឆ្លងជំងឺកូវីដ១៩ ជាប្រចាំ ដែលប្រទេសអេស៉្បាញមានករណីឆ្លងប្រមាណចំនួន ៣០០ ករណី ក្នុងចំណោមពលរដ្ឋចំនួន ១ សែននាក់។ ប៉ុន្តែអត្រាឆ្លងមានចំនួនទ្វេដងនៅក្នុងតំបន់ម៉ាឌ្រីត ដែលមានរហូតដល់ជាង ៧៨០ ករណីក្នុងចំណោមពលរដ្ឋ ១ សែននាក់។
ចំណែកឯនៅចក្រភពអង់គ្លេសឯណោះវិញ សាកលវិទ្យាល័យមួយទៀត គឺសាកលវិទ្យាល័យ Northumbria កំពុងមានការឆ្លងរាតត្បាតជំងឺកូវីដ១៩ ខ្លាំងក្លា។ សាកលវិទ្យាល័យនេះបានឲ្យដឹងកាលពីថ្ងៃសុក្រថា និស្សិតយ៉ាងហោចណាស់ចំនួន ៧៧០ បានធ្វើតេស្តឃើញមានជំងឺកូវីដ១៩។ ឥឡូវនេះ និស្សិតទាំងនោះកំពុងស្ថិតនៅដាច់ដោយឡែកពីគេ។
ការឆ្លងរាតត្បាតជំងឺកូវីដ១៩ បានកើតឡើងនៅតាមសាកលវិទ្យាល័យមួយចំនួនក្នុងចក្រភពអង់គ្លេស កាលពីប៉ុន្មានសប្ដាហ៍មុននេះ ខណៈដែលករណីឆ្លងកាន់តែកើនឡើងខ្លាំងនៅទូទាំងប្រទេស។
រដ្ឋាភិបាលអង់គ្លេសបានរាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៦.៩៦៨ ករណីកាលពីថ្ងៃសុក្រ ដែលជាចំនួនករណីឆ្លងខ្ពស់ជាងកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែទាបជាងចំនួនករណីឆ្លងកាលពីថ្ងៃអង្គារ ដែលជាចំនួនខ្ពស់បំផុតរហូតដល់ ៧.១៤៣ ករណី៕