មេដឹកនាំនានានៅទ្វីបអឺរ៉ុបកំពុងបង្កើតអង្គការវេជ្ជសាស្ត្រអន្តរជាតិមួយដើម្បីរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ១៩។
នៅក្នុងការប្រកាសរបស់ពួកគេនៅក្នុងកាសែត The Independent ពួកគេបាននិយាយថា ពួកគេធ្វើតាមជំហានរបស់លោក «Louis Pasteur ដែលជាអ្នកវិទ្យាសាស្ត្រដ៏អស្ចារ្យម្នាក់នៅលើពិភពលោក និងជាអ្នកផ្ដួចផ្ដើមគំនិតនៅក្នុងការបង្កើតវ៉ាក់សាំង និងដំណោះស្រាយនានា ដែលបានជួយសង្គ្រោះជីវិតមនុស្សរាប់លាននាក់អស់រយៈពេល ៣ សតវត្សកន្លងមកនេះ»។
ក្រុមមេដឹកនាំទាំងនេះបាននិយាយថា៖ «គោលបំណងរបស់ពួកយើងគឺសាមញ្ញបំផុត» គឺនៅថ្ងៃច័ន្ទស្អែក នឹងរៃអង្គាសថវិកាឲ្យបាន ៨ ពាន់លានដុល្លារ តាមរយៈយុទ្ធនាការរៃអង្គាសថវិកាអនឡាញ ដើម្បីឧបត្ថម្ភដល់ការស្វែងរកវ៉ាក់សាំង និងការព្យាបាលជំងឺកូវីដ១៩។
ក្រុមមេដឹកនាំដែលប្រកាសដូច្នេះនៅក្នុងកាសែត The Independent មានដូចជា នាយករដ្ឋមន្ត្រីអ៊ីតាលីលោក Giuseppe Conte ប្រធានាធិបតីបារាំងលោក Emmanuel Macron អធិការបតីអាល្លឺម៉ង់អ្នកស្រី Angela Merkel ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel នាយករដ្ឋមន្ត្រីន័រវេអ្នកស្រី Erna Solberg និងប្រធានគណៈកម្មការអឺរ៉ុបអ្នកស្រី Ursula von der Leyen។
ក្រុមមេដឹកនាំទាំងនេះបានបញ្ជាក់ថា៖ «រាល់ថវិកាមួយអឺរ៉ូ ឬមួយដុល្លារដែលយើងរួមគ្នារៃអង្គាសបាន នឹងត្រូវបញ្ជូនជាចម្បងតាមរយៈអង្គការសុខាភិបាលសាកលលោកដែលគេទទួលស្គាល់នានាដូចជាអង្គការ CEPI អង្គការ Gavi អង្គការ The Vaccines Alliance អង្គការ Global Fund និងអង្គការ Unitaid ជាដើម ដើម្បីបង្កើត និងចែកចាញឲ្យបានច្រើន និងឆាប់រហ័សតាមតែអាចធ្វើទៅបាននូវការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងវ៉ាក់សាំង ដែលនឹងជួយពិភពលោកទាំងមូលឲ្យយកឈ្នះលើជំងឺកូវីដ១៩»៕