ទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍ថា អង្គការសហប្រជាជាតិនឹងបង្កើតមូលនិធិមួយដើម្បីរារាំងការរាលដាលនៃមេរោគកូរ៉ូណា និងជួយឧបត្ថម្ភការព្យាបាលអ្នកជំងឺនៅទូទាំងពិភពលោក។នេះតាមការបញ្ជាក់របស់ប្រទេសន័រវែសកាលពីថ្ងៃចន្ទម្សិលមិញ។
ក្រសួងការបរទេសន័រវែសបានប្រាប់ឲ្យដឹងថា គោលបំណងនៃមូលនិធិនេះគឺជួយប្រទេសកំពុងអភិវឌ្ឍន៍ដែលមានប្រព័ន្ធសុខាភិបាលទន់ខ្សោយនៅក្នុងការឆ្លើយតបដល់វិបត្តិនេះ និងដោះស្រាយផលវិបាករយៈពេលវែង។ អង្គការសហប្រជាជាតិអាចធ្វើការប្រកាសជាផ្លូវការនៅសប្តាហ៍នេះ។
ប្រទេសន័រវែសដែលបានស្នើបង្កើតមូលនិធិនេះមិនបានសន្យាថាតើទឹកប្រាក់ចំនួនប៉ុន្មានដែលខ្លួននឹងដាក់ចូលក្នុងគម្រោងផ្តួចផ្តើមនេះ ដែលមានលក្ខណៈស្រដៀងគ្នានឹងមូលនិធិប្រយុទ្ធប្រឆាំងជំងឺអ៊ីបូឡារបស់អង្គការសហប្រជាជាតិនៅឆ្នាំ២០១៤ដែរ។
លោក Ine Eriksen Soereide រដ្ឋមន្រ្តីការបរទេសន័រវែស បានប្រាប់ទីភ្នាក់ងារព័ត៌ មាន Reuters ថា «យើងចង់ធ្វើឲ្យប្រាកដថា ការខំប្រឹងប្រែងទាំងនេះជាការរួបរួមគ្នាដ៏ឆាប់រហ័សដែលយើងអាចឆ្លើយតបទៅតាមតម្រូវការរបស់ប្រទេសនានា ជាពិសេស បណ្តាប្រទេសក្រីក្រ»។
មនុស្សជិត៣សែន៤ម៉ឺននាក់ បានឆ្លងមេរោគកូរ៉ូណានៅទូទាំងសាកលលោក ហើយមនុស្សជាង១ម៉ឺន៤ពាន់៥រយនាក់បានស្លាប់ ដោយមនុស្សនៅប្រទេស អ៊ីតាលីមានលើសចំនួនមនុស្សស្លាប់នៅក្នុងប្រទេសចិន ជាទីកន្លែងដែលការផ្ទុះឡើងនូវមេរោគនោះបានចាប់ផ្តើម។
នៅទ្វីបអាហ្វ្រិក ប្រទេសអង់ហ្គោឡា ប្រទេសអេរីត្រេ និងប្រទេសអ៊ូហ្គាន់ដាបានបញ្ជាក់ពីករណីឆ្លងមេរោគនោះលើកដំបូង ខណៈដែលប្រទេសអេរីត្រេបានកត់ត្រាមនុស្សស្លាប់ជាលើកដំបូង នៅពេលដែលមេរោគនោះបានរាលដាលទូទាំងទ្វីបនេះ ថ្វីបើមានការខំប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីបញ្ឈប់ការរាលដាលនេះក៏ដោយ។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានអំពាវនាវដល់ប្រទេសអ្នកមានមិនត្រូវគិតតែប្រជាពលរដ្ឋរបស់ខ្លួនទេ ក៏ប៉ុន្តែត្រូវជួយប្រទេសដែលមានការប្រុងប្រៀបតិចតួចក្នុងការទប់ស្កាត់ដោះស្រាយវិបត្តិនេះ៕