លោក Scott Morrison នាយករដ្ឋមន្រ្តីអូស្រ្តាលី បាននិយាយកាលពីថ្ងៃសុក្រម្សិលមិញថា ប្រទេសរបស់លោក នឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយ«បណ្តាប្រទេសដែលមានគំនិតដូចគ្នា»ដើម្បីផ្លាស់ប្តូរអង្គការសុខភាពពិភពលោក។
លោកនាយករដ្ឋមន្រ្តី Morison បាននិយាយទៀតថា ថ្វីបើអូស្រ្តាលី បន្តគាំទ្រការងាររបស់ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិនោះ នៅក្នុងតំបន់មហាសាគរប៉ាស៊ីហ្វិកក៏ដោយ អូស្រ្តាលី យល់ស្របជាមួយសហរដ្ឋអាមេរិកថា អង្គការសុខភាពពិភពលោក (WHO) ចាំបាច់ត្រូវតែសើរើពិនិត្យមើលឡើងវិញ។
លោកនាយករដ្ឋមន្រ្តីអូស្រ្តាលី និយាយទៀតថា «អ្វីដែលកើតមានឡើងនៅឯថ្នាក់លើរបស់អង្គការទាំងនោះ ហើយថាតើពួកគេប្រតិបត្តិការយ៉ាងដូចម្តេចនោះ ខ្ញុំគិតថា ចាំ បាច់ត្រូវតែធ្វើការផ្លាស់ប្តូរ។ ហើយអូស្រ្តាលី នឹងបន្តគាំទ្រការផ្លាស់ប្តូរនេះជាមួយ
បណ្តាប្រទេសដែលមានគំនិតដូចគ្នាដែលមានការព្រួយកង្វល់ដូចគ្នា។ អ្វីដែលសហរដ្ឋអាមេរិកសម្រេចនៅទីបញ្ចប់មិនផ្តល់ថវិកាដល់អង្គការនោះ នឹងក្លាយជាបញ្ហាចំពោះអង្គការនោះ។ យើង នឹងចង់ឃើញភាពប្រសើរឡើងនូវការរៀបចំចាត់ចែងនៅអង្គការសុខភាពពិភពលោក (WHO) ហើយយើងនឹងជំរុញឲ្យមានការផ្លាស់ប្តូរនេះ»។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាឲ្យរដ្ឋបាលរបស់លោក បង្កកថវិកាដែលផ្តល់ឲ្យអង្គការសុខភាពពិភពលោក (WHO) ដោយនិយាយថា អង្គការ នេះមិនបានផ្តល់សេចក្តីរាយការណ៍ឲ្យបានគ្រប់គ្រាន់កាលពីដំបូងស្តីពីមេរោគកូរ៉ូណានោះ។
លោកនាយករដ្ឋមន្រ្តី Morrison ក៏បានប្រកាសដែរថា សភា នឹងបើកសម័យប្រជុំរបស់ខ្លួនពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែឧសភា ដើម្បីពិភាក្សាសេចក្តីព្រាងច្បាប់ពាណិជ្ជកម្មនិងសេចក្តីព្រាងច្បាប់ខ្លះទៀតដែលទាក់ទិននឹងមេរោគកូរ៉ូណា។ លោកបាននិយាយ ទៀតថា សម័យប្រជុំផ្សេងទៀតរបស់សភា អាចត្រូវគ្រោងធ្វើឡើងរហូតដល់ខែមិថុនា។
ស្របពេលជាមួយគ្នានេះ ពួកអាជ្ញាធរក្នុងក្រុងស៊ីដនីបានបិទឆ្នេរសមុទ្រ៣កន្លែងសាជាថ្មី បន្ទាប់ពីបានបើកទីតាំងទាំងនេះឡើងវិញឲ្យសាធារណជនសម្រាប់ការហាត់ប្រាណ កាលពីថ្ងៃចន្ទ។ ការបិទនេះធ្វើឡើងបន្ទាប់ពីមនុស្សជាច្រើន មិនអើពើនឹងការណែនាំឲ្យស្ថិតនៅឃ្លាតពីគ្នា៕