អគ្គលេខាធិការអង្គការសុខភាពពិភពលោក WHO កាលពីថ្ងៃសុក្របានថ្លែងប្រាប់ក្រុមប្រឹក្សាភិបាលនៃអង្គការអន្តរជាតិនេះថា WHO នៅខ្វះថវិកាចំនួន៩០០លានដុល្លារដើម្បីអាចឆ្លើយតបនឹងវិបត្តិរាតត្បាតជាសាកលនៃជំងឺកូវីដ១៩បាន។
អគ្គលេខាធិការ WHO លោក Tedros Adhanom Ghebreyesus បានថ្លែងយ៉ាងដូច្នេះនៅពេលលោកសរុបការងារប្រយុទ្ធនឹងកូវីដ១៩ នៅក្នុងកិច្ចប្រជុំតាមអនឡាញដំបូងឲ្យក្រុមប្រឹក្សាភិបាលរបស់ WHO ដែលទើបបានជ្រើសរដ្ឋមន្ត្រីសុខាភិបាលឥណ្ឌាធ្វើជាប្រធាន។
លោក Tedros បញ្ជាក់ថាមកទល់នឹងពេលនេះ អង្គការសុខភាពពិភពលោកបានផលិតបណ្តុំឯកសារណែនាំនិងឯកសារបច្ចេកទេសនានាអំពីជំងឺកូវីដ១៩សរុបជិត១០០ឯកសារ។ លោកថា WHO ក៏បានធ្វើសន្និសីទសារព័ត៌មានជាង៥០ដង និងធ្វើការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Facebook Google និង Instagram ដើម្បីប្រឆាំងនឹងព័ត៌មានក្លែងបន្លំទាក់ទងនឹងការរាតត្បាតនៃវីរុសកូរ៉ូណា។
លោកថាចាប់តាំងពីខែកុម្ភៈមក WHO បានធ្វើការជាមួយអ្នកស្រាវជ្រាវ៤០០នាក់ជុំវិញពិភពលោកដើម្បីពិនិត្យមើលការព្យាបាលសាកល្បងចំនួន៧០០កម្មវិធី៕